រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បានជំរុញ និង​លើក​ទឹក​ចិត្ត​ប្រជាកសិករដាំម្ទេស​ចូល​រួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើបឱ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​ការ​ចូល​រួម​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ ជា​ពិសេស​ការធានាផ្នែក​ទីផ្សារ និងតម្លៃ។

នៅ​ក្នុងពេល​​ចូល​រួម​ជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់«ម្ទេសស្តង់ដាសុវត្ថិភាព» និង​ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើប​ម្ទេសដំណាក់ទ្រយឹង ដែល​មាន​​​សមាជិក​ចំនួន ១៨២គ្រួសារ លើផ្ទៃដី ៥២ហិកតា ក្នុង​ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា លោក ឌិត ទីណា បាន​លើក​ឡើង​ថា ការរៀបចំសហគមន៍កសិកម្មទំនើប គឺ​ដើម្បី​ជួយ​ឱ្យបងប្អូនប្រជាកសិករ​ទាំងអស់ទទួលបានជីវភាពល្អប្រសើរ​។

ទីតាំងសហគមន៍កសិកម្មទំនើប​ម្ទេសដំណាក់ទ្រយឹង គឺ​មាន​ភាព​អំណោយ​ផល​ល្អ​សម្រាប់​ការ​ដាំដុះ​ម្ទេស ហេតុ​នេះ​ប្រសិន​បើ​​ប្រជាកសិករ​អនុវត្តតាមបច្ចេកទេសដាំដុះ​ត្រឹមត្រូវ និងចូល​រួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើបបន្ថែម​ទៀត​នោះ ពួក​គេ​នឹង​ទទួល​បាន​ផល​ចំណេញ​កាន់​តែ​ច្រើន​ តាមរយៈការធានាទាំងទីផ្សារ និងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

លោក​បន្ត​ថា ក្រសួង​កសិកម្ម តែងតែ​ជួយជំរុញ និង​ផ្តល់​ការ​​គាំទ្រ​​ចំពោះ​​ដំណើរការ​របស់​​សហគមន៍​កសិកម្ម​ទំនើប។

លោក​បាន​ថ្លែង​ថា៖​«​​ក្រសួងកសិកម្មបានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ»។

កាល​ពី​ចុង​ខែ​មករា អំឡុង​ពេល​ចុះ​ជួប​ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង លោក ឌិត ទីណា បាន​លើក​ឡើង​ថា ការ​ចូលរួមគ្នា​របស់​ប្រជាកសិករ​ដើម្បី​​ចងក្រង​បង្កើត​ជា​សហគមន៍កសិកម្មទំនើប នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​ដល់​ពួក​គេ​។

ផល​ចំណេញ​​​ទាំង​នោះមាន​ដូច​ជា ​ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ ការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំក្នុង​តម្លៃ​ទាប​ មាន​ការ​រៀបចំផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់​តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ អាច​ទទួលបានកម្ចីការប្រាក់ទាប ព្រម​ទាំង​​មានទីផ្សារ​ទទួល​ទិញ​ពិតប្រាកដ។

លោក​បាន​ថ្លែង​ថា៖​«​សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មដោយ​ផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ។ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព»។

ដើម្បី​ជំរុញ​ការ​ដាំដុះ និង​បង្កើន​ទិន្នផល​ក្នុង​វិស័យ​កសិកម្ម ពិសេស​ផលិតកម្ម​ស្រូវ រាជរដ្ឋាភិបាល​កម្ពុជា​នីតីកាល​ទី៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​វិធាន​ការ​អាទិភាព​ជា​ច្រើនដើម្បី​ជួយ​ដល់​ប្រជាកសិករ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ឱ្យ​ទៅ​​ជួយដោយ​ផ្ទាល់​​នៅ​តាម​ឃុំ​(កសិកម្ម)នៅ​ស្ទើ​រ​ទូទាំង​ប្រទេស​។​

ឧបនាយករដ្ឋមន្រ្តី​ លោក សុខ​ ចិន្តាសោភា​ នៅ​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ កាល​ពី​ចុងខែមករា បាន​លើក​ឡើង​ថា កសិកម្ម ​គឺ​ជា​វិស័យ​អាទិភាព​មួយដែល​ថ្នាក់ដឹកនាំ​​រដ្ឋាភិបាលតែង​គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រោះ​វិស័យ​នេះ​​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រទេសកម្ពុជា​អាច​ធានាបាន​នូវ​សន្តិសុខស្បៀង​សម្រាប់​ប្រជាជន​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាផ្នែក​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ រាជរដ្ឋាភិបាល​កម្ពុជា​​បានកំណត់គោលនយោបាយអាទិភាពសំខាន់​ៗ​ជា​ច្រើន ក្នុង​ន័យ​ជំរុញ​ការ​បង្កបង្កើនផល រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។

លោក​បាន​ថ្លែង​ថា៖​«​វិស័យកសិកម្មកម្ពុជាមិនត្រឹមតែបន្ត​​ធានាបាន​នូវ​សន្តិសុខស្បៀងប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាន់តែមាន​ភាពធន់ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​គ្រោះធម្មជាតិនានា​ និង​សម្រេច​បាន​ផលិតផល​កសិកម្ម​កាន់តែ​ច្រើន​ជាង​មុនសម្រាប់​ការនាំចេញ គឺ​ក្នុង​បរិមាណ ១២​​លាន​តោន ដែល​មានតម្លៃ​សរុប​ចំនួន ៥,៣​ពាន់​លាន​ដុល្លារ»។

សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ ត្រូវបានព្យាករណ៍​ថា​នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែល​ត្រូវទ្រទ្រង់​ចម្បង​ដោយ​វិស័យឧស្សាហកម្ម ដែល​​​អាចមាន​កំណើន​ ៨,៦ភាគរយ, វិស័យ​សេវាកម្ម ៥,៦ភាគរយ និង​វិស័យ​កសិកម្ម ១,១ភាគរយ។ នេះ​បើ​យោង​តាម​ឯកសារ​ថវិកាសង្ខេប​ឆ្នាំ ២០២៥។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន ១១,៧ លានតោន ​កើនឡើង ៣៩ ភាគរយបើធៀបនឹងឆ្នាំ​២០២៣ ដែលមានចំនួន ៨,៤ លានតោន។

ការនាំចេញកសិផលនេះ​មានតម្លៃ​ប្រមាណ ៤,៨ ពាន់​លានដុល្លារ។ ផលិតផលកសិកម្មនាំចេញ​សំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។ វិស័យកសិកម្ម ​បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ ២២ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០២៤៕