ធនាគារជាតិនៃកម្ពុជា(NBC) និងធនាគារកណ្ដាលប្រទេស​ម៉ាឡេស៊ី (BNM) បាន​សម្ពោធ​ដាក់ឱ្យដំណើរការជាផ្លូវការ​នូវ​ការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ ដំណាក់កាលទី២ រវាងប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ដោយ​រំពឹង​ថា​នឹង​ជួយ​ពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀតសម្រាប់ប្រជាជន​នៃ​ប្រទេស​ទាំង ២។

ពិធី​ប្រកាស​ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ ដំណាក់កាលទី ២ នេះ​​បាន​ធ្វើ​ឡើងក្រោម​អធិបតី​ភាព ​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា និងលោក​ Dato' Seri Abdul Rasheed Ghaffour ទេសាភិបាល​ធនាគារកណ្តាលម៉ាឡេស៊ី នៅ​​ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ២០២៥ នា​អំឡុងពេលប្រទេស​ម៉ាឡេស៊ីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

យោងតាម​ NBC ការដាក់ឱ្យដំណើរការនេះ​ គឺ​នឹងជួយ​ពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត ពិសេស​សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្គែនខេអេចឃ្យូអរកូដ របស់ពាណិជ្ជករកម្ពុជា។

NBC ​បញ្ជាក់​ថា៖​«​លើសពីនេះ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះនឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ»។

លោក Dato' Seri Abdul Rasheed Ghaffour ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ថា ការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែបជាមួយប្រទេសជាសមាជិក​អាស៊ាន​កំពុងលេចចេញជារូបរាងជាបន្តបន្ទាប់។

ស្របពេលដែលប្រទេសម៉ាឡេស៊ី​ជាប្រធាន​អាស៊ាន ម៉ាឡេស៊ីមានសេចក្តីសោមនស្សរីករាយដែលបាន​អភិវឌ្ឍប្រព័ន្ធទូទាត់​ដែលស្របនឹង​ទស្សនៈវិស័យក្នុងការពង្រឹងការតភ្ជាប់ ការទូទាត់ក្នុងតំបន់តាមរយៈយ្យូអរកូដ។

លោក​បាន​បន្ថែមថា៖​«​អាជីករខ្នាតតូច និង​ប្រជាជនទូទៅនៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ពី​ប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូដ នេះ។ យើងនឹងបន្តពង្រីកវិសាលភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់​ឆ្លងដែនបន្ថែមទៀតជាមួយដៃគូសហការទាំងក្នុងតំបន់ និងអន្តរជាតិ​ដើម្បីជំរុញការតភ្ជាប់បណ្តាញធ្វើ​ឱ្យ​ការទូទាត់កាន់​តែ​មានសុវត្ថិភាព និងប្រកបដោយបរិយាបន្ន»។​

ចំណែក​លោកស្រី ជា សិរី បាននិយាយ​ថា គម្រោងអភិវឌ្ឍន៍នេះ មិនត្រឹមតែបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវសក្តានុពលជា​ច្រើន​ផងដែរ ដូច​ជា ទី​១ ​​វិស័យ​ទេសចរណ៍ គឺ​ការ​ផ្តល់លទ្ធភាពឱ្យ​ប្រជាជនម៉ាឡេស៊ីអាចទូទាត់យ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា, ទី​២ បរិយាបន្ន ហិរញ្ញវត្ថុ តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម និងប្រជាជនទូទៅឱ្យ​ចូលរួមក្នុងបណ្តាញសេដ្ឋកិច្ចកាន់តែធំ និង ទី​៣ ការធ្វើសមាហរណកម្មក្នុងតំបន់​តាមរយៈការសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន​ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមករវាងសហគមន៍តាម​ប្រព័ន្ធឌីជីថល។ 

ធនាគារកណ្តាលម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា បានធ្វើការយ៉ាងជិតស្និតជាមួយគ្នា តាម​រយៈ​ដៃគូសហការ​នៅ​ក្នុង​​ប្រទេសទាំងពីរ។ ដៃគូសហការ​ក្នុងការអភិវឌ្ឍការតភ្ជាប់ការទូទាត់ឆ្លងដែនទ្វេភាគីនេះ រួមមាន ធនាគារមេយប៊ែង និង​ក្រុមហ៊ុនបណ្តាញទូទាត់ PayNet ជាដើម​។ ​ប្រជាជនកម្ពុជា ក៏អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្គែនយ្យូអរកូដ របស់ DuitNow នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ៕