ក្រុមអ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បានលើកឡើង​ថា ការ​បើក​ជើងហោះហើរ​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​តួកគី Turkish Airlines ពី​ទីក្រុងអ៊ីស្តង់ប៊ុល(ប្រទេស​តួតគី) មកកាន់រាជធានីភ្នំពេញ​នៅចុងឆ្នាំ ២០២៥ នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រម​ទាំង​​​បង្ក​បរិយាកាស​នៃ​​ធ្វើ​ដំណើរ​ឱ្យ​កាន់​តែងាយ​ស្រួល​សម្រាប់​​វិនិយោគិន​នានា​ដែល​ចង់​មក​បណ្តាក់​ទុនផ្ទាល់​ ឬ​ស្វែងរកធ្វើ​ពាណីជ្ជកម្ម​ជាមួយ​​កម្ពុជា។​

ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​មាន​ខ្លឹមសារ​ថា Turkish Airlines នឹងចាប់ផ្តើមហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល ទៅ​កាន់​រាជធានី​ភ្នំពេញ​នៃប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥។

ជាមួយនឹងទិសដៅថ្មីនេះ កម្ពុជានឹងក្លាយជា​ប្រទេសទី ៧ ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ដែលក្រុមហ៊ុនអាកាសចរណ៍របស់តួកគីផ្តល់សេវាកម្ម​ហោះហើរ ហើយភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​​ឱ្យ​ដឹង​ទៀត​ថា៖​«​ការ​ហោះហើរនេះ​ត្រូវបានរំពឹងថា នឹងជំរុញ​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី​រវាងតួកគី និងកម្ពុជា ព្រម​ទាំង​ចូលរួម​ជំរុញកំណើន​សេដ្ឋកិច្ចរវាង​ទិសដៅថ្មីនៃក្រុមហ៊ុនអាកាសចរណ៍ផងដែរ​។ ផ្លូវហោះហើរនេះនឹងពង្រីកបណ្តាញអាកាសចរណ៍របស់ Turkish Airlines នៅតំបន់អាស៊ីខាងកើតទៅទីក្រុង ២០ និងអាកាសយានដ្ឋាន ២១។ ផ្លូវហោះហើរថ្មីនេះនឹងផ្តល់ភាពងាយស្រួលជាងមុនដល់ភ្ញៀវរបស់ Turkish Airlines ក្នុងការធ្វើ​ដំណើរ​ទៅទីក្រុងសំខាន់មួយនៅតំបន់នេះ។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងបង្ហាញបន្ថែមទៀតអំពីបណ្តាញតភ្ជាប់ធំបំផុតរបស់ខ្លួនជា​ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ ដែលផ្តល់សេវាហោះហើរទៅទីនោះ»។​

យោងតាម Turkish Airlines ការ​ហោះហើរទៅភ្នំពេញ នឹងមាន​ការ​ចុះចត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ការ​ហោះហើរ នឹង​មាន​ចំនួន ៣ ដងក្នុង ១ សប្តាហ៍ គឺ​ចេញ​ពីទីក្រុង​អ៊ីស្តង់ប៊ុលទៅភ្នំពេញនៅថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ចំណែកការហោះហើរចេញ​ពីរាជធានី​ភ្នំពេញទៅអ៊ីស្តង់ប៊ុល នឹងប្រតិបត្តិការនៅថ្ងៃចន្ទ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Turkish Airlines លោក Ahmet Bolat បានឱ្យដឹងថា៖«ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តួកគី យើងបន្តពង្រីកបណ្តាញរបស់យើងនៅក្នុងតំបន់អាស៊ី និងពង្រឹងការផ្សារភ្ជាប់របស់យើងជាមួយនឹងគោលដៅយុទ្ធសាស្ត្រនៅក្នុងតំបន់។

ការ​ដាក់​ឱ្យ​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទៅ​ភ្នំពេញ ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​គោល​ដៅ​នេះ។ ជើងហោះហើររបស់យើងទៅកាន់ប្រទេសកម្ពុជា នឹងបង្កើតឱកាសថ្មីសម្រាប់ទាំងទេសចរណ៍ និងអាជីវកម្ម។

លើសពីនេះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ ដែលហោះហើរទៅកាន់គោលដៅនេះ យើងនឹងពង្រឹងភាពជាអ្នកដឹកនាំរបស់យើងបន្ថែមទៀតនៅក្នុងតំបន់»។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ជន​ជាតិ​តួកគី​ដែល​ធ្វើ​ដំណើរ​​មក​កម្ពុជា​មាន​ចំនួន​សរុប ៨ ៣៦៣​ នាក់ កើនឡើង ៥១,៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ ក្នុងចំនួន​នេះ គឺ​ភ្ញៀវ​ទេសចរ មាន​ចំនួន ៦ ៤៦៨នាក់ និង​១ ៨៩៥នាក់ ទៀត​ជាអ្នក​ជំនួញ។

លោក ស សារិន នាយកគ្រប់គ្រងអាជីវកម្ម នៃក្រុមហ៊ុនទេសចរណ៍ ភី ធី អឹម និង​ជា​ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tovtrip បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុង​ថ្ងៃទី៤ ខែមីនា ថា ការ​បើកជើងហោះហើរ​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​តួកគី មាន​ជើងហោះហើរ​ជា​ច្រើន​តភ្ជាប់​ទៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

ការ​បើកជើងហោះហើរនេះនឹង​នាំមក​ទាំង​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ ព្រម​ទាំង​ជួយ​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​មាន​កាន់​តែ​ច្រើន​ផងដែរ​។

លោក​បាន​ថ្លែង​ថា៖​«ខ្ញុំគិតថា​នេះ​ជា​ចំណុចចាប់ផ្តើម​ដ៏​ល្អ​​ក្នុង​ការ​នាំយក​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​បន្ថែម​ពី​ប្រទេស​តួកគី និង​បណ្តា​ប្រទេស​នៅ​​តំបន់​អឺរ៉ុប និង​តំបន់​មជ្ឈឹមបូព៌ាមក​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​។ ក្រៅ​ពី​វិស័យ​ទេសចរណ៍ ការ​ភ្ជាប់​ជើងហោះហើរ​នេះ​ក៏​នឹង​ជួយ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កើន​ឡើង​ផងដែរ»។

លោក​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​ក៏​មាន​រៀបចំ​ដំណើរកម្សាន្ត​​ទៅ​ប្រទេស​តួកគី​ផងដែរ​។​

ប្រធានសមាគមទីភ្នាក់ងារ​ទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​និយាយ​ថា ការ​សម្រេចរបស់​ Turkish Airlines ក្នុង​ការ​បើកជើងហោះហើរមក​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ គឺ​ជា​ព័ត៌មាន​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ខណៈ Turkish Airlines ​គឺ​ជា​​ក្រុមហ៊ុនដ៏​ធំ និង​មាន​ឈ្មោះថ្មី​លើ​ពិភពលោក។

លោកស្រីបន្ត​ថា ​នៅ​ពេល​ក្រុមហ៊ុនសម្រេច​បើក​ជើងហោះទៅ​កាន់​គោលដៅណាមួយ គេ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយដើម្បី​ទាក់​ទាញ​អតិថិជន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីនោះ ដូច្នេះ​នេះ​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

លោកស្រី​​និយាយ​ថា៖​«​តួកគី ​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន ដូច្នេះ​យើង​រំពឹង​ថា តាម​រយៈការ​បើកជើងហោះហើរ​របស់​​ក្រុមហ៊ុន Turkish Airlines ​​នឹង​មាន​ភ្ញៀវ​ទេសចរបរទេស​កាន់​តែ​ច្រើន​ធ្វើ​ដំណើរ​មក​កម្សាន្តនៅ​កម្ពុជា»។​

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ការ​សាទរ​ចំពោះ​កំណើន​នៃ​ការ​តភ្ជាប់ និង​បង្កើន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មកកាន់​ប្រទេស​កម្ពុជា ដោយ​លោក​បាន​សរេសរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ផ្លូវ​ការ ​កាល​ពី​រសៀលថ្ងៃ​ទី​៤ ខែ​មីនា ថា ក្រោម​កិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើង​ហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺទី​១ ជើងហោះហើរ​ Turkish Airlines នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥ និងទី​២ ជើងហោះហើរ​ Emirates នឹង​ ពង្រីក​ការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥។ 

លោក​​អះអាង​ថា៖​«​ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ»។ 

យោងតាមរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នៅ​ក្នុងឆ្នាំ ២០២៤ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២ភាគរយ ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤ភាគរយ និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង៕​