ភ្នំពេញ៖​ ការ​ដំឡើង​ពន្ធរបស់​សហរដ្ឋ​អាមេរិក​ ៤៩ភាគរយ​ «សមតុល្យ​ជញ្ជឹង​ពាណិជ្ជកម្ម»  លើ​ការ​នាំចេញ​របស់​កម្ពុជា​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ក្នុងចំណោម​អ្នក​នៅ​ក្នុងវិស័យ​​ឧស្សាហកម្ម ដោយសារ​សេដ្ឋកិច្ច​ប្រឈម​នឹង​ភាពមិនច្បាស់លាស់ចំពោះ​ការ​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​នេះ​​។​

ថ្លែង​នៅក្នុង​វេទិកា «​បច្ចុប្បន្នភាព​ទីផ្សារ​៖ ប្រធានបទ​ថ្មីៗ​ស្តីពី​ពន្ធដារ​» ដែល​រៀបចំ​ដោយ​សភាពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា (IBC) នៅ​ការិយាល័យ KPMG Cambodia ​ថ្ងៃទី ២៣ ខែមេសា អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​បាន​ស្រាយ​បញ្ជាក់​អំពី​ផលប៉ះពាល់​នៃ​ការវិវត្ដន៍​​ចុងក្រោយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។

​​អត្រាពន្ធ ​«សមតុល្យ​ជញ្ជឹង​ពាណិជ្ជកម្ម» ​ត្រូវបាន​ប្រកាស​កាលពីដើម​ខែ​នេះ​ដោយ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវបាន​ពន្យារពេលការអនុវត្តរ​យៈ​ពេល ៩០ ថ្ងៃ ដើម្បី​បើក​ផ្លូវ​ចរចា​។

គោលនយោបាយ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​លើ​ការអនុវត្ត​ពាណិជ្ជកម្ម និង​នាំយក​ការផលិត​កាន់តែច្រើន​មក​ដី​អាមេរិក​វិញ​។​

អ្នកស្រី​ សូ ដា​រី ប្រធាន​ផ្នែក​សេវាកម្ម​សាជីវកម្ម KPMG ប្រចាំ​នៅ​កម្ពុជាធ្វើ​បទបង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ ដែល​កម្ពុជា​នៅមានពេល ៩០ថ្ងៃ​ក្នុងការ​ចរចា​។ រូបថត ហុង រស្មី  

អ្នកស្រី​ សូ ដា​រី ប្រធាន​ផ្នែក​សេវាកម្ម​សាជីវកម្ម KPMG ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា៖ «​​ចាប់ពី​ខែមករា ឆ្នាំ​២០២៤ ដល់​ខែមករា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ១២,៨ ពាន់​លាន​ដុល្លារ​ទៅកាន់​សហរដ្ឋអាមេរិក ដែល​ស្មើនឹង ៣៨ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​យើង​»។

​អ្នកស្រី​បាន​បន្ថែមថា៖ «ផលិតផល​នាំ​ចេញ​​នោះ ​រួមមាន​សម្លៀកបំពាក់ កៅស៊ូ ប្លាស្ទិក និង​ផលិតផល​ស្បែក​។ ពន្ធ ៤៩ភាគរយ​ នឹងជះ​​ផលវិបាក​​​សម្រាប់​សេដ្ឋកិច្ច​របស់​យើង និង​អ្នកវិនិយោគ​ជាច្រើន​ដែល​ជាប់ទាក់ទង​នឹង​ទីផ្សារ​សហរដ្ឋអាមេរិក​»​។​

អ្នកស្រី ដារី​ បាន​ពន្យល់ថា ការយល់​អំពី​ច្បាប់​នៃ​ប្រភពដើម និង​លេខ​កូដ​ប្រព័ន្ធ​ចុះសម្រុង​គ្នា (HS) សម្រាប់​ទំនិញ​នាំចេញ​នឹងមាន​សារៈសំខាន់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។​

ផលិតផល​ដែល​ត្រូវបាន​ចាត់ថ្នាក់​ក្រោម​លេខ​កូដ HS ជាក់លាក់​អាច​ស្ថិតនៅក្រោម​កម្រិត​ពន្ធ​ផ្សេងៗ​គ្នា អាស្រ័យ​លើ​ការចាត់ចំណាត់ថ្នាក់​ និង​ប្រទេស​ដើម​របស់​វា​។​

