
ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ។ PPAP
ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(PPAP) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណនាវាដឹកទំនិញ ចំនួនកុងតឺន័រឆ្លងកាត់ និងប្រាក់ចំណូល បានកើនឡើងព្រមគ្នាក្នុងរង្វង់ ៣០ ភាគរយ។
សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) ឱ្យដឹងថា សេវាកម្មអនុវត្តសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៥(ពុំទាន់ធ្វើសវនកម្ម) គឺមានបរិមាណទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់ ចំនួន ១ ២៩៥ ៦៨៥ តោន កើនឡើង ៣១,៨២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤, ចំណែកបរិមាណកុងតឺន័រឆ្លងកាត់ គឺ ១២១ ៤២៥ ធីអ៊ីយូ(TEU) កើនឡើង ៣០,៣៥ ភាគរយ និងនាវាដឹកទំនិញមានចំនួនសរុប ៨៩៧ គ្រឿង កើនឡើង ២៧,២៣ ភាគរយ។
ដោយឡែកប្រាក់ចំណូលសរុបដែល PPAP រកបានក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គឺប្រមាណ ១០,៤១ លានដុល្លារ កើនឡើង ២៩ ភាគរយ។ ប្រភពចំណូលទាំងនេះរួមមាន ចំណូលពីប្រតិបត្តិការផែ, ចំណូលពីអាជ្ញាធរផែ, និងចំណូលពីសេវាកម្មផ្សេងៗ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វឌ្ឍនភាពក្នុងវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា គឺមានសន្ទុះខ្លាំងចាប់តាំងពីចុងឆ្នាំ ២០២៣ មក ដោយសារការកើនឡើងនៃអ្នកវិនិយោគដែលចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ដែលកំពុងជួយរុញច្រានឱ្យមានការកើនឡើងក្នុងវិស័យការដឹកជញ្ជូនទំនិញ។
លោកថ្លែងថា៖«សម្រាប់ឆ្នាំ ២០២៥ នេះ យើងកត់សម្គាល់ឃើញពាក់ព័ន្ធជាមួយអ្នកវិនិយោគក្នុងចុងឆ្នាំ ២០២៤ បានបង្ហាញការកើនឡើងជាងឆ្នាំ២០២៣ អ៊ីចឹងសម្រាប់ឆ្នាំ ២០២៥ គឺខ្ញុំមានជំនឿថាអាចនឹងល្អប្រសើរជាងឆ្នាំ ២០២៤ បន្ថែមទៀត ជាក់ស្តែងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២៥ នេះ»។
របាយការណ៍បង្ហាញថា ក្នុងឆ្នាំ ២០២៤ កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណនាវាឆ្លងកាត់ មានចំនួន ៤ ៨៩៤គ្រឿង កើនឡើង ២៦,៨២ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ចំណែកចំនួនកុងតឺន័រ ឆ្លងកាត់ ៤៨០ ២០០ធីអ៊ីយូ(TEU) កើនឡើង ២១,១៩ ភាគរយ និងទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់ ៤ ៨០៦ ៦៥៤ តោន កើន ១៥.៩១ភាគរយ។
នាពេលបច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ មានចំណតផែ និងចំណតផែរណបតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាបជាមួយនឹងរចនាសម្ព័ន្ធបណ្តាញដឹកជញ្ជូនដ៏ល្អ ដែលតភ្ជាប់កំពងផែទៅកាន់ផ្លូវគោកចំនួន ៧ រួមមាន កំពង់ផែកុងតឺន័រ LM17 ខេត្តកណ្តាល, ចំណតផែអ្នកដំណើរនិងទេសចរណ៍ TS1 រាជធានីភ្នំពេញ, ចំណតផែពហុបំណង TS3 រាជធានីភ្នំពេញ,ចំណតផែរណបពហុបំណង TS11 រាជធានីភ្នំពេញ ព្រមទាំង ចំណតផែរណបពហុបំណង UM1 ខេត្តកណ្តាល និងចំណតផែរណបពហុបំណង UM2 ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM26 ខេត្តព្រៃវែង៕