ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា មាន​សុទិដ្ឋិនិយម​ថាចំនួនភ្ញៀវទេសចរចិន និងការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ពីសំណាក់វិនិយោគិន​ចិន នឹង​​មាន​​សម្ទុះ​ឡើង​បន្ថែម​ទៀត​​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ប្រធានាធិបតី​ចិន លោក​ ស៊ី ជិនពីង មក​កម្ពុជា​។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និង​គណៈ​ប្រតិភូរដ្ឋាភិបាលចិន ព្រម​ទាំង​ផ្នែក​ឯកជន​ចិន​ជា​ច្រើនរូប​​បានធ្វើទស្សនកិច្ច​ផ្លូវ​ការ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល ២ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មេសា ឆ្នាំ​២០២៥។ ​ក្នុងដំណើរ​ទស្សនកិច្ច​នេះ​មាន​​ឯកសារចំនួន ៣៧ ត្រូវបានចុះហត្ថលេខា​ក្រោមអធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត ជាមួយ​​លោក ស៊ី ជិនពីង។

ឯកសារទាំងនេះមាន​ភាគ់​ព័ន្ធ​នឹង​វិស័យ​មួយ​ចំនួន​​ដូច​ជា ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ស្តី​ពី​ដំណើរទស្សនកិច្ចផ្លូវ​ការ​របស់លោកប្រធានាធិបតី​ចិន​នៅកម្ពុជា បាន​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ដ៏មាន​សារៈ​សំខាន់​នេះ គឺ​មិន​ត្រឹម​តែ​​​បញ្ជាក់​សាជាថ្មី​ពីការប្តេជ្ញាចិត្ត​ឥតងាករេ​ចំពោះ​ទំនាក់​ទំនង​មិត្តភាពដែក​​ថែប​រវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ពង្រឹង និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ រវាង​ប្រទេស​ទាំង ២ ផងដែរ​។

ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍ ភាគីទាំង ២ បាន​ឯកភាព​កំណត់​យក​ឆ្នាំ ២០២៥ ជា​«​ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន» និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្លួន​ឱ្យ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង ២ កាន់​តែ​ច្រើន​។ ភាគី​ទាំង ២ នឹង​រួមគ្នា​អភិវឌ្ឍ​វិថីទេសចរណ៍ ការ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សុវត្ថិភាព​ទេសចរណ៍​។​

ប្រ​ធាន​សមាគម​មគ្គុទេសក៍​ទេស​ចរណ៍​ភាសា​ចិន​កម្ពុជា លោក អន​ហេង សុ​ភ័​ក្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៨ ខែមេសា ថា​ វត្តមាន​របស់​ថ្នាក់ដឹក​នាំ​កំពូល​​សាធារណរដ្ឋចិន​​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ នឹង​ផ្តល់​ផល​វិជ្ជមាន​​ច្រើន​សម្រាប់​កម្ពុជា។

វិស័យ​ទេសចរណ៍​ នៅ​ពេល​មាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំចិន​ឱ្យ​មក​​កម្សាន្ត​​នៅ​កម្ពុជា គឺ​ប្រាកដ​ណាស់​នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​កម្ពុជា​ច្រើន​ជាង​មុន​ជា​មិន​ខាន​។

លោក​ប្រាប់​ទៀត​ថា ភ្ញៀវ​ទេសច​រ​ចិន​បានចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​មុន​ពេល​ពិភពលោក​ជួប​នឹង​​វិបត្តិ​​​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩ នា​អំឡុង​ដើម​ឆ្នាំ​២០២០​។​​

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ឆ្នាំ​ ២០១៩ គឺជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​​ជាតិ​ចំនួន ៦,៦១ ​លាន​នាក់ កើន ៦,៦​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ ភ្ញៀវ​ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ ២,៣៦ លាននាក់(ស្មើនឹង ៣៥,៧ ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប) កើន​ឡើង ១៦,៧​ភាគរយ​។ ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ទេសចរណ៍​អន្តរ​ជាតិ​នៅពេលនោះ គឺ ៤,៩២​ ពាន់​លាន​ដុល្លារ​។ វិស័យ​ទេស​​ចរណ៍​បាន​ចូលរួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ១២,១​ ភាគរយ​។

លោក អន​ហេង សុ​ភ័​ក្រ ​បាន​បញ្ជាក់​ថា៖​«​តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង មកកម្ពុជា ខ្ញុំសង្ឃឹមថានឹងមាន​ការវិនិយោគ និងភ្ញៀវទេសចរចិនបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសតាមរយៈថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន កំណើនភ្ញៀវទេសចរនឹងមានការកើនឡើង​»។

សម្រាប់​​ឆ្នាំ​ ២០២៤ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៦,៧ លាន​នាក់ កើន​ឡើង​ ២២,៩ ​ភាគរយ​ ធៀបនឹងឆ្នាំ២០២៣ ក្នុង​នោះ​ជន​ជាតិ​ចិន​ស្ថិត​នៅ​លេខ​រៀង​ទី ៣ ជាមួយ​នឹង​ចំនួន ៨៤៨ ៩៥២ នាក់ កើន​ឡើង ១២,៧​ភាគ​រយ​។ ​រយៈ​ពេល ២ ខែ​ដើម​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀ​បរទេស​សរុប​ចំនួន ១,២៦ លាន​នាក់ កើន​ឡើង ២៧,៩​ភាគរយ​ធៀប​នឹង​រយៈ​ពេល ២ ខែ​ដើម​ឆ្នាំ​២០២៤ ក្នុង​នោះ​ភ្ញៀវ​ជនជាតិ​ចិនចំនួន ១៨៤ ៣៧២នាក់ កើន​ឡើង ៦៧,៦ ភាគរយ​។​

ក្រសួង​ទេសចរណ៍បាន​ព្យាករណ៍​​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា​នឹង​កើន​ឡើងដល់​ចន្លោះ​ពី ៧,២ ទៅ ៧,៥ លាន​នាក់ នៅ​ឆ្នាំ​២០២៥ ​នេះបន្ទាប់​ពី​មាន​សញ្ញា​ល្អ​នៅ​ឆ្នាំ​ ២០២៤។ រដ្ឋាភិបាល​ក៏​នឹង​បន្ត​ឆ្នាំ​ផ្លាស់​ប្ដូរ​ប្រជាជន​កម្ពុជា-ចិន និង​ឆ្នាំ​ទេសចរណ៍​កម្ពុជា-ឥណ្ឌា នៅ​ឆ្នាំ​២០២៥​ នេះផងដែរ​៕