
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព» នៅព្រឹកថ្ងៃទី៤ ខែមីនា។ STPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឲ្យធនាគារជាតិនិងស្ថាប័នពាក់ព័ន្ធធ្វើការស្រាវជ្រាវអំពីការចូលរួមរបស់អាជីវកម្មខ្នាតតូចក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកថា កំណើនដែលរដ្ឋាភិបាលបានប៉ាន់ស្មានគឺផ្អែកលើទិដ្ឋភាពម៉ាក្រូ ដែលអាចមិនឆ្លើយតបទៅនិងស្ថានភាពជាក់ស្ដែង ជាពិសេសតាមវិស័យនីមួយៗ។
ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព» នៅព្រឹកថ្ងៃទី៤ ខែមីនានេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា កំណើនសេដ្ឋកិច្ចផ្អែកលើទិដ្ឋភាពម៉ាក្រូ មិនឆ្លើយតបទៅនឹងទិដ្ឋភាពមីក្រូសេដ្ឋកិច្ចនៃវិស័យនីមួយៗនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «ធម្មតាយើងមិនអាចមានសេដ្ឋកិច្ចទាំងអស់ ៦ ភាគរយគ្រប់វិស័យនោះទេ។ មានខ្លះលើស ៦ភាគរយ ខ្លះក្រោម ៦ ភាគរយ។ អីចឹងបានឲ្យសង្កេតមើល ជាពិសេសវិស័យលក់រាយ វិស័យតូចតាចដែលគេហៅថា informal sector ឬ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលពាក់ព័ន្ធនឹងការលក់ដូររបស់ប្រជាពលរដ្ឋ ជីវភាពរបស់ប្រជាពលរដ្ឋ ដែលខ្ញុំបានតាមដានជាប្រចាំ»។
លោកបន្ត តាមការអង្កេតរបស់លោកកន្លងទៅមានហាងខ្លះបានបិទ ប៉ុន្តែចុងក្រោយនេះបានបើកឡើងវិញជាបន្តបន្ទាប់។ ការបើកឡើងវិញនេះ អាចមិនត្រូវបានយកមកសិក្សា ហើយការព្យាករកំណើនប្រចាំឆ្នាំមិនឆ្លើយតបនឹងទិន្នន័យនៃអត្រានៃកំណើនជាក់ស្ដែង។
លោកថា៖ «បើយើងចង់បានទៅលើគោលដៅណាពិតប្រាកដ ហើយច្បាមយកឲ្យបាន។ នេះជាកិច្ចការសំខាន់ក្នុងការប្រមូលទិន្នន័យ វិភាគ ស្រាវជ្រាវ និងពិគ្រោះយោបល់ជាមួយតួអង្គនោះផ្ទាល់។ កុំយកទិន្នន័យនៅក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល ហើយទៅវាយតម្លៃពីសតិអារម្មណ៍និងការចង់បានរបស់វិស័យសេវាកម្ម គឺត្រូវតែចុះស្ទាបស្ទង់មតិក្នុង[វិស័យ] នោះតែម្ដង ហើយយើងធ្វើការតាមដានជាប់ជាប្រចាំ គឺត្រួតពិនិត្យនិងអនុវត្តផែនការ និងគោលនយោបាយ»។
រដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះនឹងមានក្នុងរង្វង់ ៦,៣ភាគរយ ដោយផ្អែកទៅលើការត្រលប់ទៅរកភាពល្អបន្តិចម្តងៗនៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា។ នៅក្នុងប្រទេសសកម្មភាពសេដ្ឋកិច្ចក៏បន្តរក្សាស្ថិរភាព។
នៅឆ្នាំ២០២៤កន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា បានងើបឡើងវិញក្នុងអត្រា ៦,០ភាគរយ ដោយយោងទៅលើការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតងជាមួយនឹងការចាប់ផ្តើម និងពន្លឿនការអនុវត្តយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៕