ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ផ្ដល់កម្ចីទៅដល់រោងម៉ាស៊ីនកិនស្រូវបានតែ ៥ ភាគរយប៉ុណ្ណោះក្នុងចំណោមកម្ចីសរុប ២៧ លានដុល្លារចាប់តាំងពីខែកញ្ញាមក ដែលនាំឲ្យប្រធានធនាគារនេះ បានឲ្យដឹងថា ការអះអាងពីកង្វះមូលនិធិរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវគឺមិនពិតទេ។
ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះថា វាទាក់ទងទៅនឹងឧស្សាហកម្មទាំងមូល ជាពិសេសបញ្ហាទីផ្សារ ហើយថាកង្វះទុននៅតែជាបញ្ហា។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ដោយផ្អែកលើការដាក់ពាក្យសុំដែលបានដាក់រហូតមកដល់ពេលនេះ បានបង្ហាញថា ឧស្សាហកម្មស្រូវអង្ករទំនងជាមិនប្រឈមនឹងកង្វះទុនដូចការលើកឡើងនោះទេ។
លោកថ្លែងថា៖ «វាមានន័យថា វិស័យស្រូវអង្ករនៅតែមិនប្រឈមនឹងកង្វះបញ្ហាទុននោះទេ។ នៅពេលដំបូងធនាគារ RDB រំពឹងថា តម្រូវការកម្ចីនឹងកើនឡើងសម្រាប់រដូវប្រមូលផលស្រូវក្រអូប ប៉ុន្តែនៅពេលនេះការប្រមូលផលបាន ៤០ ភាគរយហើយ ប៉ុន្តែចំនួនកម្ចីនៅដដែល»។
រដ្ឋាភិបាលកម្ពុជាបានយល់ព្រមកាលពីខែកញ្ញានូវកញ្ចប់កម្ចីសង្គ្រោះបន្ទាន់ ២៧ លានដុល្លារដើម្បីជួយកសិករក្នុងការទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ ដែលនាំឲ្យមានការតវ៉ាជាលើកដំបូងដោយសារតម្លៃធ្លាក់ចុះខ្លាំង។ កម្ចីនេះដាក់សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងកង្វះមូលនិធិយកទៅទិញស្រូវពីកសិករក្នុងតម្លៃទីផ្សារ និងទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវនៅពេលខាងមុខដោយសារតែឈ្មួញកណ្តាល។
ប៉ុន្តែ រហូតមកដល់ពេលនេះមានម្ចាស់រោងម៉ាស៊ីនកិនស្រូវ ៥ ប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំប្រហែល ១,៥ លានដុល្លារ ឬស្មើនឹង ៥ ភាគរយ។ នេះបើយោងតាមលោក កៅ ថាច។ ប៉ុន្តែលោក កៅ ថាច អះអាងថា ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវ ៥ មានពីរបានបោះបង់ចោលការស្នើសុំទៅហើយ។
ប៉ុន្តែអ្នកមកពីឧស្សាហកម្មស្រូវអង្ករបានឲ្យដឹងថា ការដែលមិនមែនអ្នកដាក់សុំកម្ចីអាចមកពីបញ្ហាមួយចំនួនទាក់ទងនឹងលក្ខខណ្ឌ និងឥទ្ធិពលរបស់ឧស្សាហកម្មនេះទាំងមូល។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU co.,Ltd ជឿជាក់ថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវពិតជាខ្វះមូលនិធិប្រាកដមែន។
លោកថ្លែងថា៖ «ប្រសិនបើលក្ខខណ្ឌ [នៃការទទួលកម្ចី] ងាយស្រួល គ្រប់គ្នានឹងត្រូវការវា ហើយការផ្ដល់កម្ចីនឹងកើនឡើង»។
លោកបន្តថា៖ «វាជាប់ទាក់ទងនឹងតម្រូវការចំនួនស្ដុកស្រូវ និងលក្ខខណ្ឌនៃការទូទាត់ ដែលម្ចាស់រោងម៉ាស៊ីនកិនស្រូវភាគច្រើនមិនមានទីកន្លែងគ្រប់គ្រាន់សម្រាប់ការស្ដុក និងឡសម្ងួត ព្រមទាំងទីផ្សារផងដែរ»។
លោកបញ្ជាក់ថា ទីផ្សារកម្ពុជាគឺពឹងលើប្រទេសចិន និងអឺរ៉ុប ដូច្នេះទីផ្សារនេះគឺនៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ។
លោក ថាច ឲ្យដឹងថា លក្ខខណ្ឌនៃការយកកម្ចីគឺសាមញ្ញបើធៀបនឹងនីតិវិធីរបស់ធនាគារ ដែលត្រូវការពេលវេលាយ៉ាងហោចណាស់មួយខែ។
លោកបន្តថា ការយកកម្ចីពីធនាគារ RDB ត្រូវការ ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះផ្អែកតាមបរិមាណស្ដុក។
លោក យ៉ង ភីរម្យ អ្នកប្រឹក្សាយោបល់ពាណិជ្ជកម្មសម្រាប់អង្គការ សេដាក បានឲ្យដឹងថា ឧស្សាហកម្មស្រូវអង្ករកម្ពុជា កំពុងប្រឈមនឹងបញ្ហាច្រើន។
លោកបញ្ជាក់ថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមិនហ៊ានយកកម្ចី ដោយសារតែពួកគេមិនមានទីផ្សារ ហើយតម្លៃផលិតខ្ពស់។ លោកថ្លែងថា៖ «ផ្អែកតាមការអង្កេតរបស់ខ្ញុំ អត្រាការប្រាក់កម្ចីពីធនាគារ RDB នៅតែខ្ពស់បើធៀបនឹងប្រទេសជិតខាងដែលស្ថិតក្រោម ១ ភាគរយ»។
លោកបន្តថា៖ «ម្ចាស់រោងម៉ាស៊ីនកិនស្រូវភាគច្រើនមិនហ៊ានដាក់ពាក្យសុំកម្ចីដោយសារតែពួកគេមិនមានទំនុកចិត្តក្នុងការរកប្រាក់ចំណេញ ដើម្បីសងធនាគារវិញ»៕LA


