
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបជាមួយកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលពីថ្អៃទី២៧ ខែមេសា។ AKP
រដ្ឋាភិបាលមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត «ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព»។
មហិច្ឆតានេះបន្ថែមទៅលើគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនប្រជាពលរដ្ឋ។ នេះបើយោងតាមខ្លឹមសារនៃសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ខួបលើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា រំលឹកទៅដល់វីរភាពរបស់កម្មករនិយោជិត។ ប្រធានបទឆ្នាំ២០២៥នេះគឺ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»។
នៅក្នុងលិខិតដដែល លោក ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។
លោកបន្តថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិចំនួន ៥៖ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក, មានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់និងរឹងមាំ, ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត, ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស, និង កម្ពុជាមាន បរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ។
លោកថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានធ្វើឲ្យកម្ពុជាសម្រេចបានអភិវឌ្ឍសង្គម-សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ និងការកើនឡើងនៃការវិនិយោគ ក៏ដូចជាសហជីពដែលការពារផលប្រយោជន៍កម្មករ និងការដោះស្រាយវិវាទការងារកាន់តែប្រសើរឡើង។

កម្មករធ្វើដំណើរទៅធ្វើការនៅរោងចក្រនោខេត្តកំពង់ឆ្នាំនៅថ្ងៃទី១១ ខែមេសា។ នៀម ឆេង
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧២ត្រូវបានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទុនវិនិយោគ ២,៥ពាន់លានដុល្លារ អាចបង្កើតការងារបានជិត ១២ម៉ឺនកន្លែង។ ក្នុងរយៈពេលដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន៤៥៧ ពី ចំនួន៤៤៧៩៨ ទៅដល់ចំនួន ៤៥ ២៥៥សហគ្រាស។ ចំណែកចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ ក្នុងកើនឡើងចំនួន ៣០ ៧៩១នាក់។
លោកថ្លែងថា៖ «ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងបទដ្ឋានអន្តរជាតិខាងការងារ»។
ក្នុងត្រីមាសទី១ដែរ អង្គការ វិជ្ជាជីវៈថ្មីចំនួន ៨៩ ត្រូវបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឲ្យអង្គការវិជ្ជាជីវៈកើនឡើងដល់ ៦ ៦០០ ក្នុងនោះ សហភាពសហជីព ចំនួន ៤២ សហព័ន្ធសហជីពចំនួន ២៨១ សហជីពមូលដ្ឋានចំនួន ៦ ២៦៥។ បន្ថែមពីលើនេះក៏មានសមាគមនិយោជកចំនួន ១២ ផងដែរ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលក៏នឹងបន្តជំរុញឱ្យ មានផែនការសកម្មភាពកាន់តែបុរេសកម្មនិងច្រើនថែមទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាពនិងការទទួល ខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន និងការយល់ដឹងអំពីលក្ខខណ្ឌការងារ សិទ្ធិការងារ អត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគីនីមួយៗអាចបំពេញតួនាទីជាតំណាងឱ្យសមាជិករបស់ខ្លួនបាន កាន់តែល្អ និងមានវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»៕