ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនទូទៅដែលកំពុងធ្វើធុរកិច្ច ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Trade Fair) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីលសាន (ILsan) សាធារណរដ្ឋកូរ៉េ។
ពិព័រណ៍ពាណិជ្ជកម្មអាស៊ាននេះ រៀបចំឡើងដោយចូលរួមជាមួយពិព័រណ៍ម្ហូបអាហារ សេអ៊ូលឆ្នាំ ២០២៣ ដែលជាព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិដ៏ធំទី៤ ស្តីពីឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅអាស៊ី។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍នេះ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងផ្តល់ស្តង់ជូនកម្ពុជា ចំនួន ៥ ដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានស្នើឱ្យក្រសួងពាណិជ្ជកម្មជ្រើសរើសក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ក្នុងអំឡុងពេលពិព័រណ៍ គណៈកម្មការរៀបចំពិព័រណ៍ នឹងមានរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលទាក់ទងនឹងគោលនយោបាយសាធារណៈ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្រាប់អ្នកចូលរួមពីតំបន់អាស៊ានផងដែរ។
បើតាមសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម បានអញ្ជើញម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ អាចទាក់ទងទៅនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ / ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីមែល cheaputhea@yahoo.com / ritatong19@gmail.com ៕


