
ទិដ្ឋភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនក្នុងខេត្តព្រះសីហនុ នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។ រដ្ឋបាលខេត្តព្រះសីហនុ
ស្ថានភាពការវិនិយោគ និងវិស័យសំណង់ក្នុងខេត្តព្រះសីហនុ ត្រូវបានរំពឹងថា នឹងកាន់តែមានភាពល្អប្រសើរ បន្ទាប់ពីគម្រោងវិនិយោគសរុប ២៨៧ ដែលមានទុនវិនិយោគប្រមាណជិត ៧ ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តជាគោលការណ៍នៅក្នុងក្របខ័ណ្ឌ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ។
នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកទី ១៥ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា។
ព្រឹត្តិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយនាថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ជាលទ្ធផលកិច្ចប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៨ ក្នុងនោះពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៥ គម្រោង និងគម្រោងថ្មីចំនួន ១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ២ ៩១៦ កន្លែង។
គម្រោងទាំងនោះជាអាទិ៍មាន រោងចក្រស្លនិងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួម សណ្ឋាគារ និងស្ថានីយទូរទស្សន៍ ជាដើម។

ឯកសារបានបញ្ជាក់ថា៖«ជារួមគិតត្រឹមខែមេសា(ពាក់កណ្តាលខែមេសា) ឆ្នាំ២០២៥ នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦ ៨៧៥ លានដុល្លារ»។
គួររំលឹកថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។
ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល កាលពីដើមឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ តាមរយៈការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីនានា រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។
តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តនៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ៤ប្រភេទ រួមមាន ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, ទី២. គម្រោងវិនិយោគដែលអាច ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤, ទី៣. ការពង្រីកគម្រោងដែលមានស្រាប់ និងទី៤. គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដែលក្នុងនោះរួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងការផ្តល់ការលើកទឹកចិត្តដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬ ការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍គោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

វិស័យសំណង់ និងការវិនិយោគនានាក្នុងខេត្តព្រះសីហនុមុនឆ្នាំ ២០១៩ ពិសេសនៅមុនការលេចឡើងនៃវត្តមានជំងឺកូវីដ១៩ គឺបានបោះជំហានទៅមុខយ៉ាងលឿនមិនគួរឱ្យជឿ ដោយមានសំណង់អគារធំៗ ខ្ពស់ៗ និងអាជីវកម្មជាច្រើនបានបង្ហាញវត្តមាននៅទីនោះជាបន្តបន្ទាប់។ ភាគច្រើននៃវិនិយោគិនដែលបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ គឺមកពីប្រទេសចិន។
ទោះយ៉ាងណាវិបត្តិសុខភាព និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់ការវិនិយោគនៅទីនោះរហូតមកដល់ពេលនេះ។
លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សកម្មភាពនៃការទិញ-លក់ និងជួល អចលនទ្រព្យនៅខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ គឺមានកំណើនចន្លោះពី ១៥-២០ភាគរយ។
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញ និងលើកទឹកចិត្តសម្រាប់វិនិយោគិនក្នុងខេត្តព្រះសីហនុ គឺនឹងចូលរួមចំណែកយ៉ាងច្រើនដល់ការលើកមុខមាត់ ក៏ដូចជាទីផ្សារអចលនទ្រព្យ និងសំណង់ ព្រមទាំងអាជីវកម្មផ្សេងៗទៀតក្នុងខេត្តព្រះសីហនុឱ្យងើបឡើងវិញកាន់តែលឿន។
លោកបានអះអាងថា៖«គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»គឺពិតជាផ្តល់ផលវិជ្ជមានច្រើនទៅដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងម្ចាស់អចលនទ្រ/សំណង់ អ្នកមានបំណងចង់លក់ ចង់ទិញ ព្រមទាំងអ្នកចង់ជួលផងដែរ»។
យោងតាមលោក សេងហួរ អចលនទ្រព្យនៅខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ ៣ និងលេខ ៤ ដែលជាតំបន់នៅជាប់មាត់សមុទ្រ គឺមានតម្លៃខ្ពស់ជាងគេ ដោយបច្ចុប្បន្នមានតម្លៃចន្លោះពី ៣ ៥០០-៤ ៥០០ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