លោក​ស្រី Catherine West រដ្ឋមន្ត្រី​​ចក្រភព​អង់គ្លេស​សម្រាប់​កិច្ច​ការ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​​​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច ភាព​ធន់​នឹង​អាកាសធាតុ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ។

លោកស្រីបំពេញ​ទស្សនកិច្ច​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នៅ​ថ្ងៃ​ទី២២ ខែ​មេសា​នេះ ដែលអាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​គូរ​ប្លង់​ដោយ​ក្រុមហ៊ុន​ចក្រភព​អង់គ្លេស Foster + Partners។ នេះ​តាម​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។

ស្ថានទូត​ចក្រភព​អង់គ្លេស​បញ្ជាក់​ថា​ លោកស្រី Catherine West នឹង​ជួប​ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

លោក​ស្រី Catherine West ថ្លែង​ថា៖ «ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នៅ​ថ្ងៃ​នេះ គឺ​ជា​សក្ខីភាព​នៃ​ភាព​ជាដៃគូ​ទំនើប​រវាង​ចក្រភព​អង់គ្លេស​និង​កម្ពុជា។ ហេដ្ឋារចនា​សម្ព័ន្ធ​បែប​នវានុវត្ត​និង​បៃតងបែប​នេះ​​ សក្តិសម​ទៅ​នឹង​អនាគត​របស់​កម្ពុជា ហើយ​អាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​គូរប្លង់​ដោយ​ក្រុមហ៊ុន​ចក្រភព​អង់គ្លេស។ នេះ​​ជា​សមិទ្ធផល​មួយដែល​​យើង​មិន​អាច​គិត​ថា​កើត​មាន​កាល​ពី​៣០​ឆ្នាំ​មុន»។

លោកស្រីបន្ត​ថា ទំនាក់​ទំនង​រវាង​ចក្រភព​អង់គ្លេស​និង​កម្ពុជា មាន​លើស​ពី​អគារ​មួយ​នេះ គឺ​មាន​ទៅ​លើ​ភាព​ជា​ដៃគូ​ជា​ច្រើន​ទៀត ទាំង​ការ​ពង្រីក​ពាណិជ្ជកម្ម​ដែល​បង្កើត​ការងារ ការពារ​អាកាសធាតុ និង​ធម្មជាតិ និង​ការ​​ពង្រីក​ការ​ទទួល​បាន​ការ​អប់រំ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ចុះអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដី​ពី​ការ​អភិវឌ្ឍ​ហេរដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ រួម​ទាំង​ការ​គាំទ្រ​ដល់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង និង​គំនិត​ផ្ដួច​ផ្ដើម​មួយ​ចំនួន​ទៀត។​

លោកស្រី​ក៏​នឹង​ជួប​ពិភាក្សា​​​ជាមួយ​សភាពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស និង​សាកល​វិទ្យាល័យ​​ចក្រភព​អង់គ្លេស De Montfort ផង​ដែរ៕