
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ CDC ជាមួយក្រុមវិនិយោគិនអឺរ៉ុប។ Chanthol Sun DPM
ក្រុមវិនិយោគិនអឺរ៉ុបបានបង្ហាញអារម្មណ៍វិជ្ជមានចំពោះការបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ដោយរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហានានា ជាពិសេសការរៀបចំវេទិកាកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជនកម្ពុជា-សហភាពអឺរ៉ុប(Cambodia-Europe Public-Private Sector Dialogue)។
នៅទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(The Council for the Development of Cambodia-CDC) នាថ្ងៃទី៧ ខែមេសា មានរៀបចំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងផ្នែកឯកជនកម្ពុជា-សហភាពអឺរ៉ុប(The 2nd Cambodia-Europe Public-Private Sector Dialogue) ដែលមានការចូលរួមពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ CDC, លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham), លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC) និងផ្នែកឯកជននៅកម្ពុជាជាច្រើនទៀត។
យោងតាម CDC កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងផ្នែកឯកជនកម្ពុជា-សហភាពអឺរ៉ុប ត្រូវបានធ្វើឡើងដោយមានប្រធានបទសំខាន់ៗដូចជា វិស័យដឹកជញ្ជូននិងភស្តុភារកម្ម, ការជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា, វិស័យយានយន្ត, នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ, និងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
ជាកិច្ចចាប់ផ្ដើម លោក ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍ និងអរគុណចំពោះវិនិយោគិនអឺរ៉ុបដែលបានមកបណ្តាក់ទុននៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ភាពវិជ្ជមានទាំងអស់នេះ គឺកើតចេញពីកិច្ចខិតខំ និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃភាគីទាំង ២។
លោកលើកឡើងទៀតថា ជាមួយនឹងការដាក់ចេញយុទ្ធសាស្រ្តថ្មីៗរបស់រដ្ឋាភិបាល គឺចំនួនក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាបានកើនឡើងជាគួរឱ្យកត់សម្គាល់។
ជាក់ស្តែងក្នុងឆ្នាំ ២០២៤ ចំនួនគម្រោងវិនិយោគដែល CDC បានអនុម័តឱ្យវិនិយោគនៅកម្ពុជាមានសរុប ៤១៤ គម្រោង ដែលជាតួលេខខ្ពស់មិនធ្លាប់មាន នាពេលកន្លងមក។
លោកបានថ្លែងថា៖«តួលេខនេះជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីផ្នែកឯកជន ដោយបានចាត់ទុកផ្នែកនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
ជាការឆ្លើយតប តំណាងវិនិយោគិនអឺរ៉ុប បានអះអាងថា ពួកគេពិតជាមានអារម្មណ៍វិជ្ជមាន និងមានទំនុកចិត្តដែលទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។
ជាមួយគ្នានេះ ពួកគេក៏បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធដែលធ្លាប់ទទួលបានការឆ្លើយតបក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ទិន្នន័យចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រយៈពេល ១១ ខែដើមឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហភាពអឺរ៉ុប មានទឹកប្រាក់សរុប ៤ ៨៨៧ លានដុល្លារ កើនឡើង ១៥,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅសហភាពអឺរ៉ុប មានទឹកប្រាក់ ៤ ០៣២ លានដុល្លារ កើន ២០,៤៥ ភាគរយ ចំណែកសហភាពអឺរ៉ុបនាំមកកម្ពុជា ៨៥៤ លានដុល្លារ ធ្លាក់ចុះ ៤,៨៥ ភាគរយ។
ផ្អែកតាមរបាយការណ៍ ប្រទេសសមាជិកសហភាពអឺរ៉ុប ដែលទទួលទិញទំនិញច្រើនពីកម្ពុជា រួមមានប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ ហូឡង់ បារាំង និងប្រទេសបែលហ្ស៊ិក។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបឱ្យបោះជំហានទៅមុខកាន់តែលឿន ក្នុងឆ្នាំ ២០២៤ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួនដូចជា កិច្ចប្រជុំអនុក្រុមពាណិជ្ជកម្ម និងវិនិយោគលើកទី១២ (Subgroup on Trade and Investment-SGTI) ក្រោមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ (JC12)។
ជាលទ្ធផលភាគីទាំង ២ បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជំនួយបច្ចេកទេសសម្រាប់វិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត៕