ទីក្រុងហូជីមិញៈ សមាគមអ្នកចិញ្ចឹមបសុសត្វប្រទេសវៀតណាមបាននិយាយថា រដ្ឋាភិបាលគួរមានយុទ្ធសាស្ត្រអភិវឌ្ឍគ្រឿងផ្សំចំណីសត្វនៅក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលរបស់ពួកគេ។
សមាគមព្យាករថា តម្រូវការចំពោះវត្ថុធាតុដើមដែលជាគ្រឿងផ្សំសម្រាប់ចំណីសត្វកើនឡើងអស់រយៈពេលជាង ៥ ឆ្នាំទៅហើយ ចន្លោះពី ២៨ ទៅ ៣០ លានតោនក្នុងមួយឆ្នាំ ដែលមានតម្លៃពី ១២ ទៅ ១៣ ពាន់លានដុល្លារអាមេរិក រួមទាំង ១៤,៥ ទៅ ១៥ លានតោនសម្រាប់ចំណីបសុសត្វ។
ផលិតកម្មចំណីសត្វបាននិងកំពុងកើនឡើងចន្លោះ ១៣ ទៅ ១៥ ភាគរយជារៀងរាល់ឆ្នាំ ហើយប្រទេសវៀតណាមបានក្លាយជាប្រទេសផលិតធំបំផុតទី ១០ ក្នុងពិភពលោក និងជាប្រទេសផលិតចំណីសត្វធំបំផុតក្នុងតំបន់អាស៊ាន។ ប៉ុន្តែប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើមសម្រាប់ផលិត។
យោងតាមការព្យាករដោយក្រសួងកសិកម្មអាមេរិក វៀតណាមនឹងបន្តពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមផលិត ដូចជា ម្សៅសណ្តែកសៀង ពោត ធញ្ញជាតិផ្សេងទៀត កន្ទក់ ប្រូតេអ៊ីនសត្វ ដូចជា សាច់ និងអាហារឆ្អឹង និងចំណីត្រី។
លោក Pham Duc Binh អនុប្រធាននៃសមាគមចិញ្ចឹមសត្វពាហនៈវៀតណាម បាននិយាយថា ឧស្សាហកម្មនេះត្រូវបានគ្រប់គ្រងដោយអ្នកនាំចូល និង អាជីវកម្មបរទេស ខណៈពោតដែលប្រើប្រាស់ទាំងអស់ពឹងផ្អែកទាំងស្រុងលើការនាំចូល។
លោកបាននិយាយថា វៀតណាមផលិតតែកន្ទក់ និងដំឡូងមីប៉ុណ្ណោះ ហើយបានបរាជ័យអភិវឌ្ឍផលិតកម្មផ្សេងទៀត ដោយសារតែផលិតភាពទាប និង ច្រវ៉ាក់ផ្គត់ផ្គង់ចំណីសត្វមិនទាន់ទូលំទូលាយ។
ការពឹងផ្អែកលើការនាំចូល និងការកើនឡើងយ៉ាងរហ័សនៃតម្លៃវត្ថុធាតុដើមក្នុងសកលលោក ដោយសារការធ្លាក់ចុះការដាំដុះ ហើយចិនទិញចូលក្នុងបរិមាណច្រើនបំផុតបានបណ្តាលឲ្យតម្លៃទិន្នផលកើនឡើងយ៉ាងខ្លាំង៕ VNS-ANN/RR


