រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​​ លោកស្រី ចម និម្មល បាន​លើក​ឡើង​ថា ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម​(TPR) គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការបង្ហាញពីវឌ្ឍនភាពចុងក្រោយលើគោលនយោបាយ ​ការអនុវត្ត និងការប្តេជ្ញាចិត្តផ្សេងទៀតដែលកម្ពុជា​បានធ្វើ​ក្នុងនាមជាសមាជិកអង្គការ​ពាណិជ្ជកម្ម​ពិភពលោក(WTO)។

នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី ចម និម្មល ​ក្នុង​កិច្ច​ប្រជុំស្តីពី«ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី ៣» នៅទីស្នាក់ការអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្នុង​ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាល​ពី​ថ្ងៃ​ទី​២៧ ខែមីនា។​

ក្នុង​វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម​ Meta របស់ WTO នៅថ្ងៃទី ២៨ ខែមីនា លោកស្រី​​រដ្ឋមន្ត្រី​អះអាង​​ថា គោលនយោបាយពាណិជ្ជកម្ម​(TPR)របស់​កម្ពុជា ​ទទួល​បាន​​ចាប់អារម្មណ៍យ៉ាងខ្លាំងពីសមាជិកជាមួយនឹងសំណួរជាលាយលក្ខណ៍អក្សរជាច្រើន ក៏ដូចជា​សេចក្តីថ្លែងការណ៍ដែលកម្ពុជា​បានទទួល​។

ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម គឺជាវិធីផ្ទាល់​របស់កម្ពុជា​ដែល​​ឆ្លុះបញ្ចាំងលើគោលនយោបាយ និងការអនុវត្តដែលកម្ពុជា​បានធ្វើក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំកន្លង​មកនេះ ហើយក៏ដូចជាអ្វីដែលនឹង​ត្រូវធ្វើសម្រាប់ឆ្ពោះទៅមុខ។

លោកស្រី​​ថ្លែង​ថា៖​«ដូច្នេះវា(គោលនយោបាយពាណិជ្ជកម្ម​​កម្ពុជា)នឹងដើរតួជាកម្លាំងរុញច្រានខាងក្រៅសម្រាប់យើងក្នុងការបន្តសម្លឹងមើលកំណែទម្រង់ ដោយសម្លឹងមើលមធ្យោបាយដែលអាចមានវឌ្ឍនភាពនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ក្នុងនាមជាប្រទេស​មាន​សេដ្ឋកិច្ចតូច វាមានសារៈសំខាន់ខ្លាំងណាស់ដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហខ្លាំង​ផ្អែកលើច្បាប់»។

អគ្គនាយក WTO លោកស្រី Ngozi-Iweala បានសាទរចំពោះកិច្ច​ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មប្រកបដោយជោគជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​លោកស្រី​លើក​ឡើង​ថា សេដ្ឋកិច្ចកម្ពុជា​កំពុងដំណើរការល្អ​ជា​មួយនឹង​​ល្បឿន​លឿនបំផុតមួយ​ក្នុងតំបន់​អាស៊ាន ជាមួយ​នឹង​ការ​រំពឹង​ទុក​ក្នុង​អត្រា​កំណើន​ ៦ភាគរយ​ទៅមុខ។

លោកស្រី​សូម​​លើក​ទឹកចិត្ត​ដល់​ប្រទេស​កម្ពុជាឱ្យ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​សម្រេច​បំណង​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​​។

លោកស្រីបានបន្ថែមថា៖«យើងអាចនិយាយបាន គឺសូមបន្តនៅលើផ្លូវល្អ ដោយ​បន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងរក្សាក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់អ្នកឱ្យរឹងមាំ»។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ខាង​លើ​ ក៏​មាន​ប្រទេស​ជា​សមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើន បាន​ផ្តល់សេចក្តីថ្លែងការណ៍គាំទ្រ និងកោតសរសើរដល់វឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ក្រោយពីកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាល​ពី​ឆ្នាំ ២០០៤ ជាពិសេសអំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូវីដ​១៩ កន្លងទៅ។

បន្ថែម​លើ​នេះ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏បានផ្តល់អនុសាសន៍ចូលរួមដល់ការបន្តធ្វើកំណែទម្រង់ច្បាប់ និងស្ថាប័ន និងការអភិវឌ្ឍន៍វិស័យសំខាន់ៗ​តាមរយៈការបន្តធ្វើឱ្យប្រសើរទ្បើងបន្ថែមនូវបរិយាកាសធុរកិច្ច វិនិយោគ ការធ្វើពិពិធកម្មពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ។

កម្ពុជាធ្លាប់បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាចំនួន ២ លើករួចមកហើយ ចាប់តាំងពីក្លាយជាសមាជិកពេញសិទិ្ធនៃអង្គការ ពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០៤ មក គឺ លើកទី១ ក្នុងឆ្នាំ២០១១ និងលើកទី២ ក្នុងឆ្នាំ ២០១៧។

ឯកសារ​សង្ខេប​អំពី​ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR) នៅអង្គការពាណិជ្ជកម្មពិភពលោក​(WTO) បញ្ជាក់ថា កម្ពុជា គឺជាប្រទេស LDC ដែលបានលេចចេញនូវ​ជោគជ័យគួរឱ្យកត់សម្គាល់អំពីរបៀបនៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និងជាសមាជិក​ភាព WTO ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកាត់បន្ថយភាពក្រីក្រ។

ចាប់តាំងពីការពិនិត្យឡើងវិញ​ក្នុងឆ្នាំ ២០១៧ មក​កម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ ដោយពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់។

ឯកសារ​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេលនេះ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការធ្វើបច្ចុប្បន្នភាព និងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ​។

កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងបន្ត ហើយបានផ្តោតទៅលើការទាក់ទាញវិនិយោគិនបរទេសឱ្យ​ចូល​មក​បណ្តាក់​ទុន​ដោយផ្ទាល់(FDI) ការ​លើកកម្ពស់​បរិយាកាសធុរកិច្ច ការធ្វើពិពិធកម្មការនាំចេញ និងការអភិវឌ្ឍ​វិស័យឧស្សាហកម្ម​ក្នុងចំណោមវិស័យផ្សេងៗទៀត​។

ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបញ្ចប់ការសិក្សាពីស្ថានភាព LDC ដោយមានផែនការបញ្ចប់ដំណើរការនៅឆ្នាំ ២០២៩ ហើយថែមទាំងបានកំណត់គោលដៅក្នុងការសម្រេចបាននូវឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