បដិវត្តន៍​ឧស្សាហកម្ម ៤.០ ព្រម​ទាំង​​ការ​លេច​ឡើង​វត្តមាន​​ជំងឺ​កូវីដ​១៩ នាចុង​ឆ្នាំ​ ២០១៩ បាន​ជំរុញ​ឱ្យ​​​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្មនៅ​ទូទាំង​ពិភពលោក រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជាហក់​ឡើង​យ៉ាងលឿន​ហួស​ពី​ការ​រំពឹង​ទុក​។ ជាក់​ស្តែង​​ក្នុង​ឆ្នាំ​ ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្មអេឡិចត្រូនិក(Cambodia’s E-Commerce)នៅ​កម្ពុជា​ មាន​ទឹក​ប្រាក់​សរុប​​ជាង ១,៥ ពាន់​លាន​ដុល្លារ​។

ឯកសារ​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម(iTrade Bulletin) របស់​ក្រសួង​ពាណិជ្ជកម្ម ​ចេញ​ផ្សាយ​នា​រាត្រី​ថ្ងៃ​ទី​៧ ខែ​មេសា បង្ហាញ​ថា កំណើនពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅកម្ពុជា​ ក្នុង​ឆ្នាំ​ ២០២៤ មានទំហំទីផ្សារ​ ១,៥១ ពាន់លាន​ដុល្លារ ហើយត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ដល់​ ១,៧៨ ពាន់​ដុល្លារ​ក្នុង​ឆ្នាំ ​២០២៥​ នេះ ដែល​ស្មើ​នឹង​កំណើន ១៧,៨៨ ភាគរយ​។ ទំហំពាណិជ្ជកម្ម​អេឡិចត្រូនិកនៅ​​កម្ពុជា គឺ​ស្មើ​នឹង ១,៣​ ភាគរយ នៃ​ទីផ្សារ​ក្នុង​តំបន់​ដែល​មាន​ប្រមាណ ១១៦,៣៦ ពាន់​លាន​ដុល្លារ។​

ពាណិជ្ជកម្ម​អេឡិចត្រូនិក​ក្នុង​ឆ្នាំ​ ២០២៤ បាន​​រួមចំណែក ​៦,៦៨ ភាគរយ​នៃ​ផលិតផលក្នុងស្រុកសរុប​(GDP)របស់​កម្ពុជា​។ ពាណិជ្ជកម្ម​តាមបណ្តាញសង្គម​ Facebook, TikTok, និង Telegram កំពុង​គ្របដណ្តប់​លើ​ទីផ្សារ​អនឡាញនៅកម្ពុជា​។

ការទិញតាមប្រព័ន្ធ​បច្ចេក​វិទ្យា​​ភាគច្រើន គឺ​ជា​ផលិតផល​សម្លៀកបំពាក់ ដែល​មាន​ប្រមាណ​ ៣៧ ភាគរយ, ​ផលិតផលថែរក្សាសម្រស់ និង​គ្រឿងសំអាង​ ២០ ភាគរយ និង​ការដឹកជញ្ជូនអាហារ ១៩​ភាគរយ​។​

ឯកសារ​ឱ្យ​ដឹង​ទៀតថា ថ្នាល​ទិញ​ទំនិញ​សំខាន់​ៗ​​​នៅកម្ពុជា រួមមាន Facebook(១១,៦៥ លាន​គណនី),TikTok(៩,៩៦ លាន​គណនី) ក្រៅ​ពី​នោះ​មាន​ដូច​ជា Khmer 24, និង ​Taobao។ អ្នក​ទិញ​ភាគ​ច្រើន​បាន​ចំណាយ​​ក្នុង ១ ដង​ក្នុង​១ខែ ចន្លោះ​ពី​ ១១ ទៅ ៥០ ដុល្លារ។

ការ​​ទូទាត់ប្រាក់ភាគច្រើនធ្វើ​ឡើង​តាម​រយៈ QR code ដែល​មាន​អត្រា ៤៧,១៥ ភាគរយ, ក្រដាសប្រាក់(ផ្ទាល់) ២៦,៥ ភាគរយ, ការ​ផ្ទេរប្រាក់ ១៣,៣​ ភាគរយ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ១៣,០៥ ភាគរយ​។​

ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៨ ខែ​មេសា ថា និន្នាការ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​បាន​ហក់ឡើង​យ៉ាង​លឿនចាប់​តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ ខណៈ​ការ​ទិញ​ទំនិញ​ដោយ​ប្រើ​​ប្រព័ន្ធ​អេឡិចត្រូនិក គឺ​មាន​ភាព​ងាយស្រួល លឿន និង​អាច​មាន​តម្លៃ​ទាប​ជាងទិញទៅផ្សារ​។

លោក​បន្ត​ថា ជា​មួយ​គ្នា​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​​គោលនយោបាយ​​ជំរុញ និង​លើក​កម្ពស់​សមត្ថភាព​ផ្នែក​បច្ចេក​វិទ្យា​​ដល់​ប្រជាជន​ក្នុង​ប្រទេស​ឱ្យ​​កាន់​តែ​ទូលំទូលាយ​ផងដែរ​។​

លោក​បាន​ថ្លែង​ថា៖​«​ឧបសគ្គ​នៃ​ការ​ធ្វើ​ដំណើរ និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​នា​អំឡុង​ពេល​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​សម្ទុះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ជា​បន្ត​បន្ទាប់ បើ​ទោះ​បី​ជា​ពេល​ដំបូង​ៗ ​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​របស់​ប្រជាជន​ខ្មែរ​នៅ​មាន​កម្រិត​ក៏​ដោយ​»។​

ទោះបីយ៉ាងណា លោក ឈិន កេន ទទួលស្គាល់ថា ការធ្វើ​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​​អេឡិចត្រូនិក​ ក៏មាន​បញ្ហាប្រឈម​មួយចំនួន​ដែរ​ ដូចជា ការក្លែងបន្លំរូបរាង ​គុណភាព ថ្លៃដឹកជញ្ជូនខ្ពស់ និង​មាន​ករណី​ខ្លះ​អតិថិជន​បាន​​ផ្ទេរ​លុយ​រួចហើយ​ ប៉ុន្តែ​មិន​ផ្ញើ​ទំនិញ ជាដើម៕