ចំនួន​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នឹង​ហក់​ឡើង​ខ្ពស់​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​ប្រតិបត្តិការ​របស់​រោងចក្រ​ដំឡើង​រថយន្ត​ BYD នៅ​កម្ពុជា គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ ២០២៥។

ក្នុង​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​មួយ​គណៈ​ប្រតិភូ​ក្រុមហ៊ុន BYD Auto Industry Co., Ltd. ដែល​ដឹកនាំ​ដោយ​លោក Xiao Haiping នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន BYD ​នៅ​ទីស្តីការ​របស់ CDC កាល​ពី​ថ្ងៃទី​១០ ខែ​មេសា លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ CDC បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន BYD ដែល​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​រោងចក្រ​ដំឡើង​រថយន្ត BYD មួយ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ រោងចក្រ​ដំឡើង​រថយន្ត​របស់ BYD នៅ​កម្ពុជា​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ត្រីមាស​ទី៤ ខាង​មុខ។

លោក​បន្ត​ថា ក្នុង​នាម​ជា​សេនាធិការ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​រាជ​រដ្ឋាភិបាល គឺ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តែងតែ​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្របសម្រួល​រាល់​គ្រប់​កិច្ច​ការងារ​វិនិយោគ​របស់​ផ្នែក​ឯកជន​នៅ​កម្ពុជា សំដៅ​ធានា​បាន​នូវ​បរិយាកាស​វិនិយោគ ប្រកប​ដោយ​ភាព​បត់​បែន អំណោយផល និង​អនុគ្រោះ​បំផុត។

លោក​និយាយ​ទៀត​ថា និន្នាការ​នៃ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន BYD នៅ​កម្ពុជា​កំពុង​កើន​ឡើង។

លោក​បាន​ថ្លែង​ថា៖«បន្ទាប់​ពី​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​សាងសង់​រួចរាល់ និង​ដាក់​ឱ្យ​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​អំឡុង​ត្រីមាស​ទី៤ ឆ្នាំ ២០២៥ នេះ អត្រា​នៃ​ការ​ប្រើប្រាស់​រថយន្ត BYD នៅ​កម្ពុជា​នឹង​មាន​ការ​កើន​ឡើង​ផងដែរ»។

បើ​តាម​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន BYD នៅ​ចុង​ខែ​មេសា នេះ ក្រុមហ៊ុន​នឹង​រៀបចំ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រោងចក្រ​ដំឡើង​រថយន្ត​របស់​ BYD មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​ជា​ទីតាំង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​គ្រឿង​បង្គុំ​ផ្សេង​ៗ​។ រោងចក្រ​នេះ​មាន​ទុន​វិនិយោគ​ជាង ៣០ លានដុល្លា ជា​មួយ​នឹង​សមត្ថភាព​ផលិត​រថយន្ត​បាន​ ១ម៉ឺន​គ្រឿង​នៅ​ក្នុង ១ ឆ្នាំ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ 𝗕𝗬𝗗 ក៏​បាន​នាំ​ចូល​រថយន្ត​ម៉ូឌែល​ថ្មី​របស់​ខ្លួន​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ ដូច​ជា 𝗕𝗬𝗗 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 និង 𝗕𝗬𝗗 𝗔𝗧𝗧𝗢 𝟮 ដែល​ជា​រថយន្ត​មិន​ត្រឹមតែ​មាន​គុណភាព​ខ្ពស់ បច្ចេកវិទ្យា​ទំនើប និង​សន្សំ​សំចៃ​ខ្លាំង​នោះ​ទេ ហើយ​តម្លៃ​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ខែមិថុនា ឆ្នាំ​២០២៤ បាន​ប្រកាស​ចាត់​ទុក​ការ​ឈាន​ជើង​ចូល​របស់​ក្រុមហ៊ុន BYD មក​បង្កើត​រោងចក្រ​ដំឡើង​នៅ​កម្ពុជា គឺ​ជា​ជោគជ័យ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​លំដាប់​អន្តរជាតិ​ឱ្យ​ចូល​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា ចំនួន​នៃ​ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី(EVs) នៅ​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ច្រើន។ ក្នុង​ឆ្នាំ​២០២៤ មាន​រថយន្ត EV ដែល​ចុះ​បញ្ជី​សរុប​ចំនួន ២ ២៥៣ គ្រឿង កើន​ឡើង ៦២០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​បាន​ចុះបញ្ជី​រថយន្ត EV ថ្មី​ចំនួន ៣១៣ គ្រឿង។

របាយការណ៍​របស់​ក្រសួង​បាន​បង្ហាញ​ទៀត​ថា ម៉ាក​រថយន្ត EV ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ដូចជា BYD, Toyota និង​ Tesla។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ដំឡើង​រថយន្ត​ចំនួន​ ៦ កំពុង​ដំណើរការ​ដូច​ជា រថយន្ត Ford, Sangyong, ​Hyundai,​ Kia​, GTV, ​និង​ក្រុមហ៊ុន​ ​Toyota៕