
សកម្មភាពកម្មករក្នុងរោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ)។ SSEZ
កំណើនសេដ្ឋកិច្ច និងការនាំចេញទំនិញផលិតកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២៥ ត្រូវរំពឹងថានឹងកើនឡើងខ្ពស់ ខណៈក្នុងឆ្នាំ ២០២៤ កន្លងមកមានរោងចក្រធុនធំ ចំនួន ៣២៦ បានបើកដំណើរការ ដែលធ្វើឱ្យចំនួនរោងចក្រធុនធំកំពុងមានប្រតិបត្តិការនៅនាពេលនេះកើនឡើងដល់ ២ ៤២៥។ កាលពីឆ្នាំ២០២០ រោងចក្រធុនធំ នៅកម្ពុជាមានសរុប ១ ៨៦៤។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថា ចំនួនរោងចក្រធុនធំ ដែលបើកដំណើរការបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៤ ដោយមានចំនួន ៣២៦ ដែលធ្វើឱ្យចំនួនរោងចក្រធុនធំ កំពុងមានប្រតិបត្តិការនៅកម្ពុជា កើនដល់ ២ ៤២៥។
ទោះយ៉ាងណា ក្នុងឆ្នាំ ២០២៤ ក៏មានរោងចក្រចំនួន ២៦ បានបិទទ្វារផងដែរ។ សម្រាប់កម្លាំងពលកម្មដែលកំពុងបម្រើការក្នុងវិស័យឧស្សាហកម្ម គិតត្រឹមឆ្នាំ ២០២៤ គឺមានប្រមាណ ១,១៦លាននាក់ ក្នុងនោះស្ត្រីមានចំនួន ៧៣,៦៨ ភាគរយ។
រោងចក្រធុនធំកំពុងដំណើរការ គឺមាននៅក្នុងរាជធានីភ្នំពេញច្រើនជាងគេ គឺប្រមាណ ៨១៨, ខេត្តកំពង់ស្ពឺ ៣៨១, កណ្តាល ៣៥៨, ព្រះសីហនុ ២៥៧, ស្វាយរៀង ២៣២, តាកែវ ១៣៩, កំពង់ចាម ៣៨, កំពង់ឆ្នាំង ៣៧ និងតាមពីក្រោយដោយខេត្តកំពត បន្ទាយមានជ័យ ត្បូងឃ្មុំ បាត់ដំបង និងកំពង់ធំ ជាដើម។
យោងតាមរបាយការណ៍ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ(ចាប់ពីការលេចឡើងនៃវត្តមានជំងឺកូវីដ១៩) គឺស្ថានភាពរោងចក្រធុនធំដែលមានប្រតិបត្តិការនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២០ រោងចក្រធុនធំមានចំនួនសរុប ១ ៨៦៤(បើកថ្មី ២៣៥ និងបិទ ១០១), ឆ្នាំ២០២១ ចំនួន ១ ៨៧៩ (បើកថ្មី ១៦៣ និងបិទ ១៤៨), ឆ្នាំ ២០២២ ចំនួន ១ ៩៨២(បើកថ្មី ១៨៦ និងបិទ ៨៣), និងឆ្នាំ២០២៣ មានចំនួន ២ ១២៥(បើកថ្មី ២៤១ និងបិទ ៩៨)។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៥ ខែមីនា ថា ឥទ្ធិពលពីខាងក្រៅ និងភាពអំណោយផលនៃច្បាប់វិនិយោគកម្ពុជា បានលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនអន្តរជាតិកាន់តែច្រើនងាកមកបើករោងចក្រនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយល្អ កំណើនសេដ្ឋកិច្ចរឹងមាំ និងសម្បូរកម្លាំងពលកម្មវ័យក្មេង ។
ការបើករោងចក្រនៅកម្ពុជាអាចជួយឱ្យអ្នកវិនិយោគទទួលបានផលចំណេញច្រើន ព្រោះមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន និងជាពិសេសកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធដែលអាចនាំទំនិញទៅប្រទេសមួយចំនួនក្រោមលក្ខខណ្ឌពិសេស។
លោកបានថ្លែងថា៖«ជម្លោះផលប្រយោជនន៍សេដ្ឋកិច្ចរវាងប្រទេសមហាអំណាចធំៗ ជាពិសេសរវាងអាមេរិក និងចិន ព្រមទាំងប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត គឺកំពុងជំរុញឱ្យម្ចាស់រោងចក្រនៅប្រទេសជាច្រើនជាច្រើន បានសម្រេចរើរោងចក្ររបស់ខ្លួនមកកាន់ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ដើម្បីអាចនាំចេញទំនិញទៅប្រទេសជាគូវិវាទទាំងអស់នោះ ក្រោយលក្ខខណ្ឌពិសេសផ្នែកពន្ធគយ»។
លោកប្រាប់ទៀតថា ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធផ្នែកពន្ធគយទៅលើទំនិញផលិតនៅក្នុងប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ដូច្នេះកម្ពុជាប្រាកដជានឹងអាចទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនឱ្យមកបើកអាជីវកម្ម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា រដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រីកទីផ្សារការងារជូនប្រជាជនកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រនៅកម្ពុជា។
ចំនួនរោងចក្រនៅកម្ពុជានឹងកើនឡើងបន្ថែមទៀត ហើយកម្ពុជាក៏នឹងមានផលិតកម្មកាន់តែចម្រុះ និងសម្បូរបែបជាងមុន។ កាលពីមុនទំនិញសក្តានុពលនាំចេញរបស់កម្ពុជា គឺមានតែក្នុងវិស័យវាយនភណ្ឌប៉ុណ្ណោះ។
លោកបន្តថា វិនិយោគិនចិន គឺជាអ្នកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេ។
លោកបានប្រាប់ទៀតថា ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាកាសយានដ្ឋាន និងកំពង់ផែ គឺសុទ្ធតែដើម្បីត្រៀមទទួលកំណើនការវិនិយោគថ្មីៗ។
លោកបាននិយាយថា៖«ចំនួនរោងចក្រធុនធំ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ នឹងមានវត្តមាននៅកម្ពុជាកាន់តែច្រើន។ អ្វីដែលកម្ពុជាកំពុងទទួលបានក្នុងពេលនេះ ក៏កើតចេញពីការខិតខំរួមគ្នារវាងរដ្ឋាភិបាល និងផ្នែកឯកជនផងដែរ»។
ក្នុងឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ។ នេះបើយោងតាម GDCE។
ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេទាំង ៥ របស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានភាគច្រើន ជាផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន, ឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនិងទំនិញសំខាន់ៗមួយចំនួន ទៀត ចំណែកទំនិញនាំចូលមានដូចជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុធ្វើពីដែក វត្ថុធ្វើពីប្លាស្ទីក និងផលិតផលគីមី ជាដើម៕