​ភ្នំពេញ៖ ខណៈពេលដែល​កម្ពុជារ​ក្សា​បាន​នូវ​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​អតិផរណា​ទាប​ជាង ១ភាគរយ​គំរូ​សេដ្ឋកិច្ច​តាម​រដូវ​កាល​នៅតែ​បន្ត​មាន​ឥទ្ធិពល​លើ​តម្លៃ​ប្រាក់រៀល ជាពិសេស​ក្នុងអំឡុងពេល​បុណ្យជាតិ និង​កត្ដា​តម្រូវការ​រូបីយប័ណ្ណ​ក្នុង​ស្រុក​ដទៃ​ទៀត​។

ថ្លែង​​ពេល​ចូលរួមក្នុង​កិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹង​​ហិរញ្ញវត្ថុ និងប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ» លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បាន​បង្ហាញ​ពី​​ការសង្កេតរបស់លោក​​។​

រៀបចំដោយ CBC រួមជាមួយក្លឹបអ្នកកាសែត​​កម្ពុជា​ លោក សោ​ភ័​ណ្ឌ បាន​គូសបញ្ជាក់​អំពី​ការប្រែប្រួល​រយៈពេល​ខ្លី​នៃ​ប្រាក់រៀល​ដែល​កើតឡើង​តាម​ការព្យាករណ៍​ក្នុងអំឡុងពេល​ជាក់លាក់​ ដោយសារ​ការប្រែប្រួល​នៃ​តម្រូវការ​។​

លោក បាន​ឱ្យ​ដឹងថា សេដ្ឋកិច្ច​កម្ពុជា​មាន​អតិផរណា​ក្រោម ១ភាគរយ និ​ង​អត្រា​ប្ដូរ​នៅរង្វង់ ៤០០​០រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក។

លោកបានថ្លែងថា​៖ «​ចំណុច​ពីរ​នេះ​ពិត​ជាសំខាន់ ដែល​​វា​មិនសូវ​ប៉ះពាល់​ការ​រស់នៅប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ ដោយ​សារ​ទំនិញ​អត់​ឡើង​ថ្លៃ ការ​ប្ដូរ​ប្រាក់​មិន​ប្រែ​ច្រើន​»។​

លោកបាន​ពន្យល់ថា បើ​ធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ ដែល​លុយ​ដុល្លារ​ឡើង​ថ្លៃ និង​លុយ​របស់​ប្រទេស​នោះ​ធ្លាក់​ចុះ អតិផរណា​ហក់​ឡើង​។ វា​ប្រាកដ​ជា​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​។

អត្រា​ប្ដូរប្រាក់​រវាង​លុយ​រៀល និងដុល្លារ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វា​មិនសូវ​ប្រែប្រួល​ច្រើន​លើសពី​ចន្លោះ​ ៤០០០​រៀល​។

លោក សោភ័ណ បាន​បង្ហាញពី​ការ​អង្កេត​ផ្ទាល់​ខ្លួន​ថា លុយ​រៀល​មាន​កការ​ឡើង​ថ្លៃ​បន្ដិច​នៅ​ពេលវេលា​ជាក់​លាក់​មួយ​ចំនួន​។

លោក​បាន​បញ្ជាក់​ថា៖ «​លុយ​រៀល​ឡើង​ថ្លៃបន្ដិច​អំឡុង​ពេល​នេះ ដោយសារ​ក្រុមហ៊ុនទាំងអស់​​ត្រូវ​បង់​ពន្ធ​ប្រាក់​ចំណេញ ២០​ភាគរយ [ជា​លុយរៀល​]។ នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ តម្រូវការ​លុយ​រៀល​ខ្ពស់ រួម​ទាំងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ នៅពេល​ប្រជាកសិករ​ប្រមូលផល លុយ​ខ្មែរ​ក៏​ស្ទុះ​ហក់​ឡើង​ផងដែរ​»។

យ៉ាងណាមិញ លោក​ សោភ័ណ បាន​អះអាងថា វាជា​ការ​ប្រែ​ប្រួល​តិច​តួច​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ដែល​មិន​មាន​អ្វី​ខុស​ប្រក្រតី​នោះទេ​។ វា​អាច​ប្រែប្រួល​គួរ​ឱ្យ​កត់​សម្គាល់​នៅពេល​លុយ​រៀល​ឡើង​ដល់​ ៣៩០០, ៣៨០០ ឬ ៣៧០០​រៀល​ក្នុង​មួយ​ដុល្លារ។

លោក​បាន​បន្ដថា ផ្ទុយ​ទៅវិញ បើ​សិនបើ​អត្រា​លុយ​ដុល្លារ​ឡើងថ្លៃ​ខ្លាំង វា​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប៉ះពាល់​ច្រើន​​កម្ពុជា​ចរាចរណ៍​ប្រាក់​ដុល្លារ​រហូត​ដល់​ជិត ៩០ភាគរយ​​។ ការ​នាំចេញ​ទំនិញ​មានតម្លៃ​ថ្លៃ ទេសចរ​មក​លេង​កម្ពុជា​ក៏​ត្រូវ​ចំណាយ​ខ្ពស់៕