ធនាគារជាតិនៃកម្ពុជា(NBC) បានក្លាយ​ជា​សមាជិក​ជាផ្លូវការទី​ ៩ នៃ​កិច្ចសហប្រតិបត្តិការតភ្ជាប់​ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់(Regional Payment Connectivity-RPC) ដែល​ភាព​ជា​សមាជិក​នេះ នឹង​ជួយឱ្យ​កម្ពុជាអាច​ធ្វើ​​សមាហរណកម្មហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ កាន់​តែ​ប្រសើរ​។

សេចក្តីប្រកាសព័ត៌មាន NBC បាន​ឱ្យ​ដឹង​ថា ការបញ្ចូល​ធនាគារជាតិនៃកម្ពុជា ទៅ​ជាសមាជិក​នៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពី​ធនាគារជាតិនៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួមទៅបណ្តាធនាគារកណ្តាលជាសមាជិកដទៃទៀត។

NBC បន្ថែម​ទៀត​ថា៖​«​ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុង​តំបន់នេះ បានបង្ហាញពីសក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុង​អាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញ​សមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់»។

បើ​យោងតាម NBC កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ មានគោលបំណងសម្របសម្រួលការ​ទូទាត់​សងប្រាក់​ឆ្លងដែនឱ្យបានកាន់តែលឿន ក្នុងតម្លៃសមរម្យ មានតម្លាភាព និងប្រកបដោយបរិយាបន្ន​។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បាននិយាយ​ថា៖​«ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ ព្រម​ទាំង​ធ្វើ​ឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នាក្នុងតំបន់អាស៊ាន»។

ចាប់តាំងពីបង្កើតឡើងគម្រោង RPC នេះ វាបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់​តាមរយៈមធ្យោបាយទូទាត់យ្យូអរកូដ (QR code) និងការទូទាត់រហ័សជាដើម។

គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីកទីផ្សារ បានកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្ទេរប្រាក់កាន់តែប្រសើរឡើង។

ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ បានបង្កើនចំនួនសមាជិកធនាគារកណ្តាលអាស៊ានក្នុងគម្រោងនេះដល់ ៩ បន្ទាប់ពី គម្រោង RPC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយធនាគារកណ្តាលឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, និងថៃ។

គម្រោង RPC បានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្តាលវៀតណាម ក្នុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលប្រ៊ុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤៕