នៅក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ លោក កន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា កិច្ចខិតខំធ្វើកំណែទម្រង់វិស័យពន្ធដារ រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលពន្ធសម្រេចបានលទ្ធផលល្អ ដោយសម្រេចបានលើសផែនការឆ្នាំជាប់ជាប្រចាំនិងមានឆ្នាំ ភាគច្រើនលើសជាងពីរខ្ទង់ (Two digit)។
លោកបានបន្ថែមថា នៅឆ្នាំ ២០២២ សម្រេចបានលើសផែនការចំនួន ២២,៥៤ភាគរយ និង១ខែ ដើមឆ្នាំ២០២៣ សម្រេចបានជាង ៣០០ លានដុល្លារស្មើនឹងប្រមាណ ៨,៤ភាគរយ នៃផែនការ គឺលើសផែនការមធ្យមភាគក្នុង ១ខែ បើទោះបីកម្ពុជាទទួលរងនូវវិបត្តិនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន សង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិជំងឺកូវីដ១៩ នៅបន្តមាននៅឡើយ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ក្នុងគោលដៅ លើកកម្ពស់ការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធ តាមរយៈការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបានដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាទំនើប មួយចំនួន ដូចជា E-VAT, E-Filing, E-Payment, GDT-Live chat, E-Registration, E-Tax Service ជាដើម និង កម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Application) ជាច្រើនទៀត សំដៅគ្រប់គ្រងទិន្នន័យ ពន្ធដារឱ្យបានគត់មត់ និងផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ ឆាប់រហ័សមានតម្លាភាព គណនេយ្យភាព និងភាពងាយស្រួលក្នុងការបង់ពន្ធ»។
អគ្គនាយករងរូបនេះបានបន្តថា សិក្ខាសាលានាពេលនេះ រៀបចំឡើង ដើម្បីអនុវត្តតាមមាត្រា ៩១ នៃច្បាប់ស្តីពីសារពើពន្ធ ដែលបានចែងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។
មាត្រា ៩១ នេះចែងថា “អ្នកជាប់ពន្ធមានសិទ្ធិ ទទួលព័ត៌មានជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ ហើយនិងនីតិវិធីនៃការកំណត់ពន្ធដូចមានចែងក្នុងមាត្រា ៩៦ នៃច្បាប់ស្តីពីសារពើពន្ធ” ដែលចែងអំពីការផ្សព្វផ្សាយនិងការពន្យល់ណែនាំច្បាប់ពន្ធដារ។
លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបង្កើតក្រុមការងារចម្រុះ ៤ឆ្នាំកន្លងមកនេះ ក្រុមការងារចម្រុះ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នាយ៉ាងសកម្ម។
លោកស្រីបានបន្ថែមថា ភាពជាអ្នកដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ បានធានាឱ្យបាននូវចីរភាពកំណើនចំណូលរយៈពេលវែង ដោយបង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារប្រព័ន្ធការងារ ដើម្បីពង្រឹងដំណើរការដល់អ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានានូវតម្លាភាព ស័ក្តិសិទ្ធិភាព ភាពងាយស្រួល ព្រមទាំងឆាប់រហ័សទាន់ពេលវេលា។
លោកស្រីនាយិកាប្រតិបត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់តាំងពីការបង្កើតក្រុមការងារចម្រុះ ៤ឆ្នាំកន្លងមកនេះ ក្រុមការងារចម្រុះ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នាយ៉ាងសកម្ម។ យើងក៏បានទទួលស្គាល់នូវភាពជាអ្នកដឹកនាំរបស់អគ្គនាយកដ្ឋាន ពន្ធដារ ក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ សំដៅធានាឱ្យបាននូវចីរភាពកំណើនចំណូលរយៈពេលវែង ដោយបង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារប្រព័ន្ធការងារ ដើម្បីពង្រឹងដំណើរការដល់អ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានានូវតម្លាភាព ស័ក្តិសិទ្ធិភាព ភាពងាយស្រួល ព្រមទាំងឆាប់រហ័សទាន់ពេលវេលា»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសំណូមពរ ឱ្យមានការបណ្តុះបណ្តាល ជាពិសេស សម្រាប់អង្គការតូចៗនៅតាមខេត្តនីមួយៗ និងស្នើឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះ រវាងសមាគម អង្គការសង្គមស៊ីវិល និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហា បច្ចេកទេស និងស្វែងរកយុទ្ធសាស្ត្រមួយចំនួនទៀតផងដែរ៕


