អនុប្រធានទី១ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា កម្ពុជា​កំពុងបន្តខិតខំជំរុញការកែលម្អលើ​គ្រប់​វិស័យ​​ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងបង្កើន​សក្តានុពល​ក្នុង​ការ​​ទាក់​ទាញអ្នក​វិនិយោគ​បរទេស​ឱ្យ​​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​​កាន់​តែ​ច្រើន។

ការ​លើក​ឡើង​នេះ​​បាន​ធ្វើ​ឡើងនៅ​​ទីស្តីការ CDC នា​ថ្ងៃទី៣ ខែមីនា ​ក្នុង​ជំនួប​​ពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ច ជាមួយគណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំ​រដ្ឋកាលីហ្វ័រនីញ៉ា។

លោក ចាន់ថុល បាន​លើក​ឡើង​ថា ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​​ប្រទេស​កម្ពុជា​កំពុង​បោះជំហាន​ទៅ​មុខ​កាន់​តែ​ល្អ ពិសេស​ជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ចសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់​។

លោកបន្ត​ថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស CDC បាននិងកំពុងបន្តខិតខំជំរុញការកែលម្អលើ​គ្រប់​ផ្នែក ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។

លោក​បញ្ជាក់ថា ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM) កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​បាន​ចូល​រួម​ជួយ​​សម្រួល​យ៉ាង​ច្រើន​ទៅ​ដល់​វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ ដោយ​គេ​អាច​ធ្វើ​បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

លោក​អះអាង​ថាថា៖​«​កម្ពុជា​មាន​សក្តានុពលវិជ្ជមានជា​ច្រើន​ ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ ផ្ទាល់ ដែល​មាន​ដូច​ជា ​ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, មាន​សុខសន្តិភាព និងស្ថិរភាពនយោបាយល្អ, មាន​លំនឹងម៉ាក្រូសេដ្ឋកិច្ច, មាន​កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង»។

ជាការ​ឆ្លើយតប គណៈប្រតិភូធុរជនរដ្ឋកាលីហ្វ័រញ៉ា ​​បានបង្ហាញ​ការ​​កោតសរសើរ និងសម្តែង​នូវ​ចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ព្រម​ទាំង​បាន​វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជា CDC ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគ។

យោងតាមសមាគមឧកញ៉ាកម្ពុជា ក្រុមហ៊ុនទាំង ២០ ដែល​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា មាន​មក​ពីចម្រុះវិស័យ​ដូចជា កសិកម្ម, អប់រំ, ដឹកជញ្ជូននិងភ័ស្តុភារ, ថាមពល, បច្ចេកវិទ្យាព័ត៌មាន, ទេសចរណ៍និងបដិសណ្ឋារកិច្ច, សេវាកម្មច្បាប់និងពន្ធដារ, សុខាភិបាល, ធនាគារនិងហិរញ្ញវត្ថុ, ធានារ៉ាប់រង, អចលនទ្រព្យ, សំណង់, វិស្វកម្ម, អាហារនិងភេសជ្ជៈ។

អ្នក​សេដ្ឋកិច្ច​នៅ​រាជមព្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៣ ខែ​មីនា​ ថា ដំណើរ​ទស្សនកិច្ច​របស់​​គណៈ​ប្រតិភូ​ប្រតិភូធុរជនរដ្ឋកាលីហ្វ័រញ៉ា មក​កាន់​ប្រទេស​កម្ពុជា​នឹង​ផ្តល់​ផល​វិជ្ជមានសម្រាប់​សេដ្ឋកិច្ចកម្ពុជា ព្រោះ​តិច ឬ​ច្រើន​អ្នក​វិនិយោគ​ទាំង​​នោះ​​បានមក​ឃើញ​ផ្ទាល់​ពី​ភាព​រីក​ចម្រើន​នៅ​កម្ពុជា ក៏​ដូច​ជា​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​លក្ខណៈ​អំណោយផល​នៃ​ច្បាប់​វិនិយោគ​​កម្ពុជា។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះក៏​អាច​មាន​​ក្រុមហ៊ុន​អាមេរិក​ខ្លះ ចាប់​ដៃគូ​សហការ​ជាមួយ​វិនិយោគិន​កម្ពុជា​ដើម្បី​បណ្តាក់​ទុន​រួមគ្នា​ផងដែរ។

លោក​និយាយ​ថា៖​«​ការ​ធ្វើ​ដំណើរ​មកពិនិត្យ​មើលស្ថានភាព និង​ពិភាក្សា​ដោយ​​ផ្ទាល់ គឺ​ប្រាកដ​ជា​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្សព្វផ្សាយ​បន្ត ហេតុ​នេះ​តិច ឬ​ច្រើន គឺ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​។ ការ​បណ្តាក់​ទុន​នៅ​កម្ពុជានឹង​ទទួលបាន​ផល​ចំណេញ​ច្រើន​សម្រាប់​វិនិយោគិន ព្រោះ​កម្ពុជា​មាន​ច្បាប់​វិនិយោគ​អំណោយផល ​មាន​ទីផ្សារ​នាំចេញ​ច្រើនគោល​ដៅ និង​ជា​ពិសេស​កម្ពុជា​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​»៕