គម្រោងវិនិយោគថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ ចំនួន​ ១៧២ ដែលមានទុនវិនិយោគសរុប ២,៥ ពាន់​លានដុល្លារ និង​​បង្កើតការងារបានជិត​ ១២ ម៉ឺនកន្លែង ត្រូវ​បាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) អនុម័ត​​ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ​ក្នុង​នោះ​ទុន​វិនិយោគ​ពី​សំណាក់វិនិយោគិន​ចិន​មាន​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ទុន​​វិនិយោគ​សរុប​​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC កាល​ពី​ថ្ងៃ​ទី ​៨ ខែ​មេសា ឱ្យ​ដឹង​ថា ចាប់ពីខែ​មករា ដល់ដំណាច់ខែ​មីនា ឆ្នាំ ២០២៥ CDC ​បានចុះបញ្ជី​គម្រោង​វិនិយោគសរុប​ចំនួន ​១៧២​ គម្រោង ​កើន​ឡើង ៦៦ គម្រោង​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤។ ចំណែក​ទុន​វិនិយោគ​មាន​ទឹក​ប្រាក់​សរុប ២,៥ ពាន់​លាន​ដុល្លារ កើន​ឡើង ១៤​ ភាគ​រយ​។​

យោង​តាម CDC ក្នុងចំណោមនោះ គឺ​ ១៦៦ ជា​គម្រោង​វិនិយោគ​ថ្មី និង ៦ ជា​គម្រោង​ពង្រីក​ផលិត​កម្ម។ មាន​គម្រោង​វិនិយោគ​ចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង​ ៧៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស(SEZ)។

សម្រាប់​ប្រភព​ទុនសំខាន់​ៗ គឺ​មក​ពី​ប្រទេស​ចិន មាន​ចំណែក​ ៥៦,២៣​ ភាគរយ តាមពីក្រោយដោយ​វិនិយោគិនក្នុង​ស្រុក ៣៤,៤ ភាគរយ និង​សិង្ហបុរី​ ២,៩១ ​ភាគរយ។ វិនិយោគគិន​ផ្សេង​ៗ​ទៀត​មាន​ដូចជា កោះ British Virgin, វៀតណាម, កោះ Cayman, អង់គ្លេស, កោះ Samoa, អាមេរិក និងកាណាដា។​

ជាការកត់សម្គាល់​ គម្រោងធំៗ​ក្នុង​​​ត្រីមាសទី១ រួមមាន គម្រោងវិនិយោគ​អភិវឌ្ឍន៍ស្ថានីយផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលពន្លឺព្រះអាទិត្យ​ចំនួន ៣គម្រោង មានអនុភាពសរុប​ ៣៥០ មេហ្គាវ៉ាត់ ដែលមាន​ទុនវិនិយោគសរុប ២៤៩ លាន​ដុល្លារ។ គម្រោងទាំង ៣ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។

គម្រោងវិនិយោគ​​ផ្សេងៗ​ទៀត មាន​​ដូចជា គម្រោងវិនិយោគលើរោងចក្រ​កាត់ដេរ​សម្លៀកបំពាក់, រោងចក្រ​ផលិត​ឧបករណ៍​បរិក្ខា​ពេទ្យ និង​ស្រោមដៃ, ផលិតសម្បកកង់​រថយន្ត, ផលិត​ទៀន, ផ្គុំ​ដំឡើងរថយន្ត, គ្រឿង​សង្ហារិម, និង​រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម ជា​ដើម​។​

ដោយឡែក ក្នុងខែមីនា កន្លងទៅ CDC បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០ គម្រោង ក្រោម​ទុនវិនិយោគប្រមាណ ១,៤ ពាន់​​លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២ គម្រោង។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃ៩ ខែ​មេសា​ថា ស្ថិរភាព​នយោបាយ ​ប្រព័ន្ធច្បាប់វិនិយោគ​មាន​លក្ខណៈ​អំណោយផល ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ និង​សម្បូរ​កម្លាំង​ពលកកម្ម​ជំនាញ បាន​ជួយ​ឱ្យ​កម្ពុជា​​ទាក់​ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់​ ជា​ពិសេស​ក្នុង​រយៈ​ពេលជាង ១ ឆ្នាំកន្លង​មក​នេះ​។

ក្រៅ​ពី​នេះ​កម្ពុជា​ក៏​មាន​ទីផ្សារ​នាំ​ចេញទំនិញ​​ទៅ​ប្រទេស​​ជា​ច្រើន​នៅ​ក្រោម​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធគយ បន្ថែម​ពីលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ដូច​ជា ចិន កូរ៉េ និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP ជា​ដើម​។​

លោក​​លើក​ឡើង​ទៀត​ថា កំណើន​នៃ​ការ​វិនិយោគ​លើ​ស្ថានីយផលិតថាម​ពល ក៏ជា​សញ្ញា​​បញ្ជាក់​ពី​ការ​ប្រមើលឃើញ​របស់​អ្នក​វិនិយោគ​លើ​ភាព​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​​

លោក​បាននិយាយ​ថា៖​«​​ប្រសិន​បើ​ស្ថាន​ភាពនៃ​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​នានាលើ​ពិភពលោក​​ដែល​កំពុង​កើត​មាន​​នៅពេល​នេះ​ឆាប់​បញ្ចប់​ទៅ​វិញ គឺ​កម្ពុជា​ប្រាកដ​ជា​​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន»​។​

កាល​ពី​ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១៤គម្រោង និងមានទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២ម៉ឺនកន្លែង។