ក្រុងតៃប៉ិៈ ក្រុមហ៊ុន Uber កាលពីថ្ងៃព្រហស្បតិ៍បានព្រមានតៃវ៉ាន់ថាកំពុងធ្វើឲ្យក្រុមវិនិយោគិនបរទេសបារម្ភដោយសារកម្មវិធីហៅរថយន្តជិះប្រឈមនឹងការបង្កើនការផាកពិន័យដ៏ច្រើនសម្រាប់ប្រតិបត្តិការខុសច្បាប់។
ក្រុមហ៊ុនរបស់អាមេរិកមួយនេះបាននិងកំពុងប្រឈមនឹងការផាកពិន័យយ៉ាងច្រើនចាប់តាំងពីក្រុមហ៊ុននេះបានចូលក្នុងទីផ្សារកោះតៃវ៉ាន់កាលពីឆ្នាំ ២០១៣ ពីបទដំណើរការអាជីវកម្មដោយគ្មានការចុះបញ្ជីត្រឹមត្រូវដើម្បីប្រតិបត្តិការជាសេវាតាក់ស៊ី។
កន្លងមកអ្នកបើកបររថយន្តតាក់ស៊ីរបស់ក្រុមហ៊ុន Uber បានប្រឈមនឹងការផាកពិន័យប្រហែល ៥០ ០០០ ដុល្លារតៃវ៉ាន់ (១ ៥៧០ ដុល្លារ) ប៉ុន្តែ គណៈរដ្ឋមន្ដ្រីនៅខែនេះបានស្នើការផាកពិន័យអតិបរមាចំនួន ២៥ លានដុល្លារតៃវ៉ាន់ (៧៨៥ ០០០ ដុល្លារ) ដែលខ្ពស់បំផុតនៅក្នុងពិភពលោក។ នេះបើតាមលោក Likai Gu អ្នកគ្រប់គ្រងទូទៅជនជាតិតៃវ៉ាន់របស់ក្រុមហ៊ុននេះ។
អាជ្ញាធរបានស្នើឲ្យក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ដកកម្មវិធីរបស់ក្រុមហ៊ុន Uber ចេញពីកម្មវិធីរបស់ពួកគេប៉ុន្តែរដ្ឋាភិបាលមិនទាន់បានដាក់ការហាមទាំងស្រុងលើក្រុមហ៊ុននេះទេ។
លោក Mike Brown អ្នកគ្រប់គ្រងទូទៅនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Uber បានសរសេរនៅក្នុងលិខិតចំហមួយផ្ញើទៅលោកប្រធានាធិបតី Tsai Ingwen ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វិធានការនេះ «ផ្ញើសារយ៉ាងច្បាស់ទៅដល់ការចាប់ផ្ដើមអាជីវកម្មថ្មីពេលអនាគតដែលគេនឹងគេចចេញពីតៃវ៉ាន់ដែលកំពុងរារាំងទាំងសហគ្រិនក្នុងស្រុក និងការវិនិយោគបរទេស»។
លោក Brown បានឲ្យដឹងថាបទប្បញ្ញត្តិដែលមានស្រាប់គឺ «មិនត្រឹមត្រូវសម្រាប់គំរូបច្ចេកវិទ្យា និងអាជីវកម្មថ្មីទេ»។
ចាប់តាំងពីការឡើងកាន់អំណាចកាលពីខែឧសភាលោក Tsai បានបញ្ជាក់ពីផែនការក្នុងការចាប់ផ្ដើមសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ដែលរួមទាំងការធ្វើឲ្យកោះនេះក្លាយជា «ទីក្រុងអាស៊ី» តាមរយៈការជំរុញ និងការបង្កើនការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា។
លោក Gu នៅក្រុមហ៊ុន Uber បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងបទសម្ភាសតាមទូរស័ព្ទដោយយោងដល់កិច្ចប្រជុំរបស់ក្រុមហ៊ុនជាមួយមន្ដ្រីជាច្រើនមុនពេលសំណើបង្កើនការផាកពិន័យដ៏គួរឲ្យភ្ញាក់ផ្អើលនេះថា៖ «យើងមានអារម្មណ៍ដូចជាយើងកំពុងធ្វើឲ្យមានការរីកចម្រើន»។
លោកបដិសេធអត្ថាធិប្បាយទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលរាយការណ៍ថាការិយាល័យពន្ធជាតិរបស់ទីក្រុងតៃប៉ិចេញបញ្ជាឲ្យក្រុមហ៊ុននេះបង់ពន្ធត្រឡប់ និងការផាកពិន័យ ១៣៥ លានដុល្លារតៃវ៉ាន់ (៤,២ លានដុល្លារ)។
ទោះបីមានឧបសគ្គជាច្រើនក៏ដោយក៏ក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋសានហ្វ្រានស៊ីស្កូសហរដ្ឋអាមេរិកបានដំណើរការក្រុមហ៊ុន UberEats ជាសេវាដឹកជញ្ជូនអាហាររបស់ខ្លួននៅកោះតៃវ៉ាន់កាលពីថ្ងៃអង្គារផងដែរ។
ការបង្កើតអាជីវកម្មថ្មីរបស់អាមេរិកនេះបានពង្រីកទៅប្រទេសជាង ៥០ ហើយមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារប៉ុន្តែក្រុមហ៊ុនបានប្រឈមនឹងបញ្ហាផ្លូវច្បាប់ និងការប្រឆាំងតវ៉ាជាច្រើនពីអ្នកបើកបររថយន្តតាក់ស៊ីធម្មតាដែលមានអារម្មណ៍ថាពួកគេកំពុងត្រូវបានបង្ខំឲ្យចេញពីទីផ្សារនេះ៕ LA


