ទីក្រុងហាណូយៈ របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ (Cashless payments) ក្នុងប្រទេសវៀតណាមកើនឡើងខ្ពស់មិនធ្លាប់មាននៅឆ្នាំនេះ។
ការទូទាត់តាមអនឡាញក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះមានប្រតិបត្តិការចំនួន ៤៣៥,២៥ ដង ដែលកើនឡើង ៥៤,១ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
អំឡុងពេលនេះ ប្រតិបត្តិការទូទាត់ច្រើនជាង ១,១៩ ពាន់ពាន់លានដងត្រូវបានធ្វើឡើងតាមរយៈទូរស័ព្ទដៃដែលមានកំណើន ៧៤,៩៨ ភាគរយ។
យោងតាមរបាយការណ៍ ការទូទាត់ដែលមិនប្រើប្រាស់ក្រដាសប្រាក់សម្រាប់សេវាកម្មសាធារណៈក្នុងប្រទេសវៀតណាមបានមើលឃើញការផ្លាស់ប្តូរដ៏ខ្លាំងជាមួយភាពប្រសើរឡើងជាច្រើន ទាំងបរិមាណ និងគុណភាព។
បច្ចុប្បន្ននេះ ប្រតិបត្តិការទូទាត់ពន្ធជាង ៩០ ភាគរយនៃក្រុមហ៊ុននៅក្នុងទីក្រុង និងខេត្តត្រូវបានធ្វើឡើងតាមធនាគារ ខណៈប្រជាជនមូលដ្ឋាននៅទូទាំងប្រទេសអាចទូទាត់វិក័យបត្រអគ្គិសនីតាមធនាគារ។
ប្រហែល ៤២ ភាគរយនៃសេវាសុខាភិបាលបានអនុវត្តតាមការទូទាត់មិនប្រើក្រដាស់ប្រាក់ និង ៣៩ ភាគរយនៃការបើកប្រាក់សោធនិវត្តន៍ ធានារ៉ាប់រងសង្គម និង អត្ថប្រយោជន៍អ្នកបាត់បង់ការងារត្រូវបានទូទាត់តាមគណនីផ្ទាល់ខ្លួន។
ទោះបីបែបណា របាយការណ៍នោះក៏បានកត់សម្គាល់ថា ក្រៅពីការកើនឡើងនៃការទូទាត់មិនប្រើសាច់ប្រាក់ ការក្លែងបន្លំលើមធ្យោបាយទូទាត់ក៏បានក្លាយជារឿងសាមញ្ញនៅទូទាំងប្រទេសក្នុងប៉ុន្មានឆ្នាំនេះ។
លោក Dao Minh Tuan ប្រធានសមាគមកាតវៀតណាមបានសារភាពថា ទោះបីធនាគារបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបច្ចេកវិទ្យាសន្តិសុខថ្មី ការទូទាត់ក្លែងបន្លំនៅតែកើនឡើងខ្ពស់។
ដើម្បីកាត់បន្ថយការក្លែងបន្លំជាអប្បបរមា ធនាគារពាណិជ្ជត្រូវតែចេញនូវការព្រមានដល់អតិថិជនក្នុងពេលជាមួយគ្នា។ ថ្មីៗនេះ ធនាគារ Prosperity របស់វៀតណាម ( VPBank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសវៀតណាម (Vietcombank) បានចេញសារព្រមានដល់អ្នកប្រើប្រាស់មិនឱ្យចូលតំណភ្ជាប់ ឬក៏គេហទំព័រដែលក្លែងបន្លំធនាគារ។ ពេលជាមួយគ្នានេះ អតិថិជនមិនគួរផ្តល់នូវព័ត៌មានសន្តិសុខ និងធនាគារឌីជីថល ឬក៏ព័ត៌មានលម្អិតអំពីកាតអេធីអឹម ឬក៏ព័ត៌មានផ្សេងៗទៅកាន់គេហទំព័រទាំងនេះទេ៕ VNS-ANN


