ភ្នំពេញៈ ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឯកភាពគ្នាលើការសម្របសម្រួលកិច្ចសន្យាកសិកម្មរវាងរោងម៉ាស៊ីនចំនួន ៣៣ និងសហគមន៍កសិកម្ម និងសហគមន៍ផលិតពូជលើបរិមាណស្រូវចំណីដំបូងចំនួន ១ សែនតោនសម្រាប់ការកែច្នៃនាំចេញ។ នេះបើតាមការបញ្ជាក់ពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម។ ការឯកភាពនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ៥ ខែមករា។
លោកបានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃទី ៦ ខែមករា ថា៖ «យើងនឹងសហការគ្នាក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា [រដ្ឋមន្ត្រីកសិកម្ម] ក្នុងការអនុវត្តការងារនេះឱ្យបានជោគជ័យដើម្បីរៀបចំប្រព័ន្ធគំរូដោះស្រាយបញ្ហាទីផ្សារជូនកសិករយើង»៕


