
កម្មករកំពុងចៀរជ័រកៅស៊ូ ក្នុងចម្ការកៅស៊ូមួយ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០២៤។ នៀម ឆេង
កម្ពុជារកចំណូលបានជាង ១១៦ លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ពីការនាំចេញផលិតផលកៅស៊ូទៅទីផ្សារអន្តរជាតិ កើនឡើងជាង ១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសម្បកកង់រថយន្តក្នុងស្រុក កំពុងកើនឡើងជាបន្តបន្ទាប់។
របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាប្រមូលប្រាក់បាន ១១៦,២៦ លានដុល្លារពីការនាំចេញផលិតផលកៅស៊ូទៅទីផ្សារអន្តរជាតិ កើនឡើង ១៥,៣ ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។
ក្នុងចំនួនខាងលើ គឺការនាំចេញជ័រកៅស៊ូមានទឹកប្រាក់ ១១៤,៩៣ លានដុល្លារ និងឈើកៅស៊ូ ១,៣៣ លានដុល្លារ។ កាលពីឆ្នាំ២០២៤ ការនាំចេញជ័រកៅស៊ូ មានទឹកប្រាក់ ១០០,៤៨ លានដុល្លារ និងឈើកៅស៊ូ ៣៥៥ ៦៩៤ដុល្លារ។
របាយការណ៍ឱ្យដឹងទៀតថា ជ័រកៅស៊ូ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានតម្លៃជាមធ្យម ១ ៩២៣ដុល្លារ ក្នុង១តោន កើនឡើងចំនួន ៤៧៤ដុល្លារ ឬស្មើនឹង ៣២,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun Tire Cambodia ដែលជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(ខេត្ដព្រះសីហនុ) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នារយៈពេលប៉ុន្មានឆ្នាំមុន ផលិតផលជ័រកៅស៊ូកម្ពុជាត្រូវពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ប៉ុន្តែបន្ទាប់ពីមានក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើនមកបើករោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា វាបានធ្វើឱ្យនិន្នាការនៃការនាំចេញជ័រកៅស៊ូទៅទីផ្សារអន្តរជាតិមានការផ្លាស់ប្តូរជាបណ្តើរៗ។
លោកបន្តថា ជាមួយនឹងកំណើននៃតម្រូវការជ័រកៅស៊ូពីសំណាក់ក្រុមហ៊ុនក្នុងស្រុក គឺការនាំចេញជ័រកៅស៊ូទៅអន្តរជាតិអាចនឹងធ្លាក់ចុះប្រហែលពាក់កណ្តាលនាពេលខាងមុខ ប្រសិនបើមិនមានការដាំដុះបន្ថែម។ ប៉ុន្តែវានឹងជំនួសមកវិញ ដោយការនាំចេញសម្បកកង់រថយន្តដែលជាផលិតផលសម្រេចទៅទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«តម្រូវការប្រើប្រាស់ជ័រកៅស៊ូពីសំណាក់ក្រុមហ៊ុនផលិតសម្បកកង់ក្នុងស្រុកកំពុងកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ នេះ គ្រាន់តែរោងចក្ររបស់ក្រុមហ៊ុន Sailun គឺអាចមានតម្រូវការជ័រកៅស៊ូក្នុងស្រុក ប្រមាណ ១០ ម៉ឺនតោន ខណៈរោងចក្រផ្សេងៗទៀតអាចនឹងមានតម្រូវការប្រហែល ១០ ម៉ឺនតោនផងដែរ»។
លោកលើកឡើងទៀតថា ដើម្បីធានានិរន្តរភាពសម្រាប់ទីផ្សារនាំចេញ និងបំពេញតម្រូវការពីសំណាក់ក្រុមហ៊ុនក្នុងស្រុក គឺកម្ពុជា អាចពង្រីកការដាំដុះដើមកៅស៊ូបន្ថែមទៀត ខណៈបច្ចុប្បន្នមានរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៦ កំពុងដំណើរការ និងមួយចំនួនទៀតកំពុងសាងសង់។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមដំណាច់ឆ្នាំ២០២៤ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤២៥ ៤៤៣ហិកតា កើនឡើងពី ៤០៧ ១៧២ហិកតា កាលពីឆ្នាំ ២០២៣។ ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រ មានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៧,៦៣ ភាគរយនៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ ១៨៤ហិកតា ស្មើនឹង ២២,៣៧ភាគរយ។
ផ្ទៃដីកៅស៊ូកសិ-ឧស្សាហកម្ម មានចំនួន ២២៣ ១២២ហិកតា ស្មើនឹង ៥២,៤៤ ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ មានចំនួន ២០២ ៣២១ ហិកតា ស្មើនឹង ៤៧៥៦ ភាគរយ។
ក្នុងឆ្នាំ២០២៤ ការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូ មានទឹកប្រាក់សរុប ៦៧១,៦៨ លានដុល្លារ កើនឡើង ៣៦,៤៨ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ប្រាក់ចំណូលដែលបានពីការនាំចេញជ័រកៅស៊ូ មានចំនួន ៦៦៦,២៥ លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ៥,៤ លានដុល្លារ។
សម្រាប់បរិមាណជ័រកៅស៊ូ ដែលមានបញ្ចេញលក់ទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២៤ គឺ ៣៣៨ ០០០ តោន ថយចុះ ៣០ ០៤៨ តោន ឬស្មើនឹង ៨,១៦ ភាគរយធៀបនឹងឆ្នាំ ២០២៣ និងឈើកៅស៊ូបញ្ចេញលក់មានចំនួន ២៥ ១៥៧ម៉ែត្រគូប៕