
ពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ CDC
វិស័យឯកជន មានសុទិដ្ឋិនិយមថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងហក់ឡើងកាន់តែខ្ពស់ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD(Build Your Dream)បានចាប់បើកដំណើរការសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីក្នុងទឹកដីប្រទេសកម្ពុជា ដោយគ្រោងនឹងចាប់ផ្តើមដំណើរការដំឡើងជាផ្លូវការនៅដើមខែវិច្ឆិកា ខាងមុខ។
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ីវ៉ាយឌី ខេមបូឌា ឯ.ក (BYD Cambodia Co., Ltd.) ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់ក្នុងថ្ងៃទី២៨ ខែមេសា នេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២ លានដុល្លារសម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ(EV) និងអគ្គិសនីលាយសាំង (PHEV)។
រោងចក្រនេះនឹងមានសមត្ថភាពដំឡើងរថយន្តប្រមាណ ១ ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗទៅតាមដំណាក់កាល។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានាដើមខែវិច្ឆិកា ឆ្នាំ២០២៥។
អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊េចប្រេស ខូអិលធីឌី លោក សួរ វីរៈ (Suo Vireak, Founder, Director, CEO at Founder, Director of Virak Buntham Express) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៨ ខែមេសាថា និន្នការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងបន្តកើនឡើងឆាប់រហ័ស ខណៈការនាំចូលរថយន្តអគ្គិសនីក៏កំពុងកើនឡើងផងដែរ។ ក្រៅពីការកំណើននៃការនាំចូលរថយន្តអគ្គិសនី ការវិនិយោគលើស្ថានីយបញ្ចូលអគ្គិសនីក៏កំពុងកើនឡើងផងដែរ។
លោកប្រាប់ទៀតថា សម្រាប់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏កំពុងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ដោយបច្ចុប្បន្នក្រុមហ៊ុនមានទាំងរថយន្តអគ្គិសនីសម្រាប់ដឹកអ្នកដំណើរ និងដឹកទំនិញ ហើយប្រហែល ២ ឆ្នាំខាងមុខ ក្រុមហ៊ុនបានដាក់ផែនការប្រើប្រាស់រថយន្តអគ្គិសនីស្ទើទាំងអស់តែម្តង។
លោកបានថ្លែងថា៖«ក្រុមហ៊ុនរបស់យើងមានគោលការណ៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយ ៨០ភាគរយនៃរថយន្តរបស់ វិរៈ ប៊ុនថាំ ជាប្រភេទរថយន្តអគ្គិសនី ខណៈបច្ចុប្បន្នក្រុមហ៊ុនបានសាងសង់នៅក្នុងខេត្តមួយចំនួនរួចហើយ រួមទាំងរាជធានីភ្នំពេញផងដែ ដែលអាចនឹងរួចរាល់នៅក្នុងរយៈពេល ១ ទៅ ២ ខែខាងមុខ»។

នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD Cambodia នៅកម្ពុជា ដែលមានការចូលរួមពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពី រូបលោក និងគណៈប្រតិភូ CDC បានទៅធ្វើទស្សនកិច្ចផ្ទាល់ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការវិនិយោគរបស់ BYD Cambodia នៅពេលនេះ គឺជាការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តែងឱ្យឃើញពីការរួមគ្នាពូនជ្រំថែរក្សា និងបន្តរឹតចំណងមិត្តភាពទំនាក់ទំនងការទូតកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
លោកបានបន្ថែមថា៖«គម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា គឺបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ប្រមុខដឹកនាំគ្រប់ជំនាន់ រួមជាមួយនឹងការធ្វើបរមភាវូបនីយកម្មរបស់ CDC ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ។
CDC បាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំនួននៃការចុះបញ្ជីយានយន្តអគ្គិសនី(EVs) នៅកម្ពុជាបានកើនឡើងយ៉ាងច្រើន។ ក្នុងឆ្នាំ២០២៤ មានរថយន្ត EV ដែលចុះបញ្ជីសរុបចំនួន ២ ២៥៣ គ្រឿង កើនឡើង ៦២០ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលបានចុះបញ្ជីរថយន្ត EV ថ្មីចំនួន ៣១៣ គ្រឿង។
របាយការណ៍របស់ក្រសួងបានបង្ហាញទៀតថា ម៉ាករថយន្ត EV ដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា មានដូចជា BYD, Toyota និង Tesla ជាដើម៕