
លោកស្រី ចម និម្មល ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ ក្រសួងពាណិជ្ជកម្ម
កម្ពុជា-វៀតណាម បានឯកភាពក្នុងការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរួមគ្នាសំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានគោលដៅចំនួន ២០ ពាន់លានដុល្លារនាពេលខាងមុខ ខណៈក្នុងឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ជិត ៧,៨ ពាន់លានដុល្លារ។
នេះបើយោងតាមខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ក្នុងឱកាសដែលគណៈប្រតិភូកម្ពុជាទៅបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។
ក្នុងជំនួបខាងលើ លោកស្រី ចម និម្មល បានជម្រាបជូន លោក Pham Minh Chinh អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូកម្ពុជា និងបានលើកឡើងអំពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងពេញលេញនូវយន្តការដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប(RCEP)ជាដើម។ លោកស្រីបន្តថា តាមរយៈកិច្ចប្រជុំទ្វេភាគីនេះ កម្ពុជា-វៀតណាមក៏បានសន្យានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាឱ្យសម្រេចបានក្នុងទឹកប្រាក់ ២០ ពាន់លានដុល្លារនាពេលខាងមុខផងដែរ។
លោកស្រីបានថ្លែងថា៖«ជាមួយគ្នានេះភាគីកម្ពុជា-វៀតណាម ក៏បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ឆ្នាំ២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារស្របតាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ»។
ជាការឆ្លើយតប លោក Pham Minh Chinh បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជាកំពុងសម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកក៏ឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលចង់បង្កើតឱ្យមានគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឱ្យក្រសួងពាណិជ្ជកម្មប្រទេសទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀត សំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៧,៧៨ ពាន់លានដុល្លារ កើន ១៨,២ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមាន ៦,៥៨ ពាន់លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅវៀតណាមចំនួន ៣,៦១ ពាន់លានដុល្លារ កើន ២១,៦ភាគរយ និងវៀតណាមនាំមកកម្ពុជា ៤,១៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ។
ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅវៀតណាម មានដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ពោត ចេក និងធនធានធម្មជាតិមួយចំនួន ចំណែកវៀតណាមនាំមកវិញភាគច្រើនជា សម្ភារសំណង់ គ្រឿងទេស ចំណីអាហារ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក អគ្គិសនី និងជីកសិកម្ម។
ដោយឡែកសម្រាប់រយៈពេល ៣ ខែដើមឆ្នាំ២០១៥ នេះការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ២,៥ពាន់លានដុល្លារ កើនឡើង ០,៧ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទៅវៀតណាម ១,២៧ពាន់លានដុល្លារ និងវៀតណាមនាំចូលវិញ ១,០៧ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៩ ខែមេសា ថា ក្នុងនាមជាប្រទេសមានព្រំដែនគោក និងទឹកជាប់គ្នា គឺការផ្លាស់ប្តូរទំនិញទ្វេភាគីប្រាកដជាកើតមានរៀងរាល់ថ្ងៃ និងមានចំនួនលើសពីអ្វីដែលកត់ត្រាដោយអាជ្ញាធរ។
បច្ចុប្បន្នវៀតណាម គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ព្រោះវៀតណាមជាប្រទេសធំ និងមានសេដ្ឋកិច្ចធំជាងកម្ពុជា ដូច្នេះគេមានទុនបង្វិលច្រើន មានឃ្លាំងស្តុក ឡសម្ងួត និងរោងចក្រ/សហគ្រាសកែច្នៃច្រើន។ លោកបន្តថា កំណើនផលិតកម្មក្នុងស្រុកនៃប្រទេសទាំង ២ នឹងធ្វើឱ្យចំនួនទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ បន្តកើនឡើងជារៀងរាល់ឆ្នាំ។
លោកបានថ្លែងថា៖«កត្តាភូមិសាស្រ្ត និងការប្តេជ្ញាចិត្តរបស់មេដឹកនាំនៃប្រទេសទាំង ២ នឹងជួយជំរុញធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងកាន់តែច្រើននាពេលអនាគត»។
លោកប្រាប់ទៀតថា ជាមួយគ្នានេះ កម្ពុជាក៏កំពុងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីផងដែរ៕