ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរចំណេញដល់សេដ្ឋកិច្ចជាតិ។នេះបើតាមរយៈសារលិខិតរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ ២០២៣។
នៅក្នុងសារលិខិតនោះ លោក ហ៊ុន សែន បានស្នើឱ្យមានការយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនសង្គមជាតិ។
លោកនាយករដ្ឋមន្ត្រីបានបន្ដថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនសង្គមជាតិយើង។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ការរៀបចំអភិវឌ្ឍន៍ទីក្រុងគឺមិនត្រឹមតែគិតគូរពីភាពស្អាតបរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ គាំទ្ ការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី ប៉ុណ្ណោះទេ តែត្រូវរៀបចំផ្តល់នូវបដិសណ្ឋារកិច្ចល្អ ការស្វាគមន៍រួសរាយរាក់ទាក់ប្រកបដោយភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតាមរយៈការបង្ហាញនូវចរិតលក្ខណៈនៃជនជាតិខ្មែរ និងភាពជាម្ចាស់ផ្ទះដ៏ល្អ»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងដែរថា គោលបំណងសំខាន់នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺធ្វើយ៉ាងណាឱ្យក្រុង/ខណ្ឌ រាជធានី-ខេត្តទាំងអស់មានការគ្រប់គ្រង និងអភិវឌ្ឍជាទីក្រុងស្អាត ជាទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចមានភាពទាក់ទាញផ្នែកទេសចរណ៍ មានកិច្ចគាំពារបរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម។
លោកបានបន្ថែមថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតពិតជាបានចូលរួមដល់ការរក្សាតុល្យភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការអភិរក្សសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាននៅតាមទីក្រុង និងទីប្រជុំជន សំដៅធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ថា៖ «ការចាប់កម្រើកឡើងវិញនៃចរន្តទេសចរណ៍នេះ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនទីតាំងប្រមាណ ៨៥ ភាគរយ បានបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទ/ផ្អាកអាជីវកម្មក្នុងរយៈពេលកន្លងទៅ»។
កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដោយរំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ និងទេសចរជាតិប្រមាណ ១៥ លាននាក់។
នៅក្នុងទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ ២០២៣ ក៏មានការប្រកាសជយលាភីទីក្រុងស្អាតលើកទី ៣ ផងដែរ ក្នុងនោះខេត្ត ក្រុង ស្រុក ខណ្ឌចំនួន ២០ ទទួលបានជយលាភីនេះ។ ក្នុងនោះក្រុងព្រះសីហនុ,ក្រុងបាត់ដំបង,ក្រុងសៀមរាប,ខណ្ឌដូនពេញ,ក្រុងកែប,ក្រុងកំពត និងកំពង់ចាម ទទួលបានជយលាភី ផ្ការំដួល ៣ ទង ខណៈដែលក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសួង, ក្រុងសិរីសោភ័ណ, ក្រុងស្ទឹងសែន, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ខណ្ឌទួលគោក, ខណ្ឌ ៧ មករា ទទួលបានជយលាភីផ្ការំដួល ២ ទង៕


