
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ CDC ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន East Group។ CDC
តំបន់សេដ្ឋកិច្ចពិសេស East Sihanouk Special Economic Zone ដែលជាការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន East Group ក្នុងទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក នឹងបង្ហាញវត្តមានក្នុងទឹកដីខេត្តព្រះសីហនុនាពេលឆាប់ៗ ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៤ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ៣០ ទីតាំង។
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បានឱ្យដឹងនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា កាលពីថ្ងៃទី៤ ខែមីនា រូបលោក និងថ្នាក់ដឹកនាំ CDC បានជួបពិភាក្សាជាមួយ លោក លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន East Group និង លោក ណាង សុធី ដើម្បីពិភាក្សាអំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលកន្លែងស្ថិតក្នុងខេត្តព្រះសីហនុ។
ទីប្រឹក្សាបច្ចេកទេសនៃសម្ព័ន្ធក្រុមហ៊ុន East Group លោក ណាង សុធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៥ ខែមីនា ថា ផែនការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន East Group លើតំបន់សេដ្ឋកិច្ចពិសេស East Sihanouk Special Economic Zone កំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយរង់ចាំតែការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
លោកបន្តថា East Sihanouk Special Economic Zone គ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រហែល ៥០០ លានដុល្លារ លើផ្ទៃដីទំហំ ៣៤០ហិកតា ស្ថិតក្នុងឃុំបិតត្រាំង និងឃុំអូរឧកញ៉ាហេង នៃស្រុកព្រៃនុប ខេត្តព្រះសីហនុ។
តាមផែនការ East Sihanouk Special Economic Zone នឹងចែកចេញជាតំបន់ផ្សេងៗជាច្រើនដូចជា តំបន់លំនៅឋាន កន្លែងលក់ទំនិញ តំបន់រោងចក្រ/សហគ្រាសខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ គម្រោងនេះចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ នឹងធ្វើលើផ្ទៃដីទំហំ ៩០ ហិកតា។
លោកបានថ្លែងថា៖«យើងកំពុងរង់ចាំអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅពេលទទួលបានយើងនឹងចាប់ផ្តើមអនុវត្តន៍ភ្លាម ខណៈបច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ផ្លូវដែលមានទំហំ(ទទឹង) ២០ម៉ែត្រ បានប្រវែងប្រហែលជាង ១,៥គីឡូម៉ែត្ររួចហើយ ដើម្បីតភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ទីតាំងគម្រោង»។
លោកបានលើកឡើងថា ការបត់បែនដ៏ឆាប់រហ័សនៃបរិបទនយោបាយ និងសេដ្ឋកិច្ចសកល ជាពិសេសក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកមានប្រែប្រួលយ៉ាងខ្លាំង។
លោកបន្តថា ជម្លោះពាណិជ្ជកម្ម និងវិធានការដំឡើងពន្ធចំពោះទំនិញនាំចូលទីផ្សារអាមេរិកពីប្រទេសមួយចំនួន ដូចជា ចិន កាណាដា និងម៉ិកស៊ិក បានជំរុញឱ្យវិនិយោគិនខ្លះសម្រេចផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេ មកកាន់ប្រទេសអភិវឌ្ឍន៍តិចតួចដូចជា កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេស នឹងដើរតួនាទីសំខាន់ក្នុងការស្រូបទាញក្រុមហ៊ុនទាំងអស់នោះឱ្យចូលមកបើករោងចក្រនៅកម្ពុជា។
លោកបានថ្លែងថា៖«តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបើករោងចក្រ/សហគ្រាសនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផងដែរ»។
ទាក់ទងនឹងចំនួនក្រុមហ៊ុនដែលគ្រោងទៅបើករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស East Sihanouk Special Economic Zone លោក សុធី ប្រាប់ថា មានក្រុមហ៊ុនមួយចំនួនបានទាក់ទងរួចហើយ ដោយភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែលកំពុងសិក្សាពីទីតាំង និងលទ្ធភាពការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន កាលពីខែមករា បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេស(SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវថ្នល់ ថាមពល និងការិយាល័យឯកសារ(ច្រកចេញចូលតែមួយ)ដែលបង្កភាពងាយស្រួល និងស្របតាមតម្រូវការរបស់ម្ចាស់រោងចក្រ/សហគ្រាស។
លោកបានបន្ថែមថា គ្រប់សកម្មភាពអាជីវកម្មរបស់រោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដោយរាប់ចាប់តាំងពីការស្នើសុំនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត/កែច្នៃ រហូតដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបាននិយាយថា៖«បច្ចុប្បន្នខ្ញុំ រួមជាមួយដៃគូវិនិយោគបរទេសកំពុងធ្វើការសិក្សាពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជួយលើកស្ទួយសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាជួយទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសជនជាតិជប៉ុនឱ្យចូលមកបើករោងចក្រ/សហគ្រាសផលិតទំនិញនៅកម្ពុជាសម្រាប់នាំចេញទីផ្សារអន្តរជាតិកាន់តែច្រើន»។
ទាក់ទងនឹងប្រភេទទំនិញនាំចេញដែលផលិត/កែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងពេលនេះ លោក សុខនឿន ប្រាប់ថា មានភាគច្រើនជាផលិតផលវាយនភណ្ឌ ប៉ុន្តែនៅពេលខាងមុខវាអាចនឹងមានការប្រប្រួលខ្លះ ព្រោះបច្ចុប្បន្នកម្ពុជាកំពុងទាក់ទាញបានប្រភេទក្រុមហ៊ុនឧស្សហកម្មធំៗផលិតគ្រឿងបង្គុំអេឡិចត្រូនិក ម៉ាស៊ីន និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ។
របាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២៤ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ។ ចំនួននេះគឺកើនឡើងចំនួន ៤ ឬស្មើនឹង ១៥,៣៨ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
តំបន់សេដ្ឋកិច្ចពិសេសទាំង ៣០ គឺមានទីតាំងនៅ ១២ រាជធានី-ខេត្ត ដោយ ៩ ស្ថិតក្នុងខេត្តស្វាយរៀង, ៥ ក្នុងខេត្តព្រះសីហនុ, ៣ ក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងកណ្តាល, និងចំនួន ១ នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ក្រចេះ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ចាម។
ចំនួនតំបន់សេដ្ឋកិច្ចពិសេសដែលមានប្រតិបត្តិការ គឺកើនឡើងពីចំនួន ២១ ក្នុងឆ្នាំ ២០២០ ដល់ចំនួន ២៣ ក្នុងឆ្នាំ ២០២១ និង ២៥ ក្នុងឆ្នាំ ២០២២ ព្រមទាំងចំនួន ២៦ ក្នុងឆ្នាំ ២០២៣។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្ព័ន្ធក្រុមហ៊ុន ISI GROUP បានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស ISI ដែលជាតំបន់អភិវឌ្ឍក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង៨០០ ហិកតា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដំណាក់កាលដំបូង ធ្វើឡើងលើផ្ទៃដីជាង ២០០ ហិកតា។
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI បាននិយាយថា គោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឱ្យបោះជំហានទៅមុខយ៉ាងលឿន តាមរយៈការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់-ពិភពលោក ការបង្កើនផលិតភាព ការពង្រីកទីផ្សារនាំចេញ ព្រមទាំងបានចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
លោក ជា វុទ្ធី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបាន ៤ពាន់កន្លែង៕