ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយមាន​ផលប័ត្រ​ប្តេជ្ញាចិត្ត​ចំនួន ២,២ ពាន់​លាន​ដុល្លារ​អាមេរិក គាំទ្រ​​ជាង ៣៥ គម្រោងដែល ៣០ភាគរយ​ផ្តោតលើ​វិស័យ​កសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ​។​

​ថ្លែង​នាពេល​ថ្មីៗ​នេះ លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​របស់​ធនាគារ លោកស្រី​ Jyotsana Varma នាយិកា​​ADB ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់​លើ​ការគាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ស្ថាប័ន​សម្រាប់​កំណើន​កសិកម្ម បើទោះបីជា​អត្រាកំណើន​មាន​ប្រហែល ១ភាគរយ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏ដោយ​។​

​កសិកម្ម​នៅតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយលោកស្រី​ Varma បានលើកឡើង​ពី​សារៈសំខាន់​នៃ​វិស័យនេះ​ថា​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច និង​ជា​ឧបករណ៍​សម្រាប់​កែលម្អ​សន្តិសុខ​ស្បៀង​។​

លោកស្រី​បាន​និយាយ​ក្នុងអំឡុងពេលចេញ​ផ្សាយ​របាយការណ៍​​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) របស់ ADB នៅ​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥​ ថា​៖ «៣០ភាគរយ​ នៃ​ចំនួន​នោះ​ពិតជា​នៅក្នុង​វិស័យ​កសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ​។ យើង​មាន​គម្រោង​ចំនួន​ប្រាំមួយ​ដែល​កំពុងដំណើរការ​ក្នុង​វិស័យ​កសិកម្ម​​។​ ​​បី​ក្នុងចំណោម​នោះ គឺ​សម្រាប់​ការអភិវឌ្ឍ​ខ្សែច្រវាក់​​តម្លៃ ដោយ​​ពីរ​ក្នុងការ​អភិវឌ្ឍ​ខ្សែច្រវាក់​​តម្លៃបន្ថែម​ មួយ​សម្រាប់​ជលផល​សមុទ្រ និង​ពីរ​កំពុង​បន្ត​ក្នុង​ប្រព័ន្ធធារាសាស្ត្រ​»​។​

​ការវិនិយោគ​របស់ ADB ក្នុង​វិស័យ​កសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ ត្រៀម​នឹង​កើនឡើង​ចំនួន ៤០០ លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ ដែល​ពង្រឹង​បន្ថែមទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ចំពោះ​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​របស់​កម្ពុជា​។​

កសិករបេះផ្លែប៉េងប៉ោះទុំនៅក្នុងរងបន្លែក្នុងខេត្ដមណ្ឌលគិរី។ រូបថត ហុង រស្មី

លោកស្រី​ Varma បាន​បន្ថែមថា ការផ្តោត​ជា​យុទ្ធសាស្ត្រ​គឺ​លើ​ការបង្កើន​ផលិតភាព​កសិកម្ម ជាពិសេស​តាមរយៈ​ការកែច្នៃ​កសិផល ដែល​នឹងមិន​ត្រឹមតែ​ជំរុញ​ផលិតកម្ម​ស្បៀង​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកកម្ពស់​​សមត្ថភាព​នាំចេញ​ផងដែរ​។​

លោកស្រី​បាន​និយាយថា៖ «​​​​កសិករ​កម្ពុជា​ចាប់ផ្ដើម​ដាំ​ដំណាំ​កសិកម្ម​​ដែលធ្លាប់​​បាន​នាំចូល​ពីមុន​មក​»​។​

​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ និង​ផលិតភាព​កាន់តែ​ខ្ពស់​។ ជាមួយនឹង​ការចូលរួម​ពី​វិស័យ​ឯកជន យើង​មើលឃើញថា​មាន​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​ការកែច្នៃ​ផលិតផល ​ដូចជា អង្ករ ស្វាយចន្ទី ស្វាយ ម្រេច កៅស៊ូ និង​ដំឡូង​មី​។​

​តាមរយៈ​គំនិត​ផ្តួចផ្តើម​ ដូចជា ​គម្រោង​កែលម្អ​កសិកម្ម​ធារាសាស្ត្រ ADB កំពុង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ ដែលមាន​សារៈសំខាន់​សម្រាប់​ការកែលម្អ​ទិន្នផល​ដំណាំ និង​ធន់​នឹង​អាកាសធាតុ​។​

​គំនិត​ផ្តួចផ្តើម​សំខាន់​មួយទៀត គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែច្រវាក់​​តម្លៃ​កសិកម្ម ផ្តោតលើ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​សម្ភារៈ​បរិក្ខារ​ក្រោយ​ការប្រមូល​ផល ដើម្បី​ធានា​លទ្ធភាព​ទទួលបាន​ទីផ្សារ​កាន់តែ​ប្រសើរ​សម្រាប់​កសិករ​។​

​គម្រោង​ដែលមាន​មហិច្ឆតា​បំផុត​មួយ ដែល​គាំទ្រ​ដោយ ADB គឺ​គម្រោង​វិស័យ​តម្លៃ​ក​សិ​-​មិត្តភាព ដែល​ជួយ​ធ្វើ​ទំនើបកម្ម​កសិកម្ម​តាមរយៈ​ការរួមបញ្ចូល​នៃ​បច្ចេកវិទ្យា​ទំនើប ខណៈពេលដែល​ការពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​វិស័យនេះ​។​

រងបន្លែក្នុងខេត្ដមណ្ឌលគិរី។ រូបថត ហុង រស្មី

​ដូចគ្នានេះដែរ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​កំណើន​ជនបទ​តាម​ដង​ទន្លេសាប មាន​គោលបំណង​ជួយ​កសិករ​ក្នុង​អាង​ទន្លេសាប តាមរយៈ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម និង​ការទទួលបាន​ទីផ្សារ​។​

លោកស្រី Varma បានបង្ហាញ​ទំនុកចិត្ត​លើ​ទស្សនវិស័យ​នៃ​វិស័យ​កសិកម្ម ដោយ​កត់សម្គាល់ថា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ADB រួម​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ផ្ទាល់​របស់​កម្ពុជា​ចំពោះ​វិស័យនេះ​នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ផលិតកម្ម​ស្បៀង និង​សក្តានុពល​នាំចេញ​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​វិស័យនេះ​បាន​ត្រៀមខ្លួន​ក្នុងការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​វិស័យ​​ម្ហូបអាហារ​របស់​ប្រទេស​កម្ពុជា​»​។

បន្ថែម​ពីលើ​គំនិត​ផ្តួចផ្តើម​កសិកម្ម ការវិនិយោគ​របស់ ADB កំពុង​ជំរុញ​ការតភ្ជាប់​ជនបទ ជំរុញ​ភាពជា​ដៃគូ​ក្នុង​វិស័យ​ឯកជន និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម​។​

ជាមួយនឹង​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​ទាំងនេះ ADB មិន​ត្រឹមតែ​ជួយ​កម្ពុជា​លើក​កម្ពស់​​ផលិតកម្ម​ស្បៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​ផងដែរ​។​

ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​មិន​ត្រឹមតែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​គូសបញ្ជាក់​ពី​ការបន្ត​ពង្រីក​ការនាំចេញ​កសិផល​រប​ស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ដោយ​កត់សម្គាល់ថា ​នៅ​ឆ្នាំ ២០២៤ កម្ពុជា​​នាំចេញ​កសិផល​ចំនួន ១២ លាន​តោន​ទៅកាន់ ៩៥ ប្រទេស​។​

កម្មករកំពុងរុញផ្លែចេកដែលប្រមូលផលពីចម្ការចេកមួយក្នុងខេត្តរតនគិរីទៅកាន់ការវេចខ្ចប់។ រូបថត ហុង រស្មី

លោក ឌិ​ត ទីណា បាន​ថ្លែង​ថា៖ «​ជាមួយនឹង​ដំណាំ​ចំនួន ១២ លាន​តោន ដែលមាន​តម្លៃ ៥,៣ ពាន់​លាន​ដុល្លារ កម្ពុជា​កំពុង​ដាក់ខ្លួន​ជា​តួអង្គ​សំខាន់​ក្នុងការ​នាំចេញ​កសិផល​ពិភពលោក ហើយ​យើង​ប្តេជ្ញា​ពង្រឹង​បន្ថែមទៀត​នូវ​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​របស់​យើង ដើម្បី​ធានាបាន​នូវ​កំណើន​រយៈពេល​វែង និង​សន្តិសុខ​ស្បៀង»។​

វិស័យ​កសិកម្ម​របស់​ប្រទេស​កំពុង​ធ្វើ​ពិពិធ​កម្ម ជាមួយនឹង​ការនាំចេញ​សំខាន់ៗ​រួមមាន​ស្រូវ ដំឡូង​មី​ស្រស់ និង​កៅស៊ូ​។ យោងតាម​ទិន្នន័យ កំណើន​នៃ​ការនាំចេញ​កសិផល​រប​ស់​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុង​វិស័យ​ដំណាំ កៅស៊ូ និង​ផលិតផល​ជលផល​។​

​លោក ទីណា​ ក្នុង​ពិធី​សម្ពោធ​វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៥ (CAFÉ 2025) នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា បាន​សង្កត់ធ្ងន់​លើ​ការកើនឡើង​នៃ​តម្លៃ​ទំនិញ​កសិកម្ម ជាមួយនឹង​កំណើន​គួរឱ្យកត់សម្គាល់​នៃ​ការនាំចេញ​កៅស៊ូ ផលិតផល​ជលផល និង​ធញ្ញជាតិ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​រួមចំណែក​ដល់​ការរីកលូតលាស់​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​ពិភពលោក​។​

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ស្របតាម​ចក្ខុវិស័យ​ដ៏​ទូលំទូលាយ​នៃ​ការពង្រឹង​ខ្សែ​ច្រវ៉ាក់​​តម្លៃ​កសិកម្ម​របស់​កម្ពុជា និង​ការលើកកម្ពស់​សន្តិសុខ​ស្បៀង​។​

​លោកស្រី Varman បានថ្លែង​ថា៖ «​យើង​មើលឃើញ​អនាគត​ដ៏​មាន​សក្តានុពល​សម្រាប់​ការកែច្នៃ​ផលិតផល​ ដូចជា អង្ករ ស្វាយចន្ទី ស្វាយ ម្រេច កៅស៊ូ និង​ដំឡូង​មី»៕

កម្មករកំពុងរុញផ្លែចេកដែលប្រមូលផលពីចម្ការចេកមួយក្នុងខេត្តរតនគិរីទៅកាន់ការវេចខ្ចប់។ រូបថត ហុង រស្មី