ក្រុងឡុងដ៍ៈ លោក Tom Enders ប្រធានក្រុមហ៊ុន Airbus បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការដែលគ្មាន Brexit អាចបណ្ដាលឲ្យក្រុមហ៊ុនផលិតយន្តហោះឈានមុខគេនៅអឺរ៉ុបមួយនេះ «ធ្វើការសម្រេចចិត្តប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុត» សម្រាប់ចក្រភពអង់គ្លេស និងបានហៅដំណោះស្រាយរបស់រដ្ឋាភិបាលនេះថាជា «ការអាម៉ាស់» មួយ។
បច្ចុប្បន្នក្រុមហ៊ុនផលិតយន្តហោះមួយនេះ ផ្ដល់ការងារដល់បុគ្គលិក ១៤ ០០០ នាក់ នៅចក្រភពអង់គ្លេស ដែលរួមទីតាំងនៅទីក្រុង Filton នៅភាគនិរតី និងទីក្រុង Broughton នៅប្រទេស Wales ភាគខាងជើង ដែលរចនា និងផលិតស្លាបយន្តហោះ។ ការងារនៅចក្រភពអង់គ្លេស ១១០ ០០០ ផ្សេងទៀត ត្រូវបានជាប់ទាក់ទងនឹងចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននេះ។
លោក Enders បានព្រមាននៅក្នុងវីដេអូមួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុននេះថា៖ «ប្រសិនបើមិនមាន កិច្ចព្រមព្រៀង Brexit យើងនៅក្នុងក្រុមហ៊ុន Airbus នឹងត្រូវតែធ្វើការសម្រេចចិត្តប្រកបដោយគ្រោះថ្នាក់មួយសម្រាប់ UK»។
ក្រុមហ៊ុន Airbus បានបញ្ជាក់ម្ដងហើយម្ដងទៀតថា Brexit អាចមានន័យថា ជាការដកការវិនិយោគចេញពីចក្រភពអង់គ្លេស បានបង្ហាញការខកចិត្តយ៉ាងខ្លាំងដោយសារយុទ្ធសាស្ដ្រ Brexit មិនរលូនរបស់លោកស្រីនាយករដ្ឋមន្ដ្រី ថេរ៉េសា ម៉េ។
«វាគឺជាការអាម៉ាស់មួយ»
លោក Enders បានបន្ថែមថា៖ «វាគឺជាការអាម៉ាស់មួយ ដែលជាង ២ ឆ្នាំ បន្ទាប់ពីលទ្ធផលនៃការធ្វើប្រជាមតិកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុនជាច្រើននៅតែមិនអាចរៀបចំផែនការត្រឹមត្រូវសម្រាប់អនាគត»។
លោកបន្តថា៖ «យើង រួមជាមួយដៃគូជាច្រើនរបស់យើង បានអំពាវនាវម្ដងហើយម្ដងទៀងឲ្យមានភាពច្បាស់លាស់ក្នុងករណីនេះ។ លោកបញ្ជាក់ថា៖ «ប៉ុន្តែយើងនៅតែមិនដឹងថា តើអ្វីពិតប្រាកដនឹងកើតឡើងនៅទីនេះទេ»។
តំណាងរាស្ដ្រចក្រភពអង់គ្លេសពីសប្ដាហ៍មុនបានបដិសេធយ៉ាងដាច់អហង្ការនូវលក្ខខណ្ឌចាកចេញ ដែលលោកស្រី ម៉េ បានយល់ព្រមជាមួយទីក្រុងប៊្រុចសែល ដែលបង្កើនការបារម្ភថ្មីៗ ថា ចក្រភពអង់គ្លេស អាចខាតបង់ដោយសារតែមិនមានកិច្ចព្រមព្រៀងនៅថ្ងៃទី ២៩ ខែមីនា។
ក្រុមបញ្ចុះបញ្ចូលក្រុមហ៊ុន CBI ដ៏មានឥទ្ធិពលរបស់ប្រទេសនេះបានបង្ហាញការខកចិត្តថា លោកស្រី ម៉េ មិនបានផ្ដល់វិធីច្បាស់លាស់ណាមួយឆ្ពោះទៅមុខនោះទេ។
លោក Enders បានបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ទីផ្សារអាកាសចរណ៍ពិភពលោកកំពុងរីកចម្រើនក្នុងអត្រា ៥ ភាគរយជារៀងរាល់ឆ្នាំ។ ប៉ុន្តែយើងមិនពឹងផ្អែកលើ UK សម្រាប់អនាគតរបស់យើងបានទេ»។
លោកបន្តថា៖ «ក្រុមហ៊ុន Airbus នឹងបន្តរស់ និងរីកចម្រើនទោះជាលទ្ធផលយ៉ាងក៏ដោយ។ លោកបានថ្លែងថា៖ «បញ្ហាគឺថា តើ UK ចង់ធ្វើជាផ្នែកមួយនៃភាពជោគជ័យនៅពេលអនាគតដែរឬទេ?
លោកបន្តថា៖ «បើអ្នកពិតជាជឿជាក់ថា Brexit ល្អបំផុតសម្រាប់ ចក្រភពអង់គ្លេសនោះត្រូវរួមគ្នា និងផ្ដល់កិច្ចព្រមព្រៀងចាកចេញពិតប្រាកដមួយ ដែលអាចឲ្យការធ្វើ Brexit ប្រកបដោយសណ្ដាប់ធ្នាប់»៕ AFP/LA


