
កម្មករលើកបង្ហាញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ក្នុងសិប្បកម្មមួយកន្លែងក្នុងខេត្តកំពង់ធំ។ ភ្នំពេញប៉ុស្តិ៍
ផលិតកម្មគ្រាប់ស្វាយចន្ទី(កែច្នៃ)កម្ពុជាបានចាប់ផ្តើមបង្ហាញសក្តានុពលរបស់ខ្លួនលើទីផ្សារអន្តរជាតិ ដោយមានក្រុមហ៊ុនមកពីកោះតៃវ៉ាន់គ្រោងនឹងបញ្ជាទិញក្នុងបរិមាណ ៣ ពាន់តោនសម្រាប់នាំចេញទៅទីផ្សារកោះតែវ៉ាន់។ នេះបើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៨ ខែមីនា លោក ស៊ីឡុត បានឱ្យដឹងថា បន្ទាប់ពីពិនិត្យឃើញសក្តានុពល គុណភាព និងរសជាតិនៃផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់ Ju Hua Chang International Co., Ltd បានបង្ហើបពីគម្រោងក្នុងការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរួច ពីបណ្តាសិប្បកម្ម/រោងចក្រនៅកម្ពុជាក្នុងបរិមាណ ៣ ពាន់តោន សម្រាប់នាំចេញទៅទីផ្សារកោះតៃវ៉ាន់ ខណៈកាលពីសប្តាហ៍មុន ក្រុមហ៊ុនទើបនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃជាង ២តោន (២ ៣១៣គីឡូក្រាម)ទៅទីផ្សារតៃវ៉ាន់ ពីការបញ្ជាទិញពីសហគ្រាសចំនួន ២ នៅកំពង់ធំ និងបន្ទាយមានជ័យ។
លោកបញ្ជាក់ថា នេះជាការបើកផ្លូវដំបូងសម្រាប់គម្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃទៅកោះតៃវ៉ាន់របស់ក្រុមហ៊ុន Ju Hua Chang International Co., Ltd។
លោកបន្តថា សម្រាប់ផែនការបញ្ជាទិញក្នុងបរិមាណ ៣ ពាន់តោននាពេលខាងមុខ គឺពាណិជ្ជករតៃវ៉ាន់ ហ៊ានឱ្យតម្លៃខ្ពស់ជាងបណ្តាពាណិជ្ជករបរទេសដទៃទៀត ហើយព្រមទាំងហ៊ានចុះកិច្ចសន្យាផ្តល់ជាទុនបង្វិល ៥០ភាគរយមុនដើម្បីឱ្យសហគ្រាសផលិត(សិប្បកម្ម/រោងចក្រ)មានថវិកាយកទៅប្រមូលទិញគ្រាប់ឆៅមកស្តុកទុកសម្រាប់កែច្នៃតាមការបញ្ជាទិញរបស់ខ្លួន។
លោកថ្លែងថា៖«សម្រាប់រយៈពេល ៣ ឆ្នាំ គឺក្រុមហ៊ុននេះគ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាក្នុងបរិមាណ ៣ ពាន់តោន ដែលស្មើនឹងប្រហែល ៣០ភាគរយនៃតម្រូវការក្នុងទីផ្សារតៃវ៉ាន់»។
លោកបន្តថា៖«ដោយសារបរិមាណនេះច្រើន ដូច្នេះក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការពីសមាគមស្វាយចន្ទីកម្ពុជាដើម្បីស្វែងរកសហគ្រាសណាដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការតាំងចិត្តខ្ពស់ដើម្បីធ្វើការជាមួយគ្នា»។
បើតាមលោក ស៊ីឡុត រហូតមកដល់ពេលនេះមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣ រួចហើយដែលបានព្រមព្រៀងកែច្នៃគ្រាប់ស្វាយចន្ទីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Ju Hua Chang International Co., Ltd។ លោកអះអាងថា៖«យើងរំពឹងថា នឹងអាចមានសិប្បកម្ម/រោងចក្របន្ថែមទៀតយល់ព្រមជាមួយក្រុមហ៊ុន Ju Hua Chang International Co., Ltd ដើម្បីកែច្នៃ និងលក់ទៅឱ្យក្រមហ៊ុនតាមតម្រូវការ»។
