ក្រុងបាងកកៈ ក្រុមប្រឹក្សាដឹកនាំពាណិជ្ជកម្មថៃ-ចក្រភពអង់គ្លេសដែលត្រូវបានបង្កើតឡើងកាលពីពាក់កណ្តាលខែកក្កដាក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួននៅខែតុលាខាងមុខនេះ។
លោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថាកិច្ចប្រជុំនេះនឹងរៀបចំឡើងនៅប្រទេសថៃដើម្បីស្វែងរកមធ្យោបាយប្រកបដោយភាពច្នៃប្រឌិតជំរុញឲ្យក្រុមហ៊ុនថៃ និងចក្រភពអង់គ្លេសបង្កើតភាពជាដៃគូថ្មីក៏ដូចជាជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីផងដែរ។
លោកបាននិយាយថាចក្រភពអង់គ្លេសកំពុងតែស្ថិតក្នុងដំណើរការនៃការចាកចេញពីសហភាពអឺរ៉ុប ដូច្នេះវាគឺជាពេលវេលាល្អដើម្បីរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាដឹកនាំពាណិជ្ជកម្មនេះ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក Mark Garnier រដ្ឋមន្ត្រីទើបតែងតាំងថ្មីរបស់ចក្រភពអង់គ្លេសនៅក្រសួងពាណិជ្ជកម្មអន្តរជាតិបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីថៃរូបនេះកាលពីថ្ងៃសុក្រដើម្បីពិភាក្សាពីកិច្ចប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគីរវាងប្រទេសទាំងពីរ។
លោក Somkid បានមានប្រសាសន៍ថាប្រទេសថៃគឺជាប្រទេសដំបូងដែលលោក Garnier បានមកធ្វើទស្សនកិច្ចក្នុងពេលបំពេញតួនាទីបច្ចុប្បន្នរបស់លោក។
លោកបន្តថាទាំងប្រទេសថៃ និងចក្រភពអង់គ្លេសបានព្រមព្រៀងគ្នារៀបចំកិច្ចពិភាក្សាទ្វេភាគីនៅពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។
លោក Somkid បានមានប្រសាសន៍បន្តថាក្រុមហ៊ុនថៃកំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគ និងបច្ចេកវិទ្យាមកពីចក្រភពអង់គ្លេសខណៈក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសមានបំណងបង្កើតភាពជាដៃគូថ្មីទាំងនៅប្រទេសថៃ និងជាមួយក្រុមហ៊ុនថៃដែលកំពុងប្រតិបត្តិការនៅប្រទេសទីបីដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។
ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសក៏មានចំណាប់អារម្មណ៍ផងដែរក្នុងការវិនិយោគក្នុងវិស័យអាកាសចរណ៍ ជីវសេដ្ឋកិច្ច បច្ចេកវិទ្យាហិរញ្ញវត្ថុ និងអប់រំ។
អង់គ្លេសជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៩ របស់ប្រទេសថៃនៅក្នុងពិភពលោក និងជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់ប្រទេសថៃនៅសហភាពអឺរ៉ុប។
ទំហំពាណិជ្ជកម្មរបស់ថៃ និងចក្រភពអង់គ្លេសត្រូវបានចុះបញ្ជីចំនួន ៦,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុនធ្លាក់ចុះ ៦,១ ភាគរយពីទឹកប្រាក់ ៦,៨ ពាន់លានដុល្លារនៅឆ្នាំ ២០១៤ ៕ BP


