ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាគ្រោងបញ្ចូលមេរៀនផ្នែកសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ចាប់ពីកម្រិតអនុវិទ្យាល័យក្នុងគោលដៅបញ្ជ្រាបការយល់ដឹងរបស់យុវសិស្សកម្ពុជាស្តីពីជំនាញគន្លឹះសម្រាប់អនុវត្តលើកិច្ចការអាជីវកម្ម និងការងារ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋAKP។
តាមប្រសាសន៍លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានស្រង់ដោយ AKP នៅក្នុងសិក្ខាសាលាស្តីពីយុវជន និងសហគ្រិនភាពកាលពីពេលថ្មីៗនេះ មេរៀនថ្មីនេះគ្រោងនឹងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីឆ្នាំក្រោយទៅ។ ប៉ុន្តែលោកមិនទាន់អាចផ្តល់ការបញ្ជាក់លម្អិតពីគម្រោងនេះនៅឡើយទេ។
ភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ និងលោករដ្ឋមន្ត្រីដើម្បីបញ្ជាក់ព័ត៌មានលម្អិតពីគម្រោងនេះ ប៉ុន្តែមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ទោះបីយ៉ាងនេះក្តី ភាគីពាក់ព័ន្ធ រួមមានអ្នកឯកទេសបណ្តុះបណ្តាលធនធានមនុស្ស និង អ្នកតំណាងវិស័យឯកជនស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយរំពឹងថាវានឹងផ្តល់ឥទ្ធិពលវិជ្ជមានដល់ស្ថានភាពពាណិជ្ជកម្មកម្ពុជា។
លោក ឃីម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដែលមានឯកទេសខាងអភិវឌ្ឍន៍ធនធានមនុស្សបានឲ្យដឹងថា ភាពជាសហគ្រិនមិនមែនសំដៅតែលើភាពជាម្ចាស់អាជីវកម្មទេ ប៉ុន្តែគឺជាភាពជាម្ចាស់លើជោគជ័យរបស់ខ្លួនរបស់បុគ្គលម្នាក់ៗ ដូច្នេះការសិក្សានេះនឹងអនុញ្ញាតឲ្យយុវសិស្សស្វែងយល់ពីអត្ថន័យ និងអត្ថប្រយោជន៍នៃភាពជាសហគ្រិន ការរៀបចំឥរិយាបថ និងលក្ខណសម្បត្តិឆ្លើយតបនឹងការចង់បាន និងការបណ្តុះឆន្ទៈពួកគេឲ្យបង្កើនការទទួលខុសត្រូវសង្គមជាដើម។
លោកថ្លែងថា៖ «នៅពេលយុវជនយល់ដឹងពីសហគ្រិនភាព គាត់យល់ច្បាស់អ្វីខាត អ្វីចំណេញ ហើយអ្នកដែលមានភាពជាសហគ្រិន បើទោះបីជាគាត់បម្រើការឲ្យគេ តែគាត់ធ្វើវាដោយមានការទទួលខុសត្រូវខ្ពស់ មានផលិតភាព មានប្រសិទ្ធភាពការងារ»។ លោកបន្តថា៖ «ការយល់ច្បាស់នឹងពន្លឿនភាពជោគជ័យបុគ្គលម្នាក់ៗ ភាពជោគជ័យ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រចំពោះគម្រោងនេះ ដោយរំពឹងថានឹងមានកំណើនធនធានមនុស្សជំនាញដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និង សេដ្ឋកិច្ច។
លោកបន្តថា៖ «អ្នកខ្លះគាត់គិតថារៀនគឺដើម្បីធ្វើតែមន្ត្រីដើម្បីជួយប្រទេស ប៉ុន្តែតាមពិតវិស័យឯកជនក៏បានជួយសង្គមដែរ»។ លោកបន្តថា៖ «ពេលកម្ពុជាមានធនធានដែលមានភាពជាសហគ្រិនកាន់តែច្រើន វានឹងជួយបង្កើនមុខរបរ បង្កើតការងារ បង្កើនការបង់ពន្ធ បង្កើនថវិកាជាតិ»៕

