វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ត្រូវ​បាន​រដ្ឋាភិបាលកម្ពុជា​កំណត់យក​ជា​វិស័យ​អាទិភាព​ដើម្បី​ជំរុញការ​វិនិយោគ​​ ក្នុង​ខេត្ត​នៅ​​ភូមិភាគឦសាន ចាប់​ពី​ឆ្នាំ​២០២៥-២០២៨ ខណៈ​ក្នុង​អាណត្តិមុនៗ​រាជរដ្ឋាភិបាល​បាន​ខិតខំ​យ៉ាង​ខ្លាំង​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដើម្បី​តភ្ជាប់​ទៅ​​តំបន់​​​ឆ្ងាយ​ៗ​។

កាល​ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្តីពី​«​ការ​ដាក់ឱ្យ​អនុវត្ត​កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០២៥-២០២៨» ដែលមាន​គោល​បំណង​ដាក់​ទិសដៅ​អាទិភាពវិនិយោគ និង​អភិវឌ្ឍ​​​ឆ្ពោះ​ទៅ​ទិស​ឦសាន។

នេះ​​ជា​ការ​គិត​គូរដែល​​មាន​លក្ខណៈ​ជា​យុទ្ធសាស្រ្ត ពោល​គឺ​ជំរុញ​ការ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ចំពោះ​បណ្តា​ខេត្ត​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​កំណើន ក៏​ដូចជា​ជំរុញ​ការ​តភ្ជាប់​នៃ​ចរន្ត​សេដ្ឋកិច្ច​ជាតិ​។ ​ខេត្ត​ទាំង ៤ ​នៅ​ភូមិភាគឦសាន ​រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

ឯកសារ​បាន​បញ្ជាក់​ថា កម្ម​វិធី​ពិសេស​នេះ​ នឹង​ក្លាយ​ជាទិសដៅគោលនយោបាយដែល​មាន​សារៈ​សំខាន់​​មិន​ត្រឹម​តែ​​ជំរុញ​ការ​វិនិយោគ និង​អភិវឌ្ឍន៍​ភូមិភាគឦសាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ចូល​រួម​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍវិស័យ​គន្លឹះ ព្រម​ទាំង​ជា​​ប្រភព​កំណើន​ថ្មី​របស់​សេដ្ឋកិច្ចជាតិ​ ស្របតាម​សេចក្តី​ប៉ង​ប្រាថ្នារបស់​រដ្ឋាភិបាល ដូចដែល​បាន​ចង្អុលបង្ហាញ​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​។

ឯកសារ​បាន​សរសេរ​ថា៖​«កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់​ក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន ៣ រួមមាន កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទាន(ធនធាន)ដែលមានស្រាប់​របស់ខេត្តទាំង ៤ ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាង​ទូលំទូលាយពីរាជរដ្ឋាភិបាល។

កម្មវិធីពិសេសនេះ បានគូសបញ្ជាក់យ៉ាងច្បាស់​នូវការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាលអាចផ្តល់ជូនផ្នែក​ឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទាន​ដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ»។

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី៨ ខែ​មេសា ថា ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​វិនិយោគនៅ​បណ្តាខេត្ត​ភូមិភាគ​ឦសាន គឺ​ពិត​ជា​មាន​ភាព​ចាំបាច​ដើម្បី​ផ្សារភ្ជាប់ប្រជាជន​នៅ​ទូទៅ​ប្រទេស​ និងការ​​អភិវឌ្ឍនៅ​ទីកន្លែង​ផ្ទាល់​តែ​ម្តង​។ ភូមិភាគ​ឦសាន ​ជា​ទីតាំង​​មាន​សក្តានុពលខ្ពស់​សម្រាប់​​ការ​ដាំដុះ​ដំណាំច្រើន​ប្រភេទ ពិសេស​ដំណាំកសិ-ឧស្សាហកម្ម ព្រម​ទាំង​​វិស័យ​ទេសចរណ៍។

លោក​បន្ត​ថា កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន គឺ​ពិត​ជា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ខេត្ត​ទាំង ៤ តាម​រយៈ​ការ​រៀបចំ​​យុទ្ធសាស្រ្តថ្មីៗដែលមាន​ភាព​បត់បែន និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ពង្រីក​ការ​ដាំដុះ និង​អភិវឌ្ឍ​ទីតាំង​ផ្សេងៗ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ ឱ្យ​​ទៅ​ទីនោះ​កាន់​តែ​ច្រើន​។

លោក​​ថ្លែង​ថា៖​«​ខ្ញុំ​មាន​សុទិដ្ឋិនិយមថា ​កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តទាំង ៤ ចាប់​​ពី​ឆ្នាំ ​២០២៥-២០២៨ នឹង​ក្លាយ​ជា​ត្រីវិស័យ​​បង្ហាញ​ផ្លូវដល់​​អ្នក​វិនិយោគឱ្យ​ទៅ​បោះ​ទុន​នៅ​ទីនោះ​កាន់​តែ​ច្រើន​ ពិសេស​លើ​វិស័យ​ដែល​រដ្ឋាភិបាល​ផ្តល់​អាទិភាព​។ តាម​រយៈ​ការវិនិយោគ​នៅ​ទីនោះ គឺ​អ្នក​វិនិយោគ​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្តច្រើន​ពី​អាជ្ញាធរ»។

លោក​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ដោយសារ​ការ​ប្រមូល​ផល​បាន​កាន់​តែ​ច្រើន បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន ក៏​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​រោងចក្រ​/​សហគ្រាស​សម្រាប់​កែច្នៃ​ផលិតសម្រេច​ដើម្បី​​នាំ​ចេញ​។​

ក្រៅ​ពី​នោះ វិស័យ​អាទិភាព​ដែល​រដ្ឋាភិបាល​បាន​កំណត់​ខាង​លើ លោក វណ្ណៈ ​លើក​ឡើង​ថា បណ្តាខេត្ត​នៅ​ភូមិ​ភាគ​ឦសាន ក៏​ជា​ទីតាំង​ដែល​មាន​សក្តានុពល​ផ្នែក​​ធនធានរ៉ែ ផងដែរ៕