ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយរបស់​ចិនតៃវ៉ាន់​ បានបង្ហាញការ​ចាប់អារម្មណ៍​លើការ​វិនិយោគ​វិស័យ​បច្ចេកវិទ្យា​នៅកម្ពុជា ដែល​ជា​ប្រទេស​មួយ​កំពុង​មាន​កំណើន​នៃ​ចំណេះ​ដឹង និង​តម្រូវ​ការ​បច្ចេកវិទ្យា​កាន់​តែ​ច្រើន​​។

ការ​បង្ហាញ​ចំណាប់អារម្មណ៍​របស់ក្រុមហ៊ុន​នេះ ធ្វើឡើង​ក្នុងជំនួបរវា​ងលោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd ​ជាមួយ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ព្រឹកថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៥ នៅវិមានសន្តិភាព។

ក្នុង​ជំនួបនោះ លោក Simon បាន​លើកឡើងថា ADATA Technology Co., Ltd ​គឺ​ជា​ក្រុមហ៊ុនធំ​លំដាប់​អន្តរ​ជាតិ​ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​​មានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងទីក្រុង​ហុងកុង ប្រទេស​ចិន ព្រមទាំងមានការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ លោកបន្ត​ថា ក្រុមហ៊ុន ADATA Technology មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក រ៉ូបូត​​ កុំព្យូទ័រ​ បច្ចេកវិទ្យាជីវមាត្រ​(Biometrics) និងយានយន្ត។

លោកបញ្ជាក់ថា​៖​«​នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់ខ្ញុំ​មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើប ផងដែរ»។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​សម្តែង​ការ​ស្វាគមន៍ចំពោះគណៈប្រតិភូ​ក្រុមហ៊ុនដែលបានមកបំពេញទស្សនកិច្ច និងចាប់អារម្មណ៍វិនិយោគ​នៅកម្ពុជា។ ជាមួយ​គ្នា​នេះ​​លោកនាយករដ្ឋមន្ត្រី​ក៏​បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន​ដែលមានបទពិសោធ និងឈានមុខគេ ខាងវិស័យបច្ចេកវិទ្យាទំនើប។

លោកនាយករដ្ឋមន្រ្តី​​បាន​អះអាង​ថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូច្នេះ​លោក​សូម​លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏​បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់​រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា រួមមាន ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញវិធានការចាំបាច់ និងការកែសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងការដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តសម្រាប់វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់៕