ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា​-ចិន ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​​២០២៥ មាន​ទឹក​ប្រាក់​សរុប​​ជាង ៤ ពាន់​លាន​ដុល្លារ​(អាមេរិក) កើនប្រមាណ​ ១/៤​ ដង​បើ​ធៀប​នឹង​​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ ដោយ​​ក្នុង​នោះ​ទំនិញ​ចិន​នាំ​មក​កម្ពុជាមាន​ទឹក​ប្រាក់​រហូត​ដល់​ជាង ៣,៧ ពាន់​លាន​ដុល្លារ ​ដែល​ធ្វើ​​ឱ្យ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានឱនភាព​​​រហូត​ដល់​ជាង ៩១ ​ភាគ​រយ​​។

ទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៥ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ៤ ០៦៨,៦ លាន​ដុល្លារ កើន​ឡើង ២៦,៧ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៤ ដែល​មាន​ចំនួន ៣ ២១០,២៣ ​លាន​ដុល្លារ​។

ចំនួន​ទឹក​ប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ចិន ​បាន​គ្របដណ្តប់​​ជិត ៣០​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​២០២៥ ដែលមាន​ទឹក​ប្រាក់ ១៤ ៤៤៩,១៦លាន​ដុល្លារ​។​​

ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ ៣៤៨,១៩ ​លាន​ដុល្លារ ថយចុះ ៤,៩ ភាគរយ ចំណែកទំនិញ​ចិន​នាំ​ចូល​ ៣ ៧២០,៤១ ​លាន​ដុល្លារ កើន ៣០,៨ ភាគរយ។​

ផ្អែក​តាម​ទិន្នន័យខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ ​មាន​ឱនភាពរហូត​ដល់ ៩១,៤៤​ភាគ​រយ​ ដែល​ស្មើ​នឹង​ទឹក​ប្រាក់ ៣ ៣៧២,២២ ​លាន​ដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​ ២០២៤ មាន​ត្រឹម​តែ​ ២ ៤៤៤,៨៥ ​លាន​ដុល្លារ។

បញ្ហា​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​នេះ ​​​ត្រូវ​បាន​​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​​៣ ខែ​មេសា(ម៉ោង​នៅ​អាមេរិក) បាន​ប្រកាស​​យក​ពន្ធ​ពី​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​អាមេរិក​ចំនួន ៤៩ ​ភាគរយ ដោយ​សារតែ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​អាមេរិក មាន​ឱន​ភាព​ប្រមាណ ៩៧​ភាគរយ ​ជាមួយ​កម្ពុជា។​​​

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍មុន​ថា ក្នុង​នាម​ជា​ប្រទេស​ក្នុង​ទ្វី​ប​អាស៊ី​ដែល​មាន​ទំនាក់​ទំនង​ការទូត និង​នយោបាយល្អ​ជា​មួយ​គ្នា ព្រម​ទាំង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​(FTA)ជា​មួយ​គ្នា បាន​នាំ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ជា​ពិសេស​លំហូរ​ទំនិញ​យ៉ាង​ច្រើន​ពី​ប្រទេស​ចិន​មក​កម្ពុជា​។

មូល​ហេតុ​ដែល​មាន​លំហូរ​ទំនិញ​ពី​ចិន​ច្រើន គឺ​ដោយ​សារ​ប្រទេស​ចិន​មាន​មូល​ដ្ឋាន​​ផលិតវត្ថុធាតុ​ដើម និង​គ្រឿង​ផ្សំ​​ ​ដែល​ជា​តម្រូវ​ការ​របស់​រោងចក្រ/សហគ្រាស​នៅ​កម្ពុជា ដូច​ជា​ ក្រណាត់ អំបោះ និង​វត្ថុធាតុ​ដើម​ជា​ច្រើន​ទៀត​។

លោក​បន្ត​ទៀត​ថា ចរន្ត​នៃ​លំហូរ​ពាណិជ្ជកម្ម​ពី​ចិន​មក​កម្ពុជា​នឹង​បន្ត​មាន​ច្រើន​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។

លោក​បាន​ថ្លែង​ថា៖​«បើ​យើង​មើល​ទៅ​ជញ្ជីង​ពាណិជ្ជកម្ម គឺ​កម្ពុជា​ពិត​ជាមាន​ឱនភាព​ច្រើន​ ប៉ុន្តែ​ចំណុច​នេះ​វា​មិន​មែន​ជា​ក្តីបារម្ភ​នោះ​ទេ ព្រោះ​ផលិតផល​ដែល​កម្ពុជា​នាំ​ចូល​មក​ពី​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ត្រូវ​បាន​យក​ទៅ​ចូល​ក្នុង​រោងចក្រ​/​សហគ្រាស​ដើម្បី​កែច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​ប្រទេស​ផ្សេង​ៗ​ទៀត​»។

ទោះយ៉ាង​ណា លោកក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៅ​កម្ពុជា ​ត្រូវ​ខិតខំ​រិះ​រក​ និង​សិក្សា​ស្រាវជ្រាវ​រក​ទំនិញ​សក្តានុពល​របស់​ខ្លួន​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១១ ខែមេសា បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​នៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​កម្ពុជា​ចាប់​ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥។

បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេស​ទាំងពីរ។

ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។

បន្ថែមពីនេះ ក៏មានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាផងដែរ។

ទិន្នន័យ​របស់​​ GDCE ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ ២០២៤ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ១៥,១៩ ពាន់លាន​ដុល្លារ កើន​ ២៣,៨ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ ពាន់​លាន​ដុល្លារ កើន ១៨,៤ ភាគរយ៕