
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ – ធនាគារ PPCBank និងក្រុមហ៊ុនព្រូដិនសល កម្ពុជា មានមោទនភាពក្នុងការប្រារព្ធខួបលើកទី ៥ឆ្នាំនៃភាពជាដៃគូរបស់ខ្លួន ដោយបានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៥ ឆ្នាំបន្តទៀត។ គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មក កិច្ចសហការនេះ បានធ្វើឱ្យលទ្ធភាពទទួលបាន សេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានការវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់ឱ្យក្រុមគ្រួសារ នូវសុវត្ថិភាពហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside Hotel ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័នទាំង២ ដៃគូ និងអតិថិជនរបស់ខ្លួន។ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ បានគូសបញ្ជាក់អំពីចក្ខុវិស័យរួមគ្នា របស់ស្ថាប័នទាំង២ ក្នុងការធ្វើឱ្យដំណោះស្រាយធានារ៉ាប់រងអាយុជីវិត កាន់តែងាយស្រួលទទួលបានសម្រាប់ក្រុមគ្រួសារកម្ពុជា ខណៈដែលដាក់បញ្ចូលនូវ បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
កិច្ចសហការដើម្បីគាំទ្រជីវិតរស់នៅរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង
ភាពជាដៃគូសហការរវាងធនាគារ PPCBank និងក្រុមហ៊ុនព្រូដិនសល កម្ពុជា បានផ្ដល់ជូនការការពារដល់អតិថិជនច្រើនជាង ១,០០០ នាក់ និងអនុម័តសំណងរហូតដល់ ២៥,០០០ ដុល្លារ ដែលរួមចំណែកដោយផ្ទាល់ដល់ការកសាងសហគមន៍ដែលរឹងមាំ និងអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank មានប្រសាសន៍ថា៖ «ការបន្ត MoU របស់យើងនាពេលនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងជោគជ័យនៃភាពជាដៃគូរបស់យើង»។

លោកបានបន្ថែមថា៖ «ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យមានការផ្លាស់ប្តូរ យ៉ាងខ្លាំងនៅក្នុងជីវិតអតិថិជនរបស់យើង ហើយជំហានបន្ទាប់នេះ នឹងអនុញ្ញាតឱ្យយើងពង្រីកសេវាកម្ម ប្រើប្រាស់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងបន្តគាំទ្រដល់គ្រួសារកម្ពុជា និងបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា»។

សមិទ្ធផលថ្មីៗនេះ រួមមាន ការដាក់បញ្ចូលមុខងារបង់បុព្វលាភធានារ៉ាប់រង ទៅក្នុងកម្មវិធីទូរសព្ទរបស់ធនាគារ PPCBank ដែលអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង បណ្ណសន្យាធានារ៉ាប់រងយ៉ាងងាយស្រួល តាមរយៈកម្មវិធីទូរស័ព្ទ PPCBank Mobile App។ មុខងារប្រកបដោយភាពច្នៃប្រឌិតនេះ បានធ្វើឱ្យបទពិសោធន៍របស់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន។

ការជំរុញ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ
បន្ថែមពីលើការផ្តល់ជូននូវដំណោះស្រាយដ៏ទំនើប ភាពជាដៃគូនេះ ផ្ដោតសំខាន់លើកំណើនអាជីវកម្មប្រកបដោយចីរភាព តាមរយៈការវិនិយោគលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់អ្នកប្រឹក្សាធានារ៉ាប់រង និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

លោក ពន្លឺ តុលា នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសល កម្ពុជា បានមានប្រសាសន៍ថា ៖ «យើងមានក្តីសោមនស្សរីករាយ ក្នុងការអបអរសាទរខួប៥ឆ្នាំនៃភាពជាដៃគូដ៏ជោគជ័យ ជាមួយធនាគារ PPCBank។ ការបន្ត MOU ជាថ្មីនេះ នឹងពង្រឹងបន្ថែមទៀត នូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់ជីវភាព និងផ្តល់សន្តិភាពផ្លូវចិត្តដល់ក្រុមគ្រួសារកម្ពុជា តាមរយៈការការពារហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងអាចជឿទុកចិត្ត»។លោក ពន្លឺ តុលា បានសង្កត់ធ្ងន់ថា៖ «រាល់បណ្ណសន្យាធានារ៉ាប់រង ដែលយើងផ្តល់ជូនគឺលើសពីផលិតផល។ វាជាការសន្យានៃការផ្ដល់ជូនភាពរឹងមាំ សុវត្ថិភាព និងអនាគតដ៏ភ្លឺស្វាង»។

សម្លឹងឆ្ពោះទៅមុខ
ការបន្ត MoU ជាថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់ធនាគារ PPCBank និងក្រុមហ៊ុនព្រូដិនសល កម្ពុជា ដែលផ្ដល់ផលវិជ្ជមានដល់អតិថិជនរាប់ពាន់គ្រួសារ។ ខណៈពេលដែលកិច្ចសហការនេះឈានចូលដល់ដំណាក់កាលបន្ទាប់ ស្ថាប័នទាំង២ ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់អាយុជីវិត បំពេញក្តីស្រមៃ និងចូលរួមចំណែកនាំទៅដល់ការអភិវឌ្ឍនៃអនាគតរបស់ប្រទេសកម្ពុជា។

អំពីធនាគារ PPCBank
ធនាគារ PPCBank គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាកម្ម និងដំណោះស្រាយធនាគារដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការចម្រុះរបស់ក្រុមគ្រួសារ និងអាជីវកម្មនៅកម្ពុជា។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើនវានុវត្តន៍ ការពេញចិត្តរបស់អតិថិជន និងបរិយាប័ន្នហិរញ្ញវត្ថុ ធនាគារ PPCBank នៅតែបន្តដើរតួយ៉ាងសំខាន់ នៅក្នុងវិស័យធនាគារនៅកម្ពុជា។

ក្រុមហ៊ុនព្រូដិនសល កម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៥០០,០០០ នាក់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិទៅដល់អតិថិជនក្នុងទីផ្សារចំនួន ២៤ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុតសម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។

អាជីវកម្មនេះបានចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (២៣៧៨) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនបន្ទាប់បន្សំនៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។

ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc. ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិកឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេស។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ www.prudential.com.kh