
គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យមួយកន្លែងស្ថិតក្នុងខេត្តកណ្តាល នាពេលកន្លងមក។ សហការី
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ទីផ្សារអចលនទ្រព្យ ជាពិសេសសកម្មភាពទិញលក់លំនៅឋាននៅកម្ពុជាបានចាប់ផ្តើមមានចលនាឡើងវិញជាបណ្តើរៗហើយ ហើយជាកំណើនដែលមានភាពរឹងមាំ និងច្បាស់លាស់ជាងពេលមុនៗ។
នៅក្នុងពិធីបើក«សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពីយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ចរន្តនៃទីផ្សារទិញលក់លំនៅឋាននៅកម្ពុជាចាប់ផ្តើមមានកំណើនឡើងវិញជាបណ្តើរៗហើយ គ្រាន់តែសម្ទុះនៃកម្រិតកើន គឺវាមិនខ្លាំងដូចមុនពេលមានវិបត្តិជំងឺកូវីដ១៩។
លោកបន្ថែមថា ភាគច្រើននៃកំណើនការទិញលក់អចលនទ្រព្យក្នុងពេលនេះ គឺជាការទិញលក់សម្រាប់យកទៅប្រើប្រាស់ពិតប្រាកដ ដែលខុសគ្នាឆ្ងាយពីពេលមុនដែលភាគច្រើនជាការទិញទុកលក់បន្ត ដើម្បីយកប្រាក់ចំណេញ។
លោកបានថ្លែងថា៖«កំណើនទោះមិនច្រើនក៏ដោយ ប៉ុន្តែមានមូលដ្ឋានច្បាស់លាស់ នេះជាកំណើនពិត»។
ជាមួយនឹងការលើកឡើងខាងលើ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ដើម្បីឱ្យកម្ពុជាអាចរក្សាបានភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ច រួមទាំងវិស័យអចលនទ្រព្យ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងផ្នែកឯកជនផងដែរ។
ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty លោក សំ សុខនឿន ដែលបានចូលរួមក្នុងពិធីខាងលើ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ ជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យ។
ទីផ្សារពេលនេះ អាចចាត់ទុកជាទីផ្សារដែលមានស្ថិរភាព និងភាពច្បាស់លាស់ ដោយមិនមែនជាការទិញទុកសម្រាប់លក់បន្តឡើយ។ លោកបន្តថា ភាគច្រើននៃការទិញលក់ គឺជាផ្ទះមានតម្លៃសមរម្យ ព្រមទាំងខុនដូតម្លៃសមរម្យផងដែរ។
លោកបាននិយាយថា៖«នៅដើមឆ្នាំ ២០២៥ នេះខ្ញុំសង្កេតឃើញចលនានៃការទិញលំនៅឋានរបស់ប្រជាជនខ្មែរពិតជាកើនឡើងបើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ខ្ញុំគិតថា ការទិញយកប្រើប្រាស់(ស្នាក់នៅ)គឺមានអត្រាប្រមាណ ៩៨ភាគរយ ខណៈសល់ពីនេះអាចជាការទិញសម្រាប់ទាញយកផលចំណេញនាពេលអនាគត»។
បើតាមលោក សុខនឿន បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជិត ៥ឆ្នាំតាំងពីមានវិបត្តិជំងឺកូវីដ១៩ បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុកមួយចំនួនបានចាប់ផ្តើមប្រកាសពីការចាប់ផ្តើមសាងសង់លំនៅឋានសម្រាប់លក់វិញខ្លះៗហើយ។ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យ ជាពិសេសវិស័យលំនៅឋាននៅកម្ពុជាឱ្យមានសម្ទុះឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ បានចេញនូវសេចក្តីជូនដំណឹងមួយស្តីពី«ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥»។
យោងតាមសេចក្តីជូនដំណឹង ការផ្តល់ជូនចំពោះការបង់ពន្ធប្រថាប់ត្រាត្រូវបានចែកចេញជា ៤ ប្រភេទ គឺ ១. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ មុនឆ្នាំ ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ ២០២៥ ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារ។ ការលើកលែង និងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួន ៧ ម៉ឺនដុល្លារ, ទី២ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ក្នុងឆ្នាំ ២០២៥ ដែលមិនទាន់ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (១) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ ម៉ឺនដុល្លារ។ ការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារ។
ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។
ចំណែកចំណុចទី ៣ គឺការទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ដូចមានចែងក្នុងចំណុច (១) និង (២) ត្រូវទិញពីក្រុមហ៊ុនលំនៅឋានដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ និងទី៤ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន។
លិខិតបានបញ្ជាក់ទៀតថា ចំពោះការទិញលំនៅឋានដូចខាងលើពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក៏ត្រូវបានទទួលការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាផងដែរ៕