ពាណិជ្ជកម្មអន្តរជាតិ​​កម្ពុជា ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០២៥ ​នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមានដោយ​មាន​​​ទឹក​ប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ កើន​ឡើង​​ជាង ១៥ភាគរយ ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៤ ក្នុង​នោះការ​នាំទំនិញចេញ​​ពី​កម្ពុជា​ មាន​ទឹក​ប្រាក់​ជិត ៧ ពាន់​លាន​ដុល្លារ​​។ នេះ​បើ​តាម​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE)។

​ទិន្នន័យ​​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​ ២០២៥ ការ​នាំ​ចេញ​-នាំ​ចូល​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​​​ទាំង​អស់ មានទឹក​ប្រាក់​ស​រុ​ប ១៤,៤៥ ពាន់​លាន​ដុល្លារ កើន​ ១៥,៦ ​ភាគ​រយ​បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​ ២០២៤ ដែលមាន ១២,៥ ពាន់​លាន​ដុល្លារ។ ​ក្នុង​ចំនួន​នេះ គឺ​​​កម្ពុជានាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ​ចំនួន ៦,៨៧ ពាន់​​​លាន​ដុល្លារ កើនឡើង ៩,៨ ​ភាគរយ និង​ទំនិញ​បរទេស​នាំចូល​ មាន​ចំនួន​ ៧,៥៧ ពាន់​​​លាន​ដុល្លារ កើនឡើង​​ ២១,៥ ​ភាគរយ​​។ ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​​កម្ពុជា រួម​មាន ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​​​

ផ្អែក​តាម​ស្ថិតិ​ខាង​លើ​ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា​ មាន​ឱនភាព​ប្រមាណ​ ៦៩៧,៨៣ ​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នាក្នុង​​​ឆ្នាំ ២០២៤ មាន​ត្រឹម​តែ ២៦,៧៨ លាន​ដុល្លារ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ថា ​ទោះ​បី​​ដើម​ឆ្នាំ ​២០២៥ នេះ ស្ថាន​ភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​សកល ហាក់​មិន​​មាន​ភាព​រឹង​មាំ​ ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរ​ជាតិរបស់​កម្ពុជា គឺ​​នៅ​តែ​រក្សា​បាន​​ភាព​​វិជ្ជមាន​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២៣ មក​។

ភាព​វិជ្ជមាន​ទាំង​នេះ គឺ​ដោយ​សារ​កត្តាខាង​មុខ និង​ខាង​ក្រៅ ដោយ​​កត្តា​ខាង​ក្នុង ​សំដៅ​ដល់​ទំនុក​ចិត្ត​របស់​​វិនិយោគិន​​ក្នុង​ការ​ចូលមក​​បើក​រោងចក្រ/​សហគ្រាស​ផលិត និង​កែច្នៃ​ទំនិញ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​អន្តរជាតិ​។

ចំណែក​កត្តា​ខាង​ក្រៅ សំដៅ​ដល់​បញ្ហា​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ និង​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ផលិត​កម្ម​នាំ​ចេញ​ប្រហាក់​ប្រហែល​កម្ពុជា ដូចជា មីយ៉ាន់ម៉ា និង​បង់ក្លាដែស ដែល​កំពុង​ជួប​បញ្ហា​​ក្នុង​ប្រទេស​របស់​ពួក​គេ។​

លោក​បាន​ថ្លែង​ថា៖​«​ទោះ​ពេល​នេះប្រទេស​​កម្ពុជា រួម​ទាំង​ប្រទេស​ជា​ច្រើន​ទៀត​កំពុង​ប្រឈម​មុខ​នឹង​​បញ្ហា​នៃ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​ ក៏​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០២៥ នេះ​»។ លោក​បន្ថែម​ថា៖​«​ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០២៤ និង​ដើម​ឆ្នាំ​ ២០២៥ នេះ​ចំនួន​រោងចក្រ/សហគ្រាស​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​​កំពុង​បង្ហាញ​ពី​សម្ទុះ​កើន​ឡើង​ជា​បន្ត​បន្ទាប់​​»។​

កាល​ពី​ដើម​ខែ​មេសា រដ្ឋាភិបាល​អាមេរិកបាន​ប្រកាស​ពី​ផែនការ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ក្នុង​អត្រា​ខ្ពស់​ជាង​​ក្នុង​តំបន់​អាស៊ាន គឺ​ប្រមាណ ៤៩​ភាគ​រយ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៩ ខែមេសា(ម៉ោង​នៅ​អាមេរិក) រដ្ឋាភិបាល​អាមេរិក​ ក៏​បាន​សម្រេច​ពន្យារ​ផែនការ​នេះ​រយៈ​ពេល ៩០​ថ្ងៃ ដើម្បី​​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នានា រួម​ទាំង​កម្ពុជា ធ្វើ​ការ​ពិភាក្សា​ជា​មួយ​អាមេរិក​។​​

ឆ្លើយតប​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ ខែមេសា ក៏​បាន​បង្កើតក្រុមការងារ​មួយ​ដើម្បី​ធ្វើ​ការ​ចរចាជា​មួយ​អាមេរិក ដែល​ដឹក​នាំ​ដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC)។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុង​សប្តាហ៍​នេះ បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន ដោយ​បាន​រក្សាការព្យាករ​កំណើនសេដ្ឋកិច្ចប្រទេស​​​កម្ពុជា ដូច​ពេល​មុនគឺ​ក្នុង​​ឆ្នាំ​២០២៥ កំណើន​សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ក្នុង​អត្រា ៦,១​ភាគរយ និង​​ឆ្នាំ​២០២៦ ចំនួន ៦,២ ភាគរយ​។​ អត្រា​កំណើន​នេះ នឹង​ត្រូវ​គាំទ្រ​ជា​ចម្បង​ដោយ​​កំណើនៃការនាំចេញក្នុងវិស័យវាយនភ័ណ្ឌ ព្រម​ទាំង​​ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ទោះយ៉ាង​ណា ABD ​បាន​លើក​ឡើង​​ពី​បញ្ហា​​ប្រឈម ដែល​បណ្តាល​មក​ពី​ភាព​​មិនប្រាកដប្រជា​នៃ​កំណើន​សេដ្ឋកិច្ច​សកល​ផងដែរ​។

ក្នុង​ឆ្នាំ ​២០២៤ ការ​នាំ​ចេញ​-នាំចូល​ទំនិញ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ដៃគូទាំង​អស់មាន​ទឹក​ប្រាក់ ៥៤,៧៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ​ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជានាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ទឹក​ប្រាក់ ២៦,២ ពាន់​លាន​ដុល្លារ កើន​ឡើង ១៥,៧ ភាគរយ និង​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់ ២៨,៥៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ ភាគរយ។

ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​​នាំចេញទៅទីផ្សារអន្តរជាតិ គឺ​ជា​ផលិត​ផល​សម្លៀកបំពាក់ ស្បែកជើង កាបូប​ធ្វើ​ដំណើរ ម៉ាស៊ីន ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។ នេះបើ​យោងតាម GDCE៕