
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ CDC ជាមួយនឹងគណៈប្រតិភូធុរជនជប៉ុន។ CDC
គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ ក្រុមហ៊ុនបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងជួយសម្របសម្រួល និងផ្តល់នូវទំនុកចិត្តដល់វិនិយោគិនមកពីគ្រប់ទិសទីដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៥ មានគម្រោងវិនិយោគប្រមាណ ១១០ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយនឹងគណៈប្រតិភូធុរជនជប៉ុនប្រមាណ ៣៨ ក្រុមហ៊ុន ដែលដឹកនាំដោយលោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំរាជធានីភ្នំពេញ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្ដើម លោក ស៊ុន ចាន់ថុល បានជម្រាបគណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ CDC ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
លោកបន្ថែមថា កម្ពុជា គឺជាទីតាំងដែលអ្នកវិនិយោគគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ ព្រោះកម្ពុជាជាប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ មានលំនឹងម៉ាក្រូសេដ្ឋកិច្ច មានកម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
លោកបន្តថា បន្ថែមលើនេះកម្ពុជាក៏មានច្បាប់វិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា សំដៅជំរុញការធ្វើសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់ឱ្យកាន់តែមានភាពប្រសើរឡើងជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
លោកបានថ្លែងថា៖«លើសពីនេះទៀត កម្ពុជាក៏មានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថានឹងផ្លាស់ប្តូរមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រផងដែរ»។
បន្ថែមលើនេះ លោក ចាន់ថុល ក៏បានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូធុរជនគួរតែសិក្សាស្វែងយល់ ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគ រួមមានដូចជា រោងចក្រឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលបៃតង, វិស័យអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។
ជាការឆ្លើយតប គណៈប្រតិភូធុរជនជប៉ុនបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយសម្របសម្រួល និងផ្តល់ការគាំទ្រដល់វិនិយោគិនដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជា។
ក្រៅពីជំនួបខាងលើ កាលពីថ្ងៃទី៤ ខែមីនា គណៈប្រតិភូវិនិយោគជប៉ុន ក៏មានជំនួបផ្គូផ្គងធុរកិច្ចជាមួយនឹងវិនិយោគិននៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងពិធីនេះក៏មានការចូលរួមពី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី , លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI), លោក Fukuhara Koji ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ព្រមទាំង ប្រតិភូតំណាងក្រុមហ៊ុនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន។
លោក វង្សី វិស្សុត បានលើកឡើងថា កម្មវិធីទំនាក់ទំនង និងផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានទំហំកាន់តែធំបន្ថែមទៀត។ ប្រទេសជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា។
លោកបានថ្លែងថា៖«ក្នុងរយៈពេលជិត ៤ ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ, និងរួមចំណែកពង្រឹងវិស័យអប់រំ, វិស័យច្បាប់និងយុត្តិធម៌, អភិបាលកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជន»។
យោងតាម CDC ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួនសរុប ៤១៤គម្រោង(តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា ៣០ឆ្នាំ)។
ចំណែកក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥ គម្រោងវិនិយោគដែលបានអនុម័តមានចំនួនជាង ១១០គម្រោង។
តួលេខទាំងនេះ ជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ មានក្រុមហ៊ុន/សហគ្រាសជប៉ុនចំនួន ៨៨ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ដោយចំនួននេះកើនឡើង ២០,៥៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣៕