កម្ពុជា​-ចិន សម្រេចបានកិច្ចព្រមព្រៀង​នាំចេញ​​កូនក្រពើ​ ផ្លែទុរេន ​និងសំបុក​ត្រចៀកកាំ ​ទៅ​កាន់​ទីផ្សារ​ចិន​ជាផ្លូវ​ការ​ចាប់​ពី​ពេល​នេះ​តទៅ​។​ កិច្ចព្រមព្រៀងនេះ​សម្រេច​បាន​ក្នុង​អំឡុងពេល​ប្រធានាធិបតីចិន លោក ស៊ី ជីនពីន មកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​កាលពី​ថ្ងៃទី១៧-១៨​ ខែមេសា ឆ្នាំ​២០២៥។

ប្រធានសហព័ន្ធ​​ត្រចៀបុកកកាំកម្ពុជា លោក ណាង សុធី (Nang Sothy, Cambodia Swiftlet Federation) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​សប្តាហ៍​នេះ​ថា កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២៥ ប្រមុខរដ្ឋាភិបាល​នៃប្រទេសកម្ពុជា និង​ចិន ​បានចុះហត្ថលេខា​អនុស្សរណៈយោគយល់គ្នាទាំង ៣៧ ក្នុងនោះ មានចំនួន ៣ ពាក់ព័ន្ធនឹង​កសិកផល​កសិកម្មកម្ពុជា​ គឺមានសំបុកត្រចៀកកាំ​ ធុរេន និងកូន​​ក្រពើ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន​ចាប់ពីពេលនេះតទៅ។

លោកបាន​ថ្លែង​ថា៖«​​សំបុកត្រចៀកកាំកម្ពុជា​ គឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​គុណភាព​ល្អ ព្រោះប្រទេសយើង​មានបរិស្ថាន​បៃតង​ល្អច្រើនជាងគេ​​បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ​ដូចជា ថៃ វៀតណាម​ ឥណ្ឌូនេស៊ី និង​ ម៉ាឡេស៊ី​ ជាដើម​ ដែល​ឧស្សាហកម្ម​គេរីកចម្រើនជាងយើង​ ដូច្នេះ​ផ្សែងពុលគីមីគ្រប់សព្វបែបយ៉ាង​​ក៏​មាន​ច្រើន​ដែរ​»។

លោក​បន្ត​ថា៖​«​ខ្ញុំជឿជាក់ថា ទិន្នផល​នៃ​សំបុក​ត្រចៀកកាំ​របស់យើង គឺ​មាន​គុណភាពល្អ និង​អាច​ប្រកួតប្រជែងក្នុងតម្លៃមួយយ៉ាងខ្ពស់​»។

លោកបន្ថែមទៀតថា តាមរយៈអនុស្សរណៈនេះ​គឺកម្ពុជា​អាចនាំចេញសំបុកត្រចៀកកាំដែលមិនទាន់កែច្នៃ​ និង​សំបុកត្រចៀកកាំដែល​កែច្នៃរួច​ ក្រោមវិញ្ញាបនបត្រ​ភូតគាមអនាម័យរបស់​កម្ពុជា​។

យោងតាម​លោក ណាង សុធី នៅ​កម្ពុជា​បច្ចុប្បន្ន​​អាច​មាន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​(ផ្ទះចិញ្ចឹម​)​ ​ចន្លោះពី ៣ ០០០ ទៅ ៣ ៥០០ខ្នង។ ទោះយ៉ាង​ណា ចំនួន​ផ្ទះ​ដែល​ចុះ​បញ្ជី​អភិរក្ស​នៅក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ​ មាន​ប្រហែល ៧០០ផ្ទះ​ប៉ុណ្ណោះ។​

សូមបញ្ជាក់ថា ក្នុងអំឡុងពេល​ប្រធានាធិបតីចិន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​​ មានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមាន ការលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។

ឯកសារទាំង​នេះ គឺ​មិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន​ដែលបានចុះហត្ថលេខា​លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់​រោងចក្រ ថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែក ជាដើម៕