បើតាមលោក អួន ស៊ីឡុត នៅលើទីផ្សារតៃវ៉ាន់ តម្រូវការគ្រាប់ស្វាយចន្ទីកែច្នៃមានបរិមាណប្រហែល ១០ ០០០តោន ក្នុង ១ឆ្នាំ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីកែច្នៃដាក់លក់នៅលើទីផ្សារតែវ៉ាន់ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងឥណ្ឌា។
បច្ចុប្បន្នក្រៅពីក្រុមហ៊ុន Ju Hua Chang International Co., Ltd ក៏មានក្រុមហ៊ុនអង់គ្លេសមួយបានបញ្ជាទិញគ្រាប់កែច្នៃពីសិប្បកម្មនៅខេត្តស្ទឹងត្រែង ដោយគ្រោងនឹងនាំចេញក្នុងខែឧសភា ខាងមុខក្នុងបរិមាណ ៥០០តោន។ ដោយឡែកក៏មានក្រុមហ៊ុនជប៉ុនបានប្រកាសទិញគ្រាប់ស្វាយចន្ទីចំនួន ៤០០តោនពីសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ធំ ផងដែរ។
ទោះយ៉ាងណាលោកបញ្ជាក់ថា៖«អ្វីដែលជាបញ្ហានាពេលនេះ គឺយើង(កម្ពុជា)បារម្ភថាមិនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីទៅតាមការចង់បានពីសំណាក់ក្រុមហ៊ុនបញ្ជាទិញ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ នេះទិន្នផលគ្រាប់ស្វាយចន្ទីដែលប្រជាកសិករខ្មែរប្រមូលបាន គឺបានធ្លាក់ចុះច្រើនដោយសារតែកត្តាអាកាសធាតុមិនសូវអំណោយផល»។
ការធ្លាក់ចុះទិន្នផលនេះ ក៏បានជំរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទី(ឆៅ) ក្នុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ កើនឡើងខ្ពស់ជាងបណ្តាលឆ្នាំកន្លងមកផងដែរ។ នេះបើតាមលោក ស៊ីឡុត។
យោងតាម លោក ស៊ីឡុត គិតរហូតដល់ពេលនេះកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗមិនមានផលិតកម្មពេញ ១ឆ្នាំឡើយ។
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា សម្រាប់ទិន្នផលគ្រាប់ស្វាយចន្ទីឆៅ(មិនទាន់កែច្នៃ) ដែលប្រមូលបានក្នុងឆ្នាំ ២០២៤ គឺមាន ៨៥០ ០០០តោន ក្នុងនោះការនាំចេញគ្រាប់ឆៅទៅក្រៅប្រទេសមានចំនួន ៨១៥ ០០០តោន កើនឡើង ២១ ភាគរយបើធៀបនឹងឆ្នាំ២០២៣។
បើគិតជាប្រាក់ គឺមានប្រមាណ ១,១៥ ពាន់លានដុល្លារ កើនឡើង ២៦,១៥ភាគរយ។ ដោយសារមិនមានទុនបង្វិល និងសិប្បកម្មកែច្នៃគ្រាប់គ្រាន់ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រទេសវៀតណាម ក្នុងបរិមាណប្រហែល ៧៩៥ ០០០ តោន ឬស្មើនឹង ៩៧,៥៤ ភាគរយនៃបរិមាណការនាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបរបស់កម្ពុជា។
នៅកម្ពុជាបច្ចុប្បន្នអាចមានផ្ទៃដីដាំដុះស្វាយចន្ទីប្រហែល ៧០០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ៥៨០ ១១៧ ហិកតា ក្រៅពីនោះជាផ្ទៃដីដាំដុះថ្មី។
ស្វាយចន្ទីមានដាំនៅស្ទើគ្រប់ខេត្ត ប៉ុន្តែភាគច្រើននៅក្នុងខេត្តកំពង់ធំ ក្រចេះ រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា៕