
រូបតំណាង KHQR និង JPQR។ សហការី
ធនាគារជាតិនៃកម្ពុជា(NBC) និងសមាគមទូទាត់ជប៉ុន(JPQR) បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU)ស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR» ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ NBC បានផ្សាយនៅព្រឹកថ្ងៃទី២៥ ខែ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់ជាមួយគ្នាក្នុងគោលបំណងដើម្បីបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងជប៉ុនឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកូតរវាង KHQR និង JPQR នេះត្រូវបានបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ គឺប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង អាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករទូទាត់តាមយ្យូអរកូតជាមួយភាគីកម្ពុជា។
NBC បានបញ្ជាក់ថា៖«ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬប្រទេសជប៉ុន»។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែមតាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
បើយោងតាម NBC ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើងដោយផ្អែកលើក្របខណ្ឌអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្នាក់ជាតិដែលបានចុះហត្ថលេខាដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់ តាមយ្យូអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
NBC បានបញ្ជាកថា៖«ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុង វិស័យសាធារណៈ និងឯកជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។
ប្រតិបត្តិការ ទូទាត់ឆ្លងដែនតាមយ្យូអរកួតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥។
យោងតាម NBC គិតមកដល់ពេលនេះ កម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនជាមួយនឹងប្រទេសជាច្រើនដូចជា ថៃ ឡាវ ម៉ាឡេស៊ី វៀតណាម ចិន និងបណ្តាមួយចំនួនទៀត ដើម្បីគាំទ្រដល់វិស័យសំខាន់ៗដូចជា ទេសចរណ៍, ពាណិជ្ជកម្ម និងការវិនិយោគជាដើម៕