ធនាគារពិភពលោក បានកាត់បន្ថយអត្រានៃការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ របស់ខ្លួនកាលពីថ្ងៃអង្គារ ទី ១០ ខែមករា ហើយប្រមានពីវិបត្តិសេដ្ឋកិច្ច ក្រោមឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលការបន្តអូសបន្លាយ នៃសង្គ្រាមនៅអ៊ុយក្រែន និង ការថយចុះរបស់ប្រទេសមានសេដ្ឋកិច្ចធំៗជាដើម។
ធនាគាររំពឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងមានត្រឹម ១,៧ ភាគរយនៅឆ្នាំ ២០២៣ ដែលវាគឺជាអត្រាទាបបំផុតតាំងពីឆ្នាំ ១៩៩៣ នេះបើគេមិនរាប់បញ្ជូលវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៩ និង ២០២០។ ក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល ដែលចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០២២ ធនាគារបានរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ នឹងមានចំនួន ៣,០ ភាគរយ។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នឹងកើនឡើងទៅ ២,៧ ភាគរយវិញ ប៉ុន្តែអត្រានេះនៅតែទាបជាងការព្យាករ ២,៩ ភាគរយ កាលពីលើកមុន។
ធនាគារបន្តទៀតថា កំណើនសេដ្ឋកិច្ចជាមធ្យមចន្លោះពីឆ្នាំ ២០២០-២០២៤ នឹងស្ថិតនៅក្រោម ២ ភាគរយ ដែលវាជាកំណើនទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦០។
ធនាគារពិភពលោកបានលើកឡើងថា ការធ្លាក់ចុះសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងនៅសហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូអាចបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកថ្មីមួយ ក្នុងរយៈពេលមិនដល់ ៣ ឆ្នាំផង រាប់តាំងពីសេដ្ឋកិច្ចពិភពលោកជាប់គាំងដោយសារវិបត្តិកូវីដ ១៩ ក្នុងឆ្នាំ ២០២០។
ធនាគារ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍អមជាមួយនឹងរបាយការណ៍ចុងក្រោយថា៖ «ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចផុយស្រួយស្ថាន ភាពអវិជ្ជមានថ្មីណាមួយ ដូចជាអតិផរណាខ្ពស់ជាងការរំពឹងទុក ការដំឡើង អត្រាការប្រាក់ភ្លាមៗដើម្បីទប់ទល់នឹងអតិផរណាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ឬការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយអាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច»។
ធនាគារពិភពលោកបានបន្តទៀតថា ទស្សនវិស័យមិនល្អនឹងមានផលបំបាក ជាពិសេសសម្រាប់ប្រទេសដែលមានទីផ្សារកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ខណៈប្រទេសទាំងនោះប្រឈមមុខនឹងបន្ទុកបំណុលដ៏ធ្ងន់ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណនិងកំណើនប្រាក់ចំណូលនិងការធ្លាក់ចុះនៃការវិនិយោគអាជីវកម្មជាដើម។
ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច និងការវិនិយោគអាជីវកម្ម នឹងធ្វើឱ្យមានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យអប់រំ សុខាភិបាល ភាពក្រីក្រ និងហេដ្ឋារចនាសម្ព័ន្ធ និងកំណើន នៃសកម្មភាពអាកាសធាតុ»។
យ៉ាងណាមិញ ធនាគារពិភពលោកបានកត់សម្គាល់ថា សម្ពាធអតិផរណាមួយចំនួន បានចាប់ផ្តើមធ្លាក់ចុះនៅពេលជាមួយនឹងតម្លៃថាមពល និងទំនិញទាបប៉ុន្តែបានព្រមានថា ហានិភ័យនៃការរំខានការផ្គត់ផ្គង់ថ្មីគឺខ្ពស់ ហើយអតិផរណាស្នូល (មិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល) អាចបន្តកើនឡើង។
ធនាគារបន្ថែមថា បញ្ហានេះអាចបណ្តាលឱ្យធនាគារកណ្តាលឆ្លើយតបដោយការបង្កើនអត្រាគោលនយោបាយហិរញ្ញវត្ថុលើសពីការរំពឹងទុកនាពេលបច្ចុប្បន្នដែលធ្វើឱ្យការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅទៀត។
ជាមួយគ្នានេះ ធនាគារបានអំពាវនាវក្នុងរបាយការណ៍ឱ្យមានការបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីជួយប្រទេសដែលមានប្រាក់ចំណូលទាបដែលប្រឈមមុខនឹងវិបត្តិស្បៀងអាហារ និងថាមពលបញ្ហានៃការផ្លាស់លំនៅរបស់ប្រជាជនដោយសារជម្លោះ និងហានិភ័យនៃកំណើនវិបត្តិបំណុល។ របាយការណ៍ថា ការផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយថ្មី គឺត្រូវការជាចាំបាច់ រួមជាមួយនឹងការប្រើប្រាស់ទុនឯកជន និងធនធានក្នុងស្រុក ដើម្បីជួយជំរុញការវិនិយោគលើការសម្របខ្លួននឹងវិបត្តិអាកាសធាតុ ធនធានមនុស្ស និងសុខភាព៕
វីដេអូ៖


