ក្រុងប៉េកាំងៈ ក្រុមអ្នកវិភាគបានឲ្យដឹងថាបំណុលគ្រួសាររបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿន «ប្រកាសអាសន្ន» ដោយសារតែតម្លៃអចលទ្រព្យបានកើនឡើងដោយលើកឡើងពីបង្កើនហានិភ័យដែលការធ្លាក់ចុះអចលនទ្រព្យអាចបណ្ដាលឲ្យរង្គោះរង្គើទូទាំងសេដ្ឋកិច្ចឈានមុខគេទីពីររបស់ពិភពលោក។
ឥណទានធូររលុង និងការផ្លាស់ប្តូរទម្លាប់បានប្រែក្លាយប្រជាជនដែលមិនពេញចិត្តនឹងការខ្ចីប្រាក់ទៅជាអ្នកខ្ចីដែលគួរឲ្យចាប់អារម្មណ៍។
តម្លៃអចលនទ្រព្យដែលកំពុងកើនឡើងខ្លាំងនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិននៅក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះត្រូវបានមើលឃើញពីការកើនឡើងទ្រព្យសម្បត្តិរបស់គ្រួសារ។ ប៉ុន្តែជាមួយគ្នានេះដែរពួកគេបានជំរុញកំណើនជាប្រវត្តិសាស្រ្តក្នុងការផ្ដល់កម្ចីទិញផ្ទះខណៈដែលអ្នកទិញប្រកួតប្រជែងក្នុងការទិញផ្ទះតូចបន្ទាប់មកទិញផ្ទះធំនៅពេលមានប្រាក់ច្រើន ឬវិនិយោគទទួលបានអត្ថប្រយោជន៍ពីបាតុភាពនេះ។
នៅពេលនេះបំណុលគ្រួសារនៅក្នុងប្រទេសចិនបានកើនឡើងពី ២៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបដល់ជាង ៤០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំមកទល់នឹងពេលនេះ។
លោក Chen Long នៅក្រុមហ៊ុន Gavekal Dragonomics បានឲ្យដឹងថា៖ «គំនិតដែលថាប្រជាជនចិនមិនចង់ខ្ចីប្រាក់នោះច្បាស់ណាស់គឺហួសសម័យហើយ»។
ចំណែកនៃកម្ចីគ្រួសារដែលផ្ដល់ជារួមបានកើនឡើង ៦៧,៥ ភាគរយនៅត្រីមាសទី ៣ ឆ្នាំ ២០១៦ ដែលបានកើនឡើងជាងពីរដងនៃចំណែកកាលពីឆ្នាំមុន។
ក្រុមអ្នកវិភាគនៅធនាគារ ANZ បានឲ្យដឹងក្នុងរបាយការណ៍នៅពេលថ្មីថាប៉ុន្តែការកើនឡើងនេះបានបង្កើនការបារម្ភថាការធ្លាក់ចុះខ្លាំងក្នុងតម្លៃអចលនទ្រព្យនឹងបណ្ដាលឲ្យមានកម្ចីថ្មីៗជាច្រើននឹងក្លាយជាកម្ចីខូចដែលនឹងបណ្ដាលឲ្យមានប៉ះពាល់តៗគ្នាលើអត្រាការប្រាក់ អត្រាប្តូរប្រាក់ និងតម្លៃទំនិញប្រើប្រាស់ដែល «អាចក្លាយជាព្រឹត្តិការណ៍ម៉ាក្រូពិភពលោកមួយ»។
ខណៈដែលអត្រាបំណុលគ្រួសាររបស់ប្រទេសចិននៅតែទាបជាងប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក (ជិត ៨០ ភាគរយនៃផលិតផលក្នុងស្រុកសរុប) និងជប៉ុន (ជាង ៦០ ភាគរយ) ប៉ុន្តែវាបានលើសរួចហើយពីចំនួនបំណុលគ្រួសារនៅក្នុងប្រទេសប្រេស៊ីល និងឥណ្ឌាដែលជាទីផ្សារកំពុងអភិវឌ្ឍន៍ហើយប្រសិនបើវាបន្តកើនឡើងនៅក្នុងល្បឿនបច្ចុប្បន្ននឹងកើនឡើងដល់ ៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅក្នុងរយៈពេលពីរបីឆ្នាំទៀត។
គណបក្សកុម្មុយនីស្ដដែលកំពុងកាន់អំណាចបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦,៥ ដល់ ៧ ភាគរយសម្រាប់ឆ្នាំ ២០១៧ ហើយប្រទេសនេះកំពុងស្ថិតលើដំណើរផ្លូវទៅដល់ចំណុចនោះដោយសារតែការរំជើបរំជួលផ្នែកអចលនទ្រព្យនៅតាមទីក្រុងធំៗ និងលំហូរឥណទានងាយស្រួលក្នុងចំនួនដ៏ច្រើន។
ប៉ុន្តែលោក Chen Long បានលើកឡើងបន្តថាការបន្តឲ្យមានលំហូរកម្ចីនៅក្នុងល្បឿនដូចនោះវាបានបង្កើតជា «ហានិភ័យដ៏ធំ» ដែលវាអាចជា «យុទ្ធសាស្ដ្រយកឈ្នះដោយខ្លួនឯង»៕ LA