អ្នកស្រី​បាន​កត់សម្គាល់ថា៖ «អាជីវកម្ម​ចាំបាច់​ត្រូវ​វាយតម្លៃ​ឡើងវិញ​នូវ​កិច្ចសន្យា ខ្សែច្រវាក់​​ផ្គត់ផ្គង់ និង​ឯកសារ​។ ការ​ធានាថា ​ផលិតផល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ជា «​ផលិត​ក្នុងប្រទេស​កម្ពុជា​» ក្រោម​ស្តង់ដា​​ទាំង​កម្ពុជា និង​សហរដ្ឋអាមេរិក អាចធ្វើ​ឱ្យមាន​ភាពខុស​គ្នា​យ៉ាងសំខាន់​ក្នុង​អត្រាពន្ធ​»។​

បន្ថែម​លើ​ភាពស្មុគស្មាញ សម្ភារៈ​នាំចូល​របស់​កម្ពុជា​ជិត ៤៧ភាគរយ​ មាន​ប្រភព​មកពី​ប្រទេស​ចិន ដែល​បង្កើន​ការភ័យខ្លាច​ថា​ ផលិតផល​ដែល​បាន​ប្រមូលផ្តុំ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​សមាសធាតុ​របស់​ចិន​ក៏​អាច​ប្រឈមមុខ​នឹង​ការយកពន្ធ​ខ្ពស់​ផងដែរ ប្រសិនបើ​សហរដ្ឋអាមេរិក​កំណត់​គោលដៅ​ទំនិញ​ដែលមាន​ការពាក់ព័ន្ធ​ខ្សែ​ច្រវាក់​​ផ្គត់ផ្គង់​របស់​ចិន​ខ្លាំង​។​

លោក James Roberts ប្រធាន​ទីប្រឹក្សា​នៅ KPMG នៅ​កម្ពុជា ថ្លែង​ក្នុង​​វេទិកា «​បច្ចុប្បន្នភាព​ទីផ្សារ​៖ ប្រធានបទ​ថ្មីៗ​ស្តីពី​ពន្ធដារ​» ដែល​រៀបចំ​ដោយ​សភាពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា (IBC) នៅ​ការិយាល័យ KPMG Cambodia ​ថ្ងៃទី ២៣ ខែមេសា។ រូបថត ហុង រស្មី 

លោក James Roberts ប្រធាន​ទីប្រឹក្សា​នៅ KPMG នៅ​កម្ពុជា បានពន្យល់​ពី​​ភាព​តានតឹង​សេដ្ឋកិច្ចពិភពលោក​។​

លោក​បាន​ពន្យល់ថា៖ «​​យើង​កំពុងស្ថិត​​ក្នុង​គ្រា​នៃ​ភាពមិនប្រាកដប្រជា​។ ពន្ធគយ​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​នៃ​ការចរចា ប៉ុន្តែ​វា​ប៉ះពាល់​​ប្រទេស​កម្ពុជា​ផងដែរ»​។​

លោក​បាន​បន្តថា​៖ «​នៅពេល​ដំរី​ប្រយុទ្ធគ្នា​ ស្មៅ​ក៏​រងគ្រោះ ហើយ​យើង​ជា​ស្មៅ​។ ការប៉ះពាល់​ខ្សែច្រវាក់​​ផ្គត់ផ្គង់​ទៅ​ប្រទេស​ចិន​គឺជា​ហានិភ័យ​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​កម្ពុជា​»​។​

លោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ផលប៉ះពាល់​នៃ​ការយកពន្ធ​មិនមានជះ​ឥទ្ធិពល​តែ​​​ប្រទេស​កម្ពុ​ជា​​នោះ​ទេ​​។​

លោក Roberts បាន​ឱ្យ​ដឹង​ថា៖ «​​ពន្ធ​ជំរុញ​តម្លៃ​នៅ​សហរដ្ឋអាមេរិក នាំឱ្យ​អតិផរណា មិនមែន​ការ​រស់​ឡើងវិញ​នៃ​ឧស្សាហកម្ម​ទេ​។ អាវយឺត​ដែលមាន​តម្លៃ ១ ដុល្លារ​សម្រាប់​ផលិត​នៅ​កម្ពុជា មិនអាច​ជំនួស​ដោយ​តម្លៃ​ស្មើនឹង ២០ដុល្លារ​ ដែល​ផលិត​នៅ​អាមេរិក​មួយ​យប់​នោះទេ​។ ការចំណាយ​នឹង​កើនឡើង​ជាធម្មតា ហើយ​អ្នកប្រើប្រាស់​នឹង​ចំណាយ​កាន់តែច្រើន»​។​

