
កិច្ចពិភាក្សានៃវេទិកា«បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា»។ ហ៊ឹន ពិសី
បុព្វលាភធានារ៉ាប់រងនៅកម្ពុជា ក្នុងឆ្នាំ ២០២៤ មានទឹកប្រាក់សរុប ៣៥៧ លានដុល្លារ កើនជាង ៣ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ខណៈការទូទាត់សំណងទៅកាន់អតិថិជនមានទឹកប្រាក់ជិត ៩១ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់សមាគមធានារ៉ាប់រងកម្ពុជា(IAC)។
IAC ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទឹកប្រាក់បុព្វលាភធានារ៉ាប់រងនៅកម្ពុជា ក្នុងឆ្នាំ ២០២៤ មានចំនួនសរុប ៣៥៧ លានដុល្លារ កើនឡើង ៣,៤៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមានបុព្វលាភ ៣៤៥,១ លានដុល្លារ។ បុព្វលាភក្នុងឆ្នាំ ២០២៤ គឺបានមកពីធានារ៉ាប់រងអាយុជីវិត មានបុព្វលាភ ២០០,២ លានដុល្លារ កើនពី ១៩៤,៧ លានដុល្លារកាលពី ឆ្នាំ២០២៣, ធានារ៉ាប់រងទូទៅ(ទ្រព្យសម្បត្តិ សុខភាព អាយុជីវិត អគ្គិភ័យ យានយន្ត វិស្វកម្ម ដឹកញ្ជូន និងហានិភ័យមួយចំនួន) មានចំនួន ១៤៨ លានដុល្លារ កើនពី ១៤៣,២ លានដុល្លារ, និងធានារ៉ាប់រងខ្នាតតូច ៨,៨ លានដុល្លារ កើនពី ៧,២ លានដុល្លារ។
ផលិតផលធានារ៉ាប់រងទូទៅ ដែលមានអតិថិជនទិញច្រើន ក្នុងឆ្នាំ ២០២៤ គឺជាធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ/អគ្គិភ័យ, សុខភាព, យានយន្ត, វិស្វកម្ម, នាវា-យន្តហោះដឹកជញ្ជូន ជាដើម។
ទន្ទឹមនឹងបុព្វលាភខាងលើ វិស័យធានារ៉ាប់រងកម្ពុជា ក្នុងឆ្នាំ ២០២៤ ក៏បានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមរយៈការទូទាត់សំណងជូនអតិថិជនដែលជាការចូលរួមចំណែករក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុជូនបុគ្គលដែលជួបហានិភ័យ ឬគ្រោះថ្នាក់ចៃដន្យផ្សេងៗក្នុងទឹកប្រាក់សរុប ៩០,៩ លានដុល្លារ កើនឡើងពីចំនួន ៦៣,៣ លានដុល្លារកាលពីឆ្នាំ២០២៣។ ទឹកប្រាក់នៃការទូទាត់រួមមាន ធានារ៉ាប់រងទូទៅ ៥៦ លានដុល្លារ កើនពី ៤៦,៣ លានដុល្លារ, ធានារ៉ាប់រងអាយុជីវិត ៣២,៦ លានដុល្លារ កើនពី ១៦ លានដុល្លារ និងធានារ៉ាប់រងខ្នាតតូច ២,១ លានដុល្លារ កើនពី ១ លានដុល្លារ។
ថ្លែងក្នុងវេទិកាចែករំលែកព័ត៌មានអំពី«បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាដែលរៀបចំឡើងដោយសមាគមធានារ៉ាប់រងកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋគារ កាំបូឌីយ៉ាណា កាលពីថ្ងៃទី២២ ខែមេសា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា វិស័យធានារ៉ាប់រងបានឈានដល់ចំណុចកំពូលជាយូរមកហើយនៅបណ្តាប្រទេសអភិវឌ្ឍន៍ ដោយសេវាធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ និងសង្គម ជាពិសេសនៅពេលបុគ្គល គ្រួសារមានជួបនឹងគ្រោះធម្មជាតិ ឬហេតុការណ៍ចៃដន្យណាមួយ។ ទោះយ៉ាងណា សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ការប្រើប្រាស់សេវាកម្មធានារ៉ាប់រងគឺនៅមានកម្រិតនៅឡើយ។
លោកលើកឡើងទៀតថា សម្រាប់ទីផ្សារធានារ៉ាប់រងនៅកម្ពុជានៅពេលនេះ គឺអាចនិយាយថា ប្រជាជនមានលទ្ធភាពក្នុងការទិញសេវាធានារ៉ាប់រងច្រើនជាងមុន គ្រាន់តែចំណេះដឹងទាក់ទងនឹងវិស័យធានារ៉ាប់រងរបស់ប្រជាជនខ្មែរនៅមានកម្រិត។ ជារួមក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាទាំងមូលមានកំណើនជាមធ្យម ៧,១ភាគរយ។
ទោះយ៉ាងណា លោកបញ្ជាក់ថា៖«ខ្ញុំសង្ឈឹមថា ពី១ថ្ងៃទី១ថ្ងៃ ពី១ឆ្នាំ ទី១ឆ្នាំ ប្រជាជនរបស់យើងនឹងមានការយល់ដឹងពីវិស័យធានារ៉ាប់រងកាន់តែច្រើន ហើយការស្វែងរកសេវាធានារ៉ាប់រងក៏នឹងមានកាន់តែច្រើនផងដែរ»។
យោងតាម IAC ក្នុងឆ្នាំ២០១២ បុព្វលាភធានារ៉ាប់រងដុល មានចំនួន ៣៦,១ លានដុល្លារ និងក្នុងឆ្នាំ ២០១៩ បានហក់ឡើងដល់ ២៥២,៨ លានដុល្លារ, ឆ្នាំ២០២០ មានចំនួន ២៧២,៩ លានដុល្លារ, ឆ្នាំ២០២១ មានចំនួន ២៩៧,៦ លានដុល្លារ, ឆ្នាំ ២០២២ ចំនួន ៣៣៤,៤ លានដុល្លារ, និងឆ្នាំ ២០២៣ មានចំនួន ៣៤៥,១ លានដុល្លារ។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បាននិយាយថា ធានារ៉ាប់រង គឺជាឧបករណ៍នៃការបង្កើតនូវសំណាញ់សុវត្ថិភាពសម្រាប់បុគ្គល និងគ្រួសារ ដើម្បីការពារនូវហានិភ័យដែលកើតឡើងជាយថាហេតុ។
បច្ចុប្បន្នក្រុមការងាររបស់សមាគមបាននិងកំពុងខិតខំធ្វើការផ្សព្វផ្សាយពីចំណេះដឹងពីវិស័យធានារ៉ាប់រងទៅដល់ប្រជាពលរដ្ឋ ព្រមទាំងបង្កើតទំនុកចិត្តទៅលើសេវាកម្មធានារ៉ាប់រងឱ្យកាន់តែប្រសើរ។
លោកបានថ្លែងថា៖«ការទិញធានារ៉ាប់រង គឺប្រៀបបានទៅនឹងការទិញនូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់បុគ្គល និងគ្រួសារ»។
យោងតាម IAC វិស័យធានារ៉ាប់រងនៅកម្ពុជាបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៩០ ដោយមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១។ បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ដោយ ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ១។ ទ្រព្យសកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងមានប្រមាណ ១ ២០៤លានដុល្លារ៕