
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើងថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា។ STPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា(Cambodia-ASEAN Business Summit 2025) បានថ្លែងថា ប្រទេសកម្ពុជា គឺជាទីតាំងដ៏មានសក្ដានុពលសម្រាប់វិនិយោគិនគ្រប់ជាតិសាសន៍ចូលមកបណ្តាក់ទុន ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតលើមាគ៌ាឆ្ពោះទៅរកវឌ្ឍនភាព បន្ទាប់ពីធ្លាក់ចុះមួយរយៈដោយសារវិបត្តិជំងឺកូវីដ១៩។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ក្រោមមូលបទ«ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម»(Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលមានចូលរួមពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិសរុប ៣១៥ និងធុរជនជាង ៥០០ នាក់។
លោក ហ៊ុន ម៉ាណែត បាននិយាយថា វេទិកា«កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥» នឹងផ្តល់នូវកាលានុវត្តភាព និងវឌ្ឍនភាពថ្មីបន្ថែមទៀតសម្រាប់សហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាពរួម ព្រមទាំងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់នៃការបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ ក៏ដូចជាការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យស្របតាមគោលដៅរបស់អាស៊ាន និងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមថា ក្នុងនាមជាសមាជិកសមាគមអាស៊ានតាំងពីឆ្នាំ ១៩៩៩ កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលមួយក្នុងតំបន់ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ជាច្រើនទសវត្សរ៍ក្នុងអត្រាជាមធ្យម ៧ភាគរយ មុនពេលជួបឱនភាពខ្លះដែលបណ្តាលមកពីការរីករាលជំងឺកូវីដ ១៩។
ទោះយ៉ាងណា នៅពេលនេះអ្វីៗចាប់ផ្តើមស្ថិតលើមាគ៌ាដ៏រឹងមាំឡើងវិញហើយ ដើម្បីត្រឡប់ទៅរកសន្ទុះកំណើនថ្មីប្រកបដោយថាមពល។
ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ក៏ត្រូវបានព្យាករថានឹងសម្រេចបានក្នុងអត្រាប្រមាណ ៦,៣ភាគរយ ហើយនឹងបន្តសម្រេចបានកំណើនក្នុងអត្រាចន្លោះពី ៦ ទៅ ៧ភាគរយក្នុងរយៈមធ្យម។
លោកបញ្ជាក់ថា៖«ការសម្រេចបានដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្តជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងលទ្ធភាពចូលទៅកាន់ទីផ្សារទូលំទូលាយ និងក្របខណ្ឌគតិយុទ្ធ ដែលកាន់តែប្រសើរឡើង។ វិនិយោគិនទាំងក្នុង និងក្រៅប្រទេសកំពុងទទួលបានផលប្រយោជន៍ពីបរិយាកាសអំណោយផល និងប្រកបដោយសុវត្ថិភាព។ ការណ៍នេះជួយកាត់បន្ថយហានិភ័យជាអតិបរមា ធានានូវនិរន្តរភាពនៃធុរកិច្ច»។
លោក ម៉ាណែត បានបន្ថែមទៀតថា កម្ពុជាត្រូវបានគេទទួលស្គាល់ជាប្រទេសមានសក្តានុពលសម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស(FDI) និងជាច្រកពាណិជ្ជកម្មទៅកាន់តំបន់អាស៊ានទាំងមូល។
ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ និងទំហំវិនិយោគ ៦,៩ពាន់លានដុល្លារ កើនឡើង ៤០ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ សមទ្ធិផលពាណិជ្ជកម្មអន្តរជាតិ គឺបញ្ជាក់បន្ថែមពីកម្លាំងនៃទីផ្សារ និងប្រសិទ្ធភាពគោលនយោបាយរបស់កម្ពុជា។
ជាក់ស្តែងទំហំពាណិជ្ជកម្មអន្តរជាតិបានកើនជាង ១៦ភាគរយពី ៤៦,៨២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដល់ ៥៤,៧៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
លោកលើកឡើងទៀតថា ជាមួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញវិបុលភាពក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញយ៉ាងសកម្មក្នុងបរិយាកាសអំណោយផលដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖«កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ រួមទាំងផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ក្នុងនាមជារដ្ឋសមាជិក WTO(អង្គការពាណិជ្ជកម្មពិភពលោក) កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជាផ្តោតទៅលើការសម្រេចបាននូវសហគមសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមាហរណកម្មតាមរយៈសេរីភាវូបនីយកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្មក្នុងភាពជាដៃគូជិតស្និតជាប្រទេសជិតខាងអាស៊ាន»។
លោកបានអះអាងថា៖«កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយ សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្តប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ យើងក៏បើកចំហរទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្រ្ត ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជាទីផ្សារពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប អាមេរិក ចិន កូរ៉េ និងអេមីរ៉ាត់អារ៉ាប់រួម»។
លោកបានសង្កត់ធ្ងន់ថា បើទោះបីមានស្លាកស្នាមនៃជំងឺរាតកូវីដ១៩ និងភាពស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅតែមានភាពរឹងមាំ និងមានភាពធន់ ហើយត្រូវបានព្យាករថានឹងសម្រេចបានក្នុងអត្រា ៤,៨ភាគរយក្នុងឆ្នាំ២០២៥ នេះ៕