ខណៈពេលដែល​អត្រាពន្ធ​ថ្មី​​​​ស្ថិតក្នុង​ដំណាក់កាល​ចរចា វាគ្មិន​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការវាយតម្លៃ​ហានិភ័យ​ភ្លាមៗ និង​ការធ្វើផែនការ​បន្ទាន់​។​

ពី​ការកែតម្រូវ​ខ្សែច្រវាក់​​ផ្គត់ផ្គង់​ឡើងវិញ ដល់​ការ​ពិនិត្យមើល​ឡើងវិញ​នូវ​ក្របខ័ណ្ឌ​ច្បាប់ និង​ឯកសារ​កំណត់​តម្លៃ​ផ្ទេរ ក្រុមហ៊ុន​ត្រូវបាន​ជំរុញ​ឱ្យធ្វើ​សកម្មភាព​ឥឡូវនេះ ជាជាង​រង់ចាំ​ការសម្រេចចិត្ត​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក​។​

​អ្នកស្រី​ ដា​រី ក៏បាន​កត់សម្គាល់​ថា សេដ្ឋកិច្ច​​​​​របស់​កម្ពុជា​នៅតែ​ស្ថិតនៅ​លើផ្លូវ​រីកចម្រើន ដោយ​ផលិតផល​ក្នុងស្រុក​សរុប​រំពឹងថា​នឹង​កើនឡើង ៥,៥​ភាគរយ​នៅ​ឆ្នាំនេះ​ដល់ ៣១,៦​​ ពាន់​លាន​ដុល្លារ​។​

ការនាំចេញ​សរុប​បាន​កើនឡើង ១៥,៧ភាគរយ​ ដល់ ២៦,៧​​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤​ ដែល​ជំរុញ​ដោយ​តម្រូវការ​ខ្លាំង​ពី​សហរដ្ឋអាមេរិក​ជាពិសេស​។ យ៉ាងណាមិញ កំណើន​នោះ​ឥឡូវ​ស្ថិតក្នុង​គ្រោះថ្នាក់​។​

អ្នកស្រី​​បាន​និយាយថា៖ «​​កំណើន​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ធន់​នៃ​វិស័យ​ផលិតកម្ម​របស់​យើង ប៉ុន្តែ​ផែនការ​ពន្ធ​ថ្មី​របស់​សហរដ្ឋអាមេរិក​ធ្វើឱ្យ​យើង​នៅ​ផ្លូវបំបែក​មួយ»។​

នៅពេលដែល​ប្រទេស​កម្ពុជាស្ថិត​​ក្នុង​ភាព​មិន​ច្បាស់លាស់​​នេះ មេដឹកនាំ​ធុរកិច្ច និង​អ្នកវិភាគ​ដូចគ្នា​បាន​និយាយថា គន្លឹះ​សំខាន់​គឺ​ភាពរហ័សរហួន ការទូត និង​ការរៀបចំ​ហ្មត់ចត់​។​

លោក Roberts បានបញ្ជាប់​ថា​៖ «​នេះ​មិនមែនជា​ពេលវេលា​ដែល​ត្រូវ​ភ័យខ្លាច​នោះទេ ប៉ុន្តែ​វា​ជា​ពេលវេលា​ដើម្បី​រៀបចំ​​។ ​​តាមដាន​ការប៉ះពាល់​របស់​អ្នក ធ្វើ​ពិពិធ​កម្ម​កន្លែង​ដែល​អាចធ្វើ​ទៅបាន ហើយ​ត្រៀមខ្លួន​ដើម្បី​សម្រប​ខ្លួន»​។​

ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នឹងមាន​អ្វី​ថ្មីៗ​កើតឡើង​ នៅពេលដែល​ការចរចា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នៅតែ​បន្ត ហើយពាណិជ្ជកម្ម​នៅតែ​ជា​វិស័យ​សក្តានុពល​ដែល​អាច​ផ្លាស់ប្តូរ​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​៕​