
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ STPM
អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតគឺជាកម្លាំងចលករថ្មីមួយបន្ថែមទៀតដែលនឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ហើយក៏ជួយជំរុញឱ្យការដើរកម្សាន្តតាមបណ្តាកោះនានាមានកាន់តែច្រើនផងដែរ។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានប្រកាសបើកសម្ពោធឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កំពង់ផែនេះ សាងសង់លើផ្ទៃដី ៤,២៥ហិកតា ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ថ្លែងក្នុងពិធីសម្ពោធកំពង់ផែសមុទ្រទេសចរណ៍ខេត្តកំពត លោក ហ៊ុន ម៉ាណែត បានចាត់ទុកកំពង់ផែទេសចរណ៍កំពត គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សេវាកម្មទេសចរណ៍ តាមរយៈការតភ្ជាប់ទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗទាំងនៅក្នុងប្រទេស និងអន្តរជាតិ។
លោកបន្តថា គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍កំពតនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
លោកបន្តថា ការដាក់ឱ្យដំណើរការសាកល្បងនាពេលកន្លងមកបានប្រព្រឹត្តទៅយ៉ាងល្អ ទោះបីមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់។ កំពង់ផែនេះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ្រ និងការធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនានាដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចជាដើម។
ទោះយ៉ាងណា លោកក៏ណែនាំឱ្យបានការគិតគូរបន្ថែមពីការរៀបចំ និងអនុវត្តផែនការវិនិយោគ និងពង្រីកបន្ថែមឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍នេះបានយូរអង្វែង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះបន្ថែមទៀតសម្រាប់នាវាធំៗដឹកអ្នកដំណើរ និងភ្ញៀវទេសចរចូល-ចេញឱ្យបានកាន់តែច្រើន។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២១ ខែមេសាថា កំពង់ផែទេសចរណ៍នេះពិតជានឹងចូលរួមចំណែកក្នុងការបង្កើនសក្តានុពលទាក់ទាញ និងអភិវឌ្ឍន៍វិស័យទេសចរតំបន់សមុទ្រក្នុងខេត្តកំពតឱ្យកាន់តែប្រសើរ ខណៈទំនោរនៃការធ្វើទេសចរណ៍តាមផ្លូវទឹក ក៏ដូចជាការធ្វើដំណើរទៅកម្សាន្តតាមបណ្តាកោះនៅកម្ពុជាក៏កំពុងកើនឡើងផងដែរ។
លោកប្រាប់ទៀតថា៖«កំពង់ផែទេសចរណ៍នេះ នឹងជួយធ្វើឱ្យមានការតភ្ជាប់ផ្លូវទឹករបស់ខេត្តជាប់មាត់សមុទ្រទាំង ៤ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។ បន្ថែមពីលើនេះវាក៏នឹងជួយទាក់ទាញភ្ញៀវទេសចរតាមនាវា ពីបណ្តាប្រទេសជិតខាងឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនផងដែរ»។
ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត លោក សយ ស៊ីណុល បាននិយាយថា នេះជាកំពង់ផែទេសចរណ៍ ទី១ ក្នុងខេត្តកំពត ដែលវានឹងជួយធ្វើឱ្យការតភ្ជាប់តាមផ្លូវទឹកកាន់តែងាយស្រួល ជាពិសេសការតភ្ជាប់ទៅកោះនានា និងប្រទេសជិតខាង។ នេះជាការបង្កើតឱកាស និងជាសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរតាមផ្លូវទឹកដែលមិនធ្លាប់មានកាលពីមុនក្នុងខេត្តកំពត។
លោកប្រាប់ទៀតថា តាមរយៈការបើកឱ្យដំណើរការសាងល្បងនាពេលកន្លងមក(ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥) គឺមានភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ជិត ៧ ពាន់នាក់។
លោកបញ្ជាក់ថា៖«នេះបង្ហាញពីសក្តានុពលដ៏ធំធេងនៃកំពង់ផែទេសចរណ៍នេះ ដែលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ខេត្តកំពត។ វិស័យទេសចរណ៍កំពុងត្រូវបានថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ជាខ្លាំង»។
បើតាមលោក ស៊ីណុល រយៈពេល ៣ខែដើមឆ្នាំ ២០២៥ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជិត ៦០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានជាង ៥ ម៉ឺននាក់។ ដោយឡែកអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ជាង ១,៣លាននាក់។
យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានកំពង់ផែសមុទ្រ និងកំពង់ផែតាមដងទន្លេចំនួន ១១៩ កន្លែងកំពុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា ក្នុងនោះតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ រួមទាំងកំពង់ផែចំនួន ៣០ ផ្សេងទៀត និងនៅតាមដងទន្លេមានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧៕